ទឹកនៅអាងកំពីងពួយ ស្រកមកត្រឹម១១ម៉ែត្រវិញហើយ

15/10/2020 5:29 pm បាត់ដំបង

ទឹកនៅអាងកំពីងពួយ បានស្រកពីកម្ពស់១៤ម៉ែត្រ មកនៅត្រឹមតែ១១ម៉ែត្រវិញហើយ។ នេះបើតាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្តបាត់ដំបងដែលបានបន្តថា តំបន់មួយចំនួនទៀតនៅក្នុងខេត្តនេះ ក៏បានធូរស្រាលពីជំនន់ទឹកភ្លៀងនេះ។ លោក សឿម ប៊ុនរិទ្ឋិ  អភិបាលរងខេត្តបាត់ដំបង ប្រាប់សារព័ត៌មានThmeyThmey25ថា ជំនន់ទឹកភ្លៀងស្រកលឿនដូច្នេះ ដោយសារប៉ែកខាងលើខេត្តបាត់ដំបង រួមមានស្រុកសំឡូត និងស្រុករុក្ខគីរី និងខាងថៃ ជួរព្រំដែននៃស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង  ពុំមានភ្លៀងធ្លាក់បន្តទៀត។ 

ទឹកជំនន់នៅតាមតំបន់ជាច្រើន នៅខេត្តបាត់ដំបង បានស្រកទៅវិញជាបណ្តើរៗហើយ ខណៈកម្ពស់ទឹកនៅអាងកំពីងពួយ ក៏បានស្រកពី១៤ម៉ែត្រ មកនៅត្រឹម១១ម៉ែត្រប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៤ តុលានេះ។ ទោះជាយ៉ាងនេះក្តី តំបន់នៅផ្នែកខាងក្រោមអាងនេះ នៅបន្តជន់លិចនៅឡើយ។ នេះបើតាមរបាយការណ៍បឋមរបស់រដ្ឋបាលខេត្តបាត់ដំបង។

តាមរបាយការណ៍ដដែល ឲ្យដឹងថាទឹកជំនន់ក្នុងខេត្តបាត់ដំបង បានស្រកចុះវិញមួយចំនួនធំហើយ ដោយបន្តប៉ះពាល់នៅតំបន់ខាងក្រោមអាងកំពីងពួយខ្លះៗតែប៉ុណ្ណោះ គឺក្នុងឃុំតាមគ្រាម  ឃុំភ្នំសំពៅ ស្រុកបាណន់ និង ឃុំព្រៃតូច ក្នុងស្រុកមោងឫស្សី។

លោក សឿម ប៊ុនរិទ្ឋិ  អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានThmeyThmey25បន្ថែមថា ទឹកជំនន់ស្រកលឿនដូច្នេះដោយសាប៉ែកខាងលើ នៅស្រុកសំឡូត និងស្រុករុក្ខគីរី និងខាងថៃ  ជួរព្រំដែននៃស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង  ពុំមានភ្លៀងធ្លាក់បន្តទៀត។

ទឹកជំននន់ស្រកចុះ ភ្លៀងក៏មិនបង្អុរចុះបន្ត ប្រជាពលរដ្ឋមួយចំនួនធំ ក៏បានវិលត្រលប់ទៅកាន់លំនៅដ្ឋានរៀងខ្លួនវិញ និងមួយចំនួនទៀត បន្តស្នាក់នៅតំបន់ទីទួលសុវត្ថិភាពសិន ដែលមានដូចជាសាលារៀន វត្តអារាម និងផ្ទះបងប្អូនជាដើម។នេះបើតាមលោកអភិបាលរងខេត្ត។

សូមជម្រាបថា ទឹកជំនន់ក្នុងខេត្តបាត់ដំបង បានធ្វើឲ្យពលរដ្ឋសរុប ៣៨ ៨៩០ គ្រួសារ រងផលប៉ះពាល់ និងដំណាំស្រូវ សរុប ៨២ ៤៧៦ ហិកតាបានជន់លិច។ 

ដោយឡែកស្ថានភាពទឹកជំនន់នៅទូទាំងប្រទេស គឺបានប៉ះពាល់ដល់ស្រូវ និងដំណាំរួមផ្សំ ចិត១៩ម៉ឺនហិកតា ក្នុងនោះដំណាំជិត១៣ពាន់ហិកតាបានខូចខាត៕ 


 

ព័ត៌មានទាក់ទង