ទឹកជំនន់​៖ ក្រពើ​មួយ​ក្បាល​ដែល​រួច​ចេញពី​អាង​នៅ​ព្រែកកំពឹស បាន​រកឃើញ​វិញ​ហើយ

16/10/2020 2:30 pm ភ្នំពេញ

ភ្នំពេញ​៖  ក្រពើ​ទម្ងន់​ជាង​៣០​គីឡូក្រាម​មួយ​ក្បាល ដែល​បាន​រួច​ចេញពី​អាង​នៅក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ នា​អំឡុងពេល​ទឹកជំនន់​ខ្លាំង កាល​ថ្ងៃទី​១៤ តុលា ត្រូវបាន​រកឃើញ​វិញ​ហើយ​។ នេះ​ជាការ​អះអាង​របស់លោក កាំ​ង សារិន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​សង្កាត់​ព្រែកកំពឹស។



លោក កាំ​ង សារិន បាន​បញ្ជាក់ថា សត្វ​ក្រពើ​នោះ ដ្បិតតែ​រួច​ចេញពី​អាង​ក៏ពិតមែន ប៉ុន្ដែ​វា​មិនបាន​ទីណា​ឆ្ងាយ​ឡើយ​។ ពោល​ក្រពើ​នោះ​គឺ​ស្ថិតនៅក្នុង​បរិវេណ​សំណាញ់​ការពារ​ខាងក្រៅ​អាង​ក្នុង​កសិដ្ឋាន​ដដែល​ទេ​។​
 
​បើតាម​លោក​កាំ​ង សារិន អាង​ចិញ្ចឹម​នេះ​គឺ​ហ៊ុំព័ទ្ធ​ដោយ​សំណាញ់​ជុំវិញ​ដែលមាន​កម្ពស់​រហូត​ទៅ​៣,៥​ម៉ែត្រ ដើម្បី​បង្ការ​ក្រពើ​ទាំងនោះ​រួច​ចេញពី​អាង ដោយ​ជាយថាហេតុ​។  ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​រូបនេះ​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​ព្រឹក​ថ្ងៃទី​១៦​តុលា ថា មូល​ហេតុដែល​បណ្តាលឱ្យ​ក្រពើ​មួយ​ក្បាល​នោះ​រួច​ចេញពី​អាង គឺ​ដោយសារតែ​ទឹកជំនន់​ដែលមាន​ប្រភព​មកពី​ស្ទឹង​ព្រែក​ត្នោត​នោះ មាន​ទំហំ​ធំ​ឬ​កម្រិត​ខ្ពស់ជាង​រាល់​ឆ្នាំ ដែល​ហូរ​ចាក់​លិច​ភូមិ​សង្កាត់ ខណ្ឌដង្កោ ជាពិសេស​ស្ទឹង​ព្រែកកំពឹស​។ 
 
«​អាង​ក្រពើ​នេះ កន្លងមក​ក៏​ធ្លាប់​លិច​ដោយ​ទឹកជំនន់​ដែរ​។ ប៉ុន្ដែ ការ​ជន់​លិច​ខ្លាំង​បែបនេះ​ដែល​ធ្វើឱ្យ​ក្រពើ​មួយ​ក្បាល​នេះ រួច​ចេញពី​អាង គឺជា​លើក​ទី​១​ហើយ​។ ប្រសិនបើ​ស្ថានភាព​ទឹកជំនន់ ក្នុង​សង្កាត់​នេះ​[​សង្កាត់​ព្រែកកំពឹស​] នៅតែ​បន្ត​ឡើង​ខ្ពស់ ខ្ញុំ​នឹងធ្វើ​សំណាញ់​ហ៊ុំព័ទ្ធ​អាង​ក្រពើ​នេះ​ឱ្យបាន​កម្ពស់​១​ម៉ែត្រ ឬ​លើសពីនេះ​ទៀត​។   ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​កុំ​មានការ​ព្រួយ​អី​»​។ នេះ​ជាការ​លើកឡើង​របស់ លោក​កាំ​ង សារិន​។​
 
​បើតាម​លោក សារិន បច្ចុប្បន្ន កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នេះ មាន​ក្រពើ​ជាង​១,០០០​ក្បាល​៕

ព័ត៌មានទាក់ទង