ទឹកជំនន់ធ្វើឲ្យប៉ះពាល់ដំណាំកសិកម្មក្នុងខេត្តបាត់ដំបងជាង ១៣ម៉ឺនហិកតា
គិតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ទឹកជំនន់ បានធ្វើឲ្យមានផលប៉ះពាល់ដល់ដំណាំកសិកម្មរបស់ប្រជាកសិករ ក្នុងខេត្តបាត់ដំបង ជាង១៣ម៉ឺនហិកតា ។ នេះបើតាមរបាយការណ៍ពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
របាយការណ៍ដដែល ក៏បានឲ្យដឹងទៀតថា ដំណាំកសិកម្មក្នុងខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ប្រមាណ ១៣ម៉ឺនហិកតា ក្នុងនោះរួមមាន ដំណាំស្រូវ ៨២ ៤២៦ហិកតា និងដំណាំរួមផ្សំ ៤៩ ៦១៦ ហិកតា។ ដោយឡែកដំណាំរួមផ្សំខូចខាតទាំងស្រុងមានចំនួន ២៦ ៩០៧ហិកតា។
ក្រៅពីដំណាំកសិកម្ម ទឹកជំនន់ក្នុងខេត្តបាត់ដំបង បានធ្វើឲ្យមានផលប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១៣ ២៩០គ្រួសារ និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន ៩៧២គ្រួសារ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សរហូតដល់ ១៨នាក់ ក្នងនោះខេត្តបន្ទាយមានជ័យមានច្រើនជាងគេ គឺចំនួន ៧នាក់, កណ្ដាលចំនួន ៤នាក់,ពោធិ៍សាត់ចំនួន ៣នាក់, ព្រះសីហនុចំនួន ២នាក់, ប៉ៃលិនចំនួន ១នាក់, និងខេត្តកំពង់ធំ ១នាក់។ នេះបើតាមរបាយការណ៍ដដែល៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com