បំណែក​បដិមា និង​ថ្ម​ចម្លាក់​ចំនួន​៤១​ដុំ ត្រូវបាន​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ្រ​ទេព ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ក្រោយ​រក្សាទុក​ក្នុង​វត្ត​

16/10/2020 1:30 pm សៀមរាប

​បំណែក​បដិមា និង​ថ្ម​ចម្លាក់​ចំនួន​៤១​ដុំ ត្រូវបាន​ព្រះចៅអធិការ​វត្ត​ព្រះ​ឥន្ទទេព ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ថែរក្សា ក្រោយពី​ព្រះអង្គ​បាន​ប្រមូល​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅក្នុង​បរិវេណ​វត្ត ដែល​ស្ថិតនៅ​ជ្រុង​អាគ្នេយ៍​នៃ​ប្រាសាទបាយ័ន​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​។​



​ក្នុងចំណោម​ចម្លាក់​ទាំងនេះ មាន​មួយចំនួនធំ​ជា​ព្រះ​ពុទ្ធបដិមា​ដែល​នៅសល់តែ​ព្រះ​ភ្នែន និង​ប​ល្ល័​ង្គ​ផ្កាឈូក ឯ​ខ្លះទៀត​ឃើញ​មាន​ត្រឹម​ព្រះបាទ​ទ្រង់​ឈរលើ​ជើង​ទម្រ​ប៉ុណ្ណោះ​។ បើតាម​ការពិនិត្យ ព្រះពុទ្ធ​បដិមា​ទាំងនេះ មាន​ខ្លះ​ស្ថិតនៅក្នុង​រចនាបថ​បាយ័ន ប្រហែល​នា​ចុង​សតវត្សរ៍​ទី​១២​ទៅ​ដើម​១៣ និង​ខ្លះទៀត​ស្ថិតនៅក្នុង​រចនាបថ​ស​ម័​យ​កណ្តាល ប្រហែលជា​នៅ​សតវត្សរ៍​ទី​១៥​ឬ​ទី​១៦​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​


រូបភាពពី​ហ្វេសប៊ុក​អាជ្ញាធរជាតិ​អប្សរា

​ព្រះចៅអធិការ សែម សំ មាន​សង្ឃដីកា​ថា​៖ «​ទាក់ទង​នឹង​ការរក្សា​វត្ថុ​បុរាណ​ទុក ដើមឡើយ​បំណែក​ចម្លាក់​ទាំង​៤១​ដុំ​នេះ ស្ថិតនៅ​រាយប៉ាយ​ក្នុង​បរិវេណ​វត្ត​ព្រះ​ឥន្ទទេព  ហើយ​ខ្លះទៀត​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខឿន​ព្រះអង្គ​ទេព​។ ដូច្នេះ ព្រះអង្គ​ក៏បាន​ប្រមូល​យកមក​រក្សាទុក​នៅក្នុង​រោង​ផ្នែក​ខាងត្បូង​វត្ត ដើម្បី​រក្សា​សុវត្ថិភាព រួមទាំង​ការពារ​ការបាត់បង់ និង​ខូចខាត​ដោយ​ប្រការ​ផ្សេងៗ​»​។​

​គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​បានទទួល​ដំណឹង​ពី​ក្រុម​សមត្ថកិច្ច​ការពារ​បេតិកភណ្ឌ​តំបន់​អង្គរ ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះទៅ​ទទួល​បំណែក​បដិមា​ខាងលើ យកមក​រក្សាទុក និង​ធ្វើ​ការងារ​ចុះបញ្ជី ថតរូប និង​ពិពណ៌នា​ទុកជា​ឯកសារ​សម្រាប់ធ្វើ​ការជួស​ជុល​នៅ​ថ្ងៃក្រោយ​៕


រូបភាពពី​ហ្វេសប៊ុក​អាជ្ញាធរជាតិ​អប្សរា

ព័ត៌មានទាក់ទង