ប្រាសាទភ្នំដា ទាក់ទាញ​ទេសចរ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​

16/10/2020 10:30 am តាកែវ

​រមណីយដ្ឋាន​ទេសចរណ៍​ប្រាសាទភ្នំដា ជាទី​ទេសចរណ៍​ដែលមាន​ភាព​ទាក់ទាញ ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។ ទេសចរ​អាច​សម្រាក​មើល​ទេសភាព​ជុំវិញ​ភ្នំ និង​សិក្សារ​ស្រាវជ្រាវ​ពី​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ​។ ប្រាសាទភ្នំដា មាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ព្រែ​កតា​ផ ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​



​ប្រាសាទភ្នំដា កសាង​ឡើងលើ​ភ្នំ​ដា មាន​កម្ពស់​៤០​ម៉ែត្រ​។ ប្រាសាទ​នេះ កសាង​អំពី​ឥដ្ឋ ថ្មបាយក្រៀម និង​ថ្មភក់ ជា​រាង​ការ៉េ ជ្រុង​នីមួយៗ​មាន​១២​ម៉ែត្រ និង​មាន​កម្ពស់​១៨​ម៉ែត្រ​។ ប្រាសាទ​នេះ​ពុំមាន​ជណ្តើរ​ទេ មាន​ទ្វារ​៣​ជា​ទ្វារបញ្ឆោត និង​ទ្វារ​១ ជា​ទ្វា​ពិត​នៅ​ជញ្ជាំង​ខាងជើង​។ ជញ្ជាំង​ប្រាសាទ​មួយ​នេះ ក្រាស់​ខុសប្លែក​ពី​ប្រាសាទ​នានា​។ ប្រាសាទភ្នំដា ពុំមាន​របង (​កំពែង​) ព័ទ្ធជុំវិញ​នោះទេ​។ ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ កសាងឡើង​ក្នុង​សតវត្ស​ទី​៦ ក្នុង​រជ្ជកាល​ព្រះបាទ​រុ​ទ្រ​វរ្ម័ន ជា​ក្សត្រ​ចុងក្រោយ​ក្នុងសម័យ​អាណាចក្រ​ភ្នំ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ នេះ​បើតាម​គេហទំព័រ​រដ្ឋបាលខេត្ត​តាកែវ​។​



​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ប្រាសាទ​មួយ​នេះ មិន​ត្រឹម​តែមាន​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​ទាក់ទាញ ថែមទាំង​មាន​អំណោយផល​ពី​ធម្មជាតិ ដែល​ទេសចរ​អាច​គយគន់​ផ្ទៃ​ទឹក យ៉ាង​ធំ​ល្វឹងល្វើយ​នៅ​ជុំវិញ​ភ្នំ នៅ​រដូវវស្សា​។ ចំណែក​ក្នុង​រដូវប្រាំង ផ្ទៃ​ទឹក​ទាំងនោះ​ប្រែក្លាយជា​វាលស្រែ​ខៀវស្រងាត់ មើល​ដាច់​កន្ទុយភ្នែក​។ ទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​ប្រាសាទភ្នំដា អាច​គយគន់​សម្រស់​ធ​ម្ម​ជាតិ សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ និង​ជាពិសេស​អាច​ភ្លក់​រសជាតិ​អាហារ​តំបន់​ដ៏​ឈ្ងុយឆ្ងាញ់ នៅ​ទីនោះ​ផងដែរ​។​

​ដើម្បី​ទៅដល់​ប្រាសាទភ្នំដា ទេសចរ​អាចធ្វើ​ដំណើរ ដោយ​កង់ ម៉ូតូ រថយន្ត​តាមផ្លូវ​គោក ដោយឡែក​បើតាម​ផ្លូវទឹក​ទេសចរ អាចធ្វើ​ដំណើរ​ដោយ​ទូក និង​អូប័រ​។ ប្រាសាទភ្នំដា មាន​ចម្ងាយ​ផ្លូវ​២៥​គីឡូម៉ែត្រ តាមផ្លូវ​ទឹក និង​៦៥​គីឡូម៉ែត្រ​តាមផ្លូវ​គោក​ពី​ទី​រួម​ខេត្តតាកែវ​៕

ព័ត៌មានទាក់ទង