ស្ត្រី​ខ្មែរ​-​បារាំង កញ្ញា មនោ​រម្យ បង្កើត​Compost City ព្រោះ​ចង់ឱ្យ​ពលរដ្ឋ​ចាប់ផ្តើម​កែច្នៃ​សំរាម​

13/10/2020 9:00 am ភ្នំពេញ

​ភ្នំពេញ​៖ កញ្ញា ចៅ មនោ​រម្យ ជា​ស្ថាបនិក Compost City ដែលជា​សហគ្រាស​លក់ស​ម្ភា​រ​ធ្វើ​ជី​កំ​ប៉ុ​ស្ត​នៅផ្ទះ​។ ជា​កូន​ខ្មែរ ដែល​កើត​នៅ​ប្រទេស​បារាំង មនោ​រម្យ បានមក​រស់នៅ​កម្ពុជា​រយៈពេល​៥​ឆ្នាំ​មកហើយ​។ តាមពិតទៅ យុវតី​រូបនេះ  មានបំណង​មក​រស់នៅ​ស្រុកកំណើត​ខ្លួន​ព្រោះ​ចង់​ប្រកបការងារ​សមរម្យ​មួយ និង​ចង់​ចេះ​និយាយ​ភាសា​កំណើត​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ស្រលាញ់​បរិស្ថាន និង​ចង់ឱ្យ​ពលរដ្ឋ ពិសេស​អ្នក​ភ្នំពេញ ចេះ​កាត់បន្ថយ​សំរាម​ក្នុងផ្ទះ មនោ​រម្យ បាន​មានគំនិត​បង្កើត Compost City នេះ​ឡើង​នៅក្នុង​ឆ្នាំ​២០១៩​។



ដើម្បីជ្រាប​ច្បាស់​ សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា ចៅ មនោ​រម្យ ស្ថាបនិក Compost City ដូចតទៅ​៖

​កញ្ញា ចៅ មនោ​រម្យ ជា​ស្ថាបនិក​Compost City​។ មាន​សម្ដី​មួយៗ​បែបរ​ឌឺ​ន មនោ​រម្យ បាន​ពន្យល់ថា ដំបូង​ឡើយ​នាង​គ្រាន់តែ​ចង់​កាត់បន្ថយ​សំរាម​ដែល​បាន​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ហើយ​យុវតី​រូបនេះ ក៏បាន​រិះរក​ពី​វិធី​កាត់បន្ថយ​សំរាម តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ពេលនោះ នាង​បាន​រកឃើញ វិធី​កាត់បន្ថយ​សំណល់​ផ្ទះបាយ ដោយ​ការធ្វើ​ជី​កំ​ប៉ុ​ស្ត ។​

​កញ្ញា មនោ​រម្យ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​តាមពិត​ពីដំបូង ខ្ញុំ​អត់​ស្គាល់​ពាក្យ​ជី​កំ​ប៉ុ​ស្ត​ទេ ខ្ញុំ​គ្រាន់តែ​បាន​ចាប់អារម្មណ៍​រឿង​សំរាម ហើយ​ដោយសារ​ខ្ញុំ​ចង់​កាត់បន្ថយ ប្លា​ស្ទិ​ក និង​របស់​ដែល​ប្រើប្រាស់​ម្ដង​បោះចោល​។ ខ្ញុំ​បាន​ព្យាយាម​សិក្សា​ដំណោះស្រាយ ខ្ញុំ​សួរ​ខ្លួនឯង​ថា ធ្វើ​យ៉ាងម៉េច ដើម្បី​ដោះស្រាយ​កាកសំណល់​ផ្ទះបាយ​ដែល​ខ្ញុំ​មាននៅ​ផ្ទះ រួចហើយ​ខ្ញុំ​បាន​មើល​ក្នុង​អ៊ីនធឺណិត គេ​និយាយ​ពី​ជី​កំ​ប៉ុ​ស្ត អីចឹង​ខ្ញុំ​បាន​ស្រាវជ្រាវ ថា​ជី​កំ​ប៉ុ​ស្ត​ជា​អី​គេ​? គេ​ធ្វើ​យ៉ាងម៉េច​? ហើយ​ខ្ញុំ​ក៏បាន​ធ្វើ​វា​»​។

​ក្រោយពី​បាន​កាត់បន្ថយ​សំរាម ដោយ​ការធ្វើ​ជី​កំ​ប៉ុ​ស្ត​ខ្លួនឯង​ហើយ មនោ​រម្យ បានទទួល​ជ័យលាភី​លេខ​១​ជាមួយ​ប្រាក់រង្វាន់​ចំនួន​៣​ពាន់​ដុល្លារ ក្នុង​កម្មវិធី​ប្រកួត​មួយ ដែល​ផ្ដោតលើ​ដំណោះស្រាយ​ការពារ​បរិស្ថាន​នៅ​ឆ្នាំ​២០១៩​។ កាលនោះ មនោ​រម្យ បាន​យក​ប្រធានបទ ការធ្វើ​ជី​កំ​ប៉ុ​ស្ត ដើម្បី​កាត់បន្ថយ​សំរាម​ដាក់​ប្រកួត​។​
​ដោយ​សម្លឹង​ឃើញ​សំរាម​ជា​ផ្នែក​ដ៏​ធំ​មួយ ដែល​បាន​បំផ្លាញ​បរិស្ថាន ស្ត្រី​សម្បុរ​ស្រអែម​រូបនេះ ក៏បាន​យកប្រាក់​រង្វាន់​ដែល​ឈ្នះ​នោះ មក​បើក​អាជីវកម្ម​លក់​សម្ភារ​ធ្វើ​ជី​កំ​ប៉ុ​ស្ត​ដែលមាន​យីហោ Compost City​។ ការបើក​អាជីវ​កម្មនេះ គឺ​ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​ភ្នំពេញ គិតគូ​ពី​បញ្ហា​សំរាម និង​ចេះ​កាត់បន្ថយ​សំរាម​ក្នុងផ្ទះ​ដោយ​ខ្លួនឯង​។

​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដែល​Compost City បាន​បើក​ដំណើរការ​។ សហគ្រិន​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​យល់ថា វា​ជា​អាជីវកម្ម​ដ៏​ថ្មី​សន្លាង​នៅ​កម្ពុជា ហើយ​នាង​ទទួលស្គាល់ថា វា​ពិតជា​ពិបាក​ក្នុងការ​ផ្សព្វផ្សាយ​ដល់​អតិថិជន​ផងដែរ​។ «​ទាំងអស់គ្នា​ខ្វល់ខ្វាយ​ពី​បរិស្ថាន​ចង់ឃើញ​ទេសភាព​ស្អាត ប៉ុន្តែ​អត់​សូវ​ចង់​ដោះស្រាយ​វា​ខ្លួនឯង​ទេ ឬ​គិតថា​បញ្ហា​នោះ​វា​ធំ​ពេក អីចឹង​រឿង​ជី​កំ​ប៉ុ​ស្តវា​ថ្មី ពេលខ្លះ​វា​អត់​សូវ​ស្រួល​ផ្សព្វផ្សាយ​ពី​វា​»​។ នេះ​ជាការ​អះអាង​របស់ កញ្ញា ចៅ មនោ​រម្យ ដោយ​នាង​បញ្ជាក់ថា រយៈពេល​ជាង​១​ឆ្នាំនេះ Compost City ទទួលបាន​អតិថិជន​ជាង​៨០​នាក់​ប៉ុណ្ណោះ​។​

​ដ្បិត​ចំនួន​អតិថិជន ដែល​បាន​គាំទ្រ​Compost City មាន​មិនសូវ​ច្រើន​ក៏ពិតមែន តែ​សម្រាប់​សហគ្រិន មនោ​រម្យ សប្បាយចិត្ត និង​មាន​មោទកភាព​ចំពោះ​កិច្ច​ការដែល​ខ្លួន​ធ្វើ​កន្លងមក និង​បាន​ជួយ​ឱ្យ​មនុស្ស​ជាង​៨០​នាក់ បាន​កាត់បន្ថយ​សំរាម​ដោយ​ខ្លួនឯង​។ «​យើង​មាន​ជាង​៨០​នាក់​ដែល​បាន​ទិញ​ឈុត​ជី​កំ​ប៉ុ​ស្ត អីចឹង​មាន​៨០​គ្រួសារ​ជាង​ដែលមាន​ចំណេះដឹង​ពី​ការធ្វើ​ជី​កំ​ប៉ុ​ស្ត​ពី​កាកសំណល់​ផ្ទះបាយ អីចឹង​ពួកគាត់​ខ្វា​យ​ខ្វា​យ​ច្រើន​ពី​សំរាម និង​ពួកគាត់​បាន​ប្រាប់​យើង​ថា​ពួកគាត់​ចាប់ផ្ដើម​ធ្វើ​សួន​ដាំ​ដំណាំ ពេល​ចាប់​ផ្ដើមធ្វើ​ជី​កំ​ប៉ុ​ស្ត​ហ្នឹង​»​។

​និយាយ​ក្នុង​សម្ដី​ជឿជាក់ នាពេលខាងមុខ​កញ្ញា មនោ​រម្យ ចង់​ដឹកនាំ​Compost City ឱ្យមាន​សក្ដានុពល​ខ្លាំង​ជាង​នេះ ដោយ​មិន​ត្រឹមតែ​លក់​សម្ភារ​ធ្វើ​ជី​កំ​ប៉ុ​ស្ត​ប៉ុណ្ណោះ​ទេ តែ​កញ្ញា​ក៏​ចង់​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​ការធ្វើ​ជី​កំ​ប៉ុ​ស្ដ និង​ការកែច្នៃ​សំរាម​ផងដែរ​៕


ព័ត៌មានទាក់ទង