អាជ្ញាធរជាតិអប្សរា អះអាងថា តំបន់ប្រាសាទ មិនមានហានិភ័យដោយសារទឹកជំនន់ទេ
សៀមរាប៖ ស្របពេលដែលតំបន់ជុំវិញកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តសៀមរាបឯណេះវិញ អាជ្ញាធរកំពុងតាមដានកម្រិតបរិមាណទឹកដោយប្រុងប្រយ័ត្ន។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាអះអាងថា ទឹកនៅតំបន់អង្គរ ស្ថិតក្នុងកម្រិតគ្រប់គ្រងបាន និងមិនមានហានិភ័យជន់លិចតំបន់ប្រាសាទទេ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា អាជ្ញាធរកំពុងបង្ហៀរទឹក ទម្លាក់ទៅផ្នែកខាងក្រោមនៃបឹងទន្លេសាប ដើម្បីបញ្ជៀសជំនន់ទឹកភ្លៀង។ លោកបន្តថា អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យស្ថានភាពទឹកនៅតាមទ្វារទឹកនានា និងឱ្យក្រុមការងារចុះបារកាកសំណល់ដែលធ្វើឱ្យស្ទះមាត់ទឹក។ លោកពន្យល់បន្ថែមថា៖« យើងអត់បារម្ភការជន់លិចទេ។ អ្វីដែលយើងធ្វើពេលនេះ គឺបានបញ្ចេញទឹកមួយចំនួនឲ្យទៅប៉ែកខាងក្រោមហូរចូលទន្លេសាបខ្លះ ដើម្បីត្រៀមទទួលទឹកថ្មី ដែលអាចមានភ្លៀងបន្តទៀតនាពេលខាងមុខ»។
ទាក់ទងនឹងបញ្ហាទឹកនេះដែរ រដ្ឋបាលខេត្តសៀមរាបនារសៀលថ្ងៃទី១៣ តុលា បានណែនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រៀមបង្ការគ្រោះជំនន់ទឹកភ្លៀង ពិសេសគឺតំបន់ស្ទឹងស្រែង នៃស្រុកក្រឡាញ់ និងស្ទឹងជីក្រែង នៃស្រុកជីក្រែង ដែលកម្ពស់ទឹកស្ថិតជិតកម្រិតប្រកាសអាសន្ន។ ការប្រកាសនេះ គឺស្របពេលដែលកម្ពុជានឹងបន្តទទួលរងឥទ្ធិពលព្យុះទី១៦ ឈ្មោះ «ណាងការ» និងទី១៧ ឈ្មោះ «សូដែល» និងអាចឱ្យកម្ពស់ទឹកកើនឡើងតាមបណ្ដាស្ទឹងនានាជុំវិញខេត្ត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com