ជំនន់​ទឹកភ្លៀង បាន​ជន់​លិច​ដំណាំ​កសិកម្ម​ជាង ៣​ម៉ឺន​ហិកតា ក្នុង​ខេត្តពោធិ៍សាត់​

17/10/2020 9:00 am ភ្នំពេញ

​ជំនន់​ទឹកភ្លៀង បានធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​ប្រមាណ ៣៣ ១៣១​ហិកតា រង​ផលប៉ះពាល់​ក្នុងនោះ​មាន​ស្រូវ​ជិត​៧​ពាន់​ហិកតា និង​ដំណាំ​រួមផ្សំ ជិត​២ ៥០០​ហិកតា បាន​ខូចខាត គិត​ចាប់ពី​ថ្ងៃទី ៧ ខែតុលា ដល់​ថ្ងៃទី ១៦ ខែតុលា​។ នេះ​បើតាម​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ប្រាប់​សារព័ត៌មាន ​ThmeyThmey25 ដោយ​លោក​បាន​បន្តថា បច្ចុប្បន្ន កម្រិត​ទឹក​ក្នុង​ខេត្តពោធិ៍សាត់ ពេលនេះ​បាន​ស្រក​ជា​បណ្ដើរៗ​ហើយ​។

 

​តាម​ប្រធាន​មន្ទីរ​កសិកម្ម​ដដែល ក្រៅពី​ដំណាំ​កសិកម្ម ក៏មានដែរ​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយចំនួន រួមមាន​គោ ក្របី ជ្រូក បាន​រង​ការ​ជន់​លិច ហើយ​សត្វ​ទាំងនោះ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយក៏​មិនទាន់មាន​សត្វ​ចិញ្ចឹម​របស់​ពលរដ្ឋ​រងគ្រោះ​ដែរ​។ 

​បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា មាន​ដំណាំ​កសិកម្ម​ចំនួន ១៨៦ ៦៨៩​ហិកតា បាន​រង​ផលប៉ះពាល់​។ របាយការណ៍​បញ្ជាក់ថា មាន​រាជធានី​-​ខេត្ត សរុប​ចំនួន​១៩ ដែល​បាន​រង​ប៉ះពាល់ ក្នុងនោះ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ រងគ្រោះ​ខ្លាំងជាងគេ​។ ក្រៅពីនោះ មាន​ខេត្ត​ប៉ៃលិន , កណ្តាល​, ភ្នំពេញ​,​សៀមរាប​, ព្រះសីហនុ​, ខេត្តកំពង់ធំ​, ស្វាយរៀង​, ឧ​ត្ត​រ​មានជ័យ​, តាកែវ​, មណ្ឌលគិរី​, កោះកុង​, ព្រះវិហារ​, ស្ទឹងត្រែង​, កំពង់ចាម និង​ខេត្តកំពង់ឆ្នាំង​៕

ព័ត៌មានទាក់ទង