លក្ខណៈ​៨​យ៉ាង​របស់​បុគ្គល​ប្រកបដោយ​គុណធម៌​

20/10/2020 12:00 pm ភ្នំពេញ

បុគ្គល​ក្លាយ​ជាជាង​សាងសង់​ដោយ​ការសាងសង់ ក្លាយជា​អ្នកលេង​ភ្លេង​ដោយ​ការលេង​ភ្លេង ក្លាយជា​មនុស្ស​មាន​យុត្តិធម៌​ដោយសារ​ការប្រកាន់យក​នូវ​ទង្វើ​យុត្តិធម៌ ក្លាយជា​អ្នកក្លាហាន​ដោយសារ​ភាពក្លាហាន យ៉ាងណាមិញ បុគ្គល​ប្រកបដោយ​គុណធម៌ ចាំបាច់​ត្រូវការ​នូវ​ការប្រកាន់យក​នូវ​ទង្វើ​ប្រកបដោយគុណធម៌។ តើ​គុណធម៌​គឺជា​អ្វី​? គុណធម៌​មិនមែនជា​អារម្មណ៍ ហើយក៏​មិនមែនជា​សមត្ថភាព។ ដូច្នេះ​តើ​គុណធម៌​គឺជា​អ្វី​? យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត គុណធម៌ គឺជា​ធម៌​ដែលមាន​ដំណើរ​ចម្រើន​សេចក្តី​សុខទុក្ខ​តាម​ជាន់​តាម​ថ្នាក់ បាន​ខាង​អំពើ​ល្អ​អាក្រក់ គឺ​បុណ្យ​បាប​ដែល​បុគ្គល​ធ្វើ។  ចុះបើ​យោងតាម​ន័យ​ក្នុង​ទស្សនវិជ្ជា​វិញ   តើ​គុណធម៌​មាន​អត្ថន័យ​យ៉ាងដូចម្តេច​? អា​រី​ស្តូ​ត​បាន​ឲ្យ​និយមន័យ​គុណធម៌​ថា គឺជា​ភាព​សមល្មម​នៃ​ទង្វើ​ល្អ  ដែល​មិន​លើស​ហើយក៏​មិន​ខ្វះ ឬ​អាច​និយាយបានថា គុណធម៌ គឺជា​ការធ្វើ​ល្អជា​ទម្លាប់។ រីឯ​នៅក្នុង​ព្រះពុទ្ធសាសនា​បុគ្គល​ដែល​ប្រកបដោយ​គុណធម៌​គឺជា​បុគ្គល​ដែលមាន​សីល​នៅក្នុង​ខ្លួន​ដោយ​រាប់​ចាប់ពី​សីលប្រាំ​ឡើងទៅ។ អត្ថន័យ​នៃ​គុណធម៌ គឺ​ពិតជា​លំបាក​ក្នុង​ការកំណត់ ប៉ុន្តែ​វិធី​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​យល់​ពី​គុណធម៌ គឺ​មើល​លក្ខណៈ​និង​ទង្វើ​របស់​បុគ្គល​ប្រកបដោយ​គុណធម៌។ តើ​លក្ខណៈ​របស់​បុគ្គល​ប្រកបដោយ​គុណធម៌​មាន​អ្វីខ្លះ​? លក្ខណៈ​របស់​បុគ្គល​ប្រកប ដោយ​គុណធម៌​មាន​៨​យ៉ាងដូច​ខាងក្រោម​៖


 
១/- ដឹងថា​អ្វីមួយ​ខុស ដឹងថា​អ្វីមួយ​ត្រូវ  
​​យោងតាម​ទស្សនវិទូ​អា​រី​ស្តូ​ត មនុស្ស​ដែលមាន​គុណធម៌ គឺជា​មនុស្ស​ដែល​ដឹងថា​អ្វីដែល​ត្រឹមត្រូវ ធ្វើ​អ្វីដែល​ត្រឹមត្រូវ និង​ធ្វើ​អ្វី​ត្រឹមត្រូវ​ទៅតាម​ហេតុផល។ អ្វីមួយ​ខុស​អ្វីមួយ​ត្រូវ អាស្រ័យ​លើ​ចំណេះដឹង និង​ការវិនិច្ឆ័យ ដូច្នេះ​ដើម្បី​អាច​ដឹង​អ្វីមួយ​ខុស​អ្វីមួយ​ត្រូវ បុគ្គល​ប្រកបដោយ​គុណធម៌ ចាំបាច់​ត្រូវមាន ចំណេះដឹង​ពី​ជីវិត ​ឬ​ចំណេះដឹង​ផ្នែក​ទស្សនវិជ្ជា និង​មានចំណេះដឹង​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ការរស់នៅ​របស់ខ្លួន ។ 



២/ ប្រើប្រាស់​ហេតុផល​បាន​ត្រឹមត្រូវ​
​​ហេតុផល គឺជា​បេះដូង​នៃ​គុណធម៌។ មនុស្ស​ដែលមាន​គុណធម៌​តែង​ប្រើប្រាស់​ហេតុផល​ជា​ចម្បង ក្នុង​ការគិត និង​ក្នុងការ​ប្រព្រឹត្ត​។ សត្រូវ​របស់​ហេតុផល គឺ​ការប្រើប្រាស់​អារម្មណ៍ និង​ការ​បណ្តែតបណ្តោយ ចិត្ត​ទៅតាម​អារម្មណ៍​ដោយ​ពុំមាន​ការគ្រប់គ្រង។ មនុស្ស​មានគុណ​ធម៌ គឺជា​មនុស្ស​ដែល​ពូកែ​ស្វែងរក​ហេតុផល សមល្មម​ដោយ​មិន​លើស​និង​មិន​ខ្វះ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​រស់នៅ និង​ដើម្បី​យកទៅ ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កាលៈទេសៈ តាម​កម្រិត និង តាម​មធ្យោបាយ​ដ៏​ត្រឹមត្រូវ។​

៣/ ការប្រព្រឹត្ត​នូវ​ទង្វើ​ល្អជា​ទម្លាប់
​​ការធ្វើ​ល្អជា​ទម្លាប់ គឺជា​ការប្រព្រឹត្ត​នូវ​ទង្វើ​ល្អជា​រឿយៗ ជា​ដដែល​ដោយ​ការតាំង​ចិត្ត​ដោយ​ខ្លួនឯង​ដោយ ពុំមាន​អ្នកណា​មក​បង្គាប់បញ្ជា ឬ​មាន​កត្តា​ខាងក្រៅ​មក​តម្រូវ​ឲ្យ​ធ្វើ។ មនុស្ស​មានគុណ​ធម៌ មាន​ភាពស្មោះត្រង់​ជាមួយនឹង​ខ្លួនឯង ស្មោះត្រង់​ជាមួយ​អ្នកដទៃ ទាំង​ចំពោះមុខ​អ្នកដទៃ និង​ទាំង​ក្រោយខ្នង​អ្នកដទៃ ហើយ​ប្រកាន់យក​នូវ​ភាពស្មោះត្រង់​បែបនេះ​ឲ្យ​បានជា​ទម្លាប់។ អំពើ​ល្អ​មិនមែន​មានតែ​ភាពស្មោះត្រង់​មួយ នោះទេ នៅមាន​ជាច្រើន​ទៀត​ដូចជា កតញ្ញូ ការបរិច្ចាគ​ទាន ព្រហ្មវិហា​ធម៌​ជាដើម។ បុគ្គល​មានគុណ​ធម៌ តែងតែ​ប្រកាន់យក​នូវ​គុណធម៌​ទាំងនេះ​ជា​ទម្លាប់។​
 
៤/ គាំទ្រ​អំពើ​ល្អ ហើយ​ហ៊ាន​ប្រឆាំង​ជាមួយនឹង​អំពើអាក្រក់ 
​បុគ្គល​មានគុណ​ធម៌ តែងតែ​ដឹងថា​អំពើ​ល្អជា​អ្វី​មាន​អារម្មណ៍ល្អ​ចំពោះ​អំពើ​ល្អ ស្រឡាញ់​អំពើ​ល្អ ការពារ អំពើ​ល្អ និង​ប្រតិបត្តិ​នូវ​ទង្វើ​ល្អជា​ប្រចាំ។ បុគ្គល​មានគុណ​ធម៌​តែងតែ​យក​នូវ​គុណធម៌​ជា គោលដៅ ចុងក្រោយ​នៃ​ជីវិត និង​ឲ្យ​តម្លៃ​គុណធម៌​ជា​ស្នូល​នៃ​សុភមង្គល។ លើសពីនេះទៅទៀត បុគ្គល​ប្រកបដោយ​គុណធម៌​មិន​យក​នូវ​គុណធម៌​ជា​ស្ពាន មិន​លះបង់​នូវ​គុណធម៌​របស់ខ្លួន ដើម្បី​បាន​នូវ​ទ្រព្យសម្បត្តិ កិត្តិយស កេរ្តិ៍ឈ្មោះ និង​អំណាច​ជាដើម។ ផ្ទុយ​មកវិញ បុគ្គល​មានគុណ​ធម៌​នឹង​លះបង់​នូវ​ទ្រព្យសម្បត្តិ ក្រៅ​ខ្លួន ដើម្បី​រក្សា​នូវ​ទ្រព្យសម្បត្តិ​ក្នុង​ខ្លួន។​



៥/ មាន​គោលដៅ​ជីវិត​ច្បាស់លាស់​
មនុស្ស​ដែលមាន​គុណធម៌ គឺជា​មនុស្ស​ដែល​ស្គាល់​ពី​តម្លៃ​ខ្លួនឯង និង​ជាម​នុស្ស​ដែលមាន​គោលដៅច្បាស់លាស់​ក្នុង​ជីវិត។ ទស្សនវិទូ​សូ​ក្រា​ត ពោលថា​បុគ្គល​ដែលមាន​គុណធម៌ គឺជា​បុគ្គល​ដែលមាន​ទិសដៅជីវិត​ច្បាស់លាស់ ត្រង់​ពាក្យ​ថា​មាន​ទិសដៅ​ច្បាស់លាស់​នេះ ចង់​មានន័យថា បុគ្គល​មានគុណ​ធម៌​ដឹងច្បាស់​ថា គោលដៅ​ចុងក្រោយ​នៃ​ជីវិត​ជា​អ្វី ហេតុអ្វី​បានជា​ជ្រើស​រើសយក​វា​ជា​គោលដៅ​ចុងក្រោយ​នៃជីវិត។ ជាក់ស្តែង​គោលដៅ​ចុងក្រោយ​បំផុត​នៃ​ជីវិត គឺ​ដើម្បី​សុភមង្គល។ នេះ​គឺជា​ទស្សនវិជ្ជា​របស់​ទ​ស្សន​វិទូ​អា​រី​ស្តូ​ត។​

៦/ រស់នៅ​ជាមួយនឹង​គុណធម៌​អស់​មួយជីវិត​
​យោងតាម​ទស្សនៈ​របស់​អា​រី​ស្តូ​ត មធ្យោបាយ​ដើម្បី​ឆ្ពោះទៅកាន់​សុភមង្គល​ក្នង​ជីវិត គឺជា​ការរស់នៅដោយមាន​គុណធម៌​ពេញ​មួយជីវិត។ បុគ្គល​រស់នៅ​ដោយមាន​គុណធម៌ គឺជា​មនុស្ស​ដែល​រស់នៅ​ដោយប្រើប្រាស់​ហេតុផល​ត្រឹមត្រូវ។ បុគ្គល​ប្រកបដោយ​គុណធម៌​នឹង​ឲ្យ​តម្លៃ​គុណធម៌ រក្សា​គុណធម៌ ទោះបីជាត្រូវ​លះបង់​តម្លៃ​ណាក៏ដោយ ប៉ុន្តែ​មិនមែន​មានន័យថា បុគ្គល​ប្រកបដោយ​គុណធម៌​ជាម​នុស្ស​ល្អ​ឥតខ្ចោះ ហើយ​មិនដែល​ធ្វើ​ខុស​នោះទេ​។ ជាក់ស្តែង សូ​ក្រា​ត​ពោលថា បុគ្គល​ប្រកបដោយ​គុណធម៌​ប្រៀបបាន​ទៅនឹង​ជាងឈើ ទោះបី​ជាមាន​ជំនាញ​យ៉ាងណា​ក៏​រមែង​ធ្វើ​ខុស ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការមិន​លះបង់​នូវ​អាជីពជាជាង​ឈើ។​



៧/ មាន​ភាព​រីករាយ​ច្រើន​ក្នុង​ជីវិត​
ជាធម្មតា បុគ្គល​ប្រកបដោយ​គុណធម៌​តែងតែមាន​ភាព​រីករាយ​ច្រើន​នៅក្នុង​ជីវិត។ ជីវិត​ដ៏​រីករាយ គឺជា ជីវិត​ដែលមាន​គុណធម៌ និង​គតិបណ្ឌិត​។ បុគ្គល​មានគុណ​ធម៌​មិន​រំពឹង​ច្រើន មិន​ខកចិត្ត​ច្រើន​ចំពោះ អ្វីដែល​បានកើត​ឡើង ពោលគឺ​ចេះ​ត្រេកអរ​ចំពោះ​អ្វីដែល​ខ្លួន​មាន ដោយ​មិន​ប្រៀប​ខ្លួន​ជាមួយនឹង​អ្នកដទៃ ត្រេកអរ​តាម​មានតាម​បាន ហេតុនេះ​បុគ្គល​មានគុណ​ធម៌ តែងតែ​រីករាយ​ច្រើន​ព្រោះ​មាននូវ​អាវ​ក្រោះ ពោលគឺគុណធម៌​សម្រាប់​ការពារ​ខ្មាំងសត្រូវ គឺ​ឧ​ប​សគ្គ​ទាំងឡាយ ។ 

៨/ មាន​សន្តិភាព​ផ្លូវចិត្ត
​បុគ្គល​ប្រកបដោយ​គុណធម៌​ជា​បុគ្គល​ដែលមាន​សេចក្តីសុខ​ផ្លូវចិត្ត មាន​ភាពនឹងនរ​ក្នុង​គំនិត មាន​ភាពនឹងនរ​ក្នុង​ទង្វើ និង​មាន​ជំនាញ​ក្នុង​ការធ្វើ​ចិត្ត​ឲ្យ​ស្ងប់។ ស្ទើរ​គ្រប់​ទស្សនវិទូ​ទាំងអស់​ឲ្យ​តម្លៃ​លើ សន្តិភាពផ្លូវចិត្ត។ គុណធម៌​ធ្វើ​ឲ្យ​មាន​សន្តិភាព​ផ្លូវចិត្ត ដោយសារ​គុណធម៌​ធានា​នូវ​ស្ថេរភាព​ក្នុង​ខ្លួន​ដោយ​មិន​ពឹង ផ្អែក​ខ្លាំង​លើ​កត្តា​ខាងក្រៅ ។ ទស្សនវិទូ ហេ​រ៉ា​លី​ទូ​ស​ជឿថា សេចក្តី​ស្ងប់ គឺជា​គុណធម៌​ដ៏​ល្អ​បំផុត។ ចំណែក​ទស្សនវិទូ  ស៊ី​ហ្សឺ​រ៉ូ  យល់ថា ជីវិត​ដ៏​រីករាយ​ចាំបាច់​ត្រូវការ​សន្តិភាព​ផ្លូវចិត្ត។ ព្រះសម្មាសម្ពុទ្ធ ជា​កំពូល​ទស្សនវិទូ  និង​ជា​សាស្ត្រាចារ្យ​នៃ​មនុស្ស និង​ទេវតា​ក្នុង​លោក សម្តែង​ថា គ្មាន​សេចក្តីសុខណា​ស្មើនឹង​សេចក្តី​ស្ងប់ ។ 

​សរុបមក បុគ្គល​ប្រកបដោយ​គុណធម៌ គឺជា​បុគ្គល​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​អំពី​ជីវិត មាននូវគុណធម៌​ក្នុង​ខ្លួន ត្រេកអរ​នឹង​គុណធម៌ ប្រព្រឹត្ត​នូវ​ទង្វើ​ប្រកបដោយ​គុណធម៌​ឲ្យ​បានជា​ប្រចាំ និង​ជា​បុគ្គល​ដែល​អាច​ប្រើប្រាស់​នូវ​គតិបណ្ឌិត ដើម្បី​ឆ្លើយតប​នឹង​អារម្មណ៍​និង​ទង្វើ​ឲ្យ​បាន​ត្រឹមត្រូវ តាម​កាលៈទេសៈ និង​តាម​វិធី​ដ៏​ល្អ​ប្រកបដោយ​គុណធម៌​។ 

អត្ថបទ​ដោយ ឈុន សំណាង​
​អ្នក​រៀបរៀង​សៀវភៅ ប្រជុំ​ទ្រឹស្តី​ទស្សនវិទូ​ល្បីៗ​

ព័ត៌មានទាក់ទង