ក្រសួងទេសចរណ៍ បើក​វគ្គ​បង្រៀន​ដុត​នំ​តាម​អន​ឡាញ ដោយ​ឥតគិតថ្លៃ​

12/10/2020 10:00 am ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដុត​នំ តាម​អន​ឡាញ​ដោយ​ឥតគិតថ្លៃ ទៅដល់​បុគ្គលិក​ទេសចរណ៍ យុវជន សិស្ស និស្សិត និង សាធារណជន ដែល​ចង់​អភិវឌ្ឍ​សមត្ថភាព ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែតុលា​ខាងមុខនេះ​។



​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា​ការបើក​វគ្គ​បណ្តុះបណ្តាល​ដុត​នំ​នេះ​គឺ​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​វិស័យ​ទេសចរណ៍​។ ជាពិសេស​ដើម្បី​ផ្តល់​ជំនាញ​ថ្មី និង​ជំនាញ​បន្ថែម​ដល់​បុគ្គលិក​ទេសចរណ៍ សិស្ស និស្សិត យុវជន និង​សាធារណជន​។

​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បញ្ជាក់ថា មុននឹង​អាច​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​បាន សិក្ខាកាម​ត្រូវ​ចុះឈ្មោះ និង​វាយតម្លៃ​សមត្ថភាព​តាម​គេហទំព័រ https://www.tptd.org/kh នេះ​ជាមុនសិន​។ លោក បន្តថា បន្ទាប់ពី​ចុះឈ្មោះ និង​បំពេញ​លក្ខខណ្ឌ​រួចហើយ ខាង​ក្រសួងទេសចរណ៍​នឹង​ទាក់ទង ហើយ​បញ្ជាក់​ពី​ម៉ោង និង​កាលវិភាគ​សិក្សា​។

​លោក មានប្រសាសន៍ថា​៖«​យើង​ចុះឈ្មោះ​ទៅ គេ​នឹងមាន​ការណែនាំ​យើង និង​សួរ​ព័ត៌មាន​យើង​។ អ៊ីចឹង​យើង​ត្រូវបំពេញ​ព័ត៌មាន​តាមតែ​របស់គេ​ទៅ​។ គេ​នឹង​ផ្តល់ព័ត៌មាន​ប្រាប់​មក​យើង​វិញ​ថា​យើង​អាច​នឹង​រៀន​បាន​នៅពេលណា​។ ធម្មតា​បើ​យើង​រៀន​ជំនាញ​ទាំង​ហ្នឹង​គឺ​ត្រូវមាន​អ្វី​សម្រាប់​រៀន ពេល​យើង​ចុះឈ្មោះ​រៀន គេ​នឹង​ប្រាប់ថា​ត្រូវមាន​អ្វី​សម្រាប់​រៀន​ហើយ​»​។  

​ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍​ក៏​កំពុង​បណ្តុះបណ្តាល​លើ​ជំនាញ​គេហកិច្ច ម្ហូបអាហារ ឆុង​កាហ្វេ និង ក្រឡុក​ស្រា​ទៅ​បុគ្គលិក​ទេសចរណ៍ សិស្ស និស្សិត យុវជន និង​សាធារណជន​ផងដែរ​។ បើតាម​លោក តុ​ប សុភ័ក មាន​អ្នក​ចុះឈ្មោះ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ​ជាង​២​ពាន់​នាក់​ហើយ​។  

​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ នឹង​បង្រៀន​ដោយ​គ្រូ​ដែលមាន​បទពិសោធន៍​។ ពេល​សិក្ខាកាម​រៀន​ចប់ គឺ​ត្រូវ​ឆ្លងកាត់​ការប្រឡង​តេស្ត​សមត្ថភាព​បញ្ចប់​វគ្គ​តាម​អន​ឡាញ​។ ក្រោយពេល​ប្រឡង​រួច​សិក្ខាកាម​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍​៕  


Relate 95568





ព័ត៌មានទាក់ទង