ត្រឡប់​ពី​កូរ៉េ​វិញ លោក ស៊ី​វុទ្ធី ផ្តើម​ចិញ្ចឹម​មាន់​លក់ និង​រកចំណូលបាន​ប្រមាណ​២​ពាន់​ដុល្លារ ក្នុង​មួយខែ​

06/10/2020 4:20 pm ភ្នំពេញ

​លោក ឡេង ស៊ី​វុទ្ធី ជា​អតីត​ពលករ​កូរ៉េ ដែល​បានធ្វើការ​ផ្នែក​កសិកម្ម​អស់​រយៈពេល​៧​ឆ្នាំ​ឯណោះ​។ ក្រោម​មាតុភូមិនិវត្តន៍​អតីត​ពលករ​រូបនេះ ក៏​ចាប់យក​ការចិញ្ចឹម​មាន់ ជា​របរ​តែម្តង ព្រោះ​ខ្លួន​ធ្លាប់​អនុវត្ត​ការងារ​នេះ​យូរ​ឆ្នាំ​មកហើយ​នោះ​។ លោក ឡេង ស៊ី​វុទ្ធី ប្រាប់​សារព័ត៌មាន​ThmeyThmey25 ក្នុង​មួយខែ​លោក អាចមាន​ចំណូល​ពី ២​ពាន់​ដុល្លារ ទៅ ២ ៥០០​ដុល្លារ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ប្រាក់​ដែល​ចំណេញ​នោះទេ​។



ជា​អតីត​ពលករ​ក្នុង​វិស័យ​កសិកម្ម និង​ដែល​ផ្តោតលើ​ការចិញ្ចឹម​មាន់​រយៈពេល​៧​ឆ្នាំ លោក ឡេង ស៊ី​វុទ្ធី បាន​យក​បទពិសោធន៍​ចិញ្ចឹម​មាន់​ដែល​ខ្លួន​បាន​ពី​កូរ៉េ មក​ប្រកប​ជា​អាជីវកម្ម​ផ្ទាល់ខ្លួន​។ ក្រោយ​ត្រឡប់​ពី​សាធារណរដ្ឋ​កូរ៉េ​វិញ ពោលគឺ​នៅ​ដើមឆ្នាំ ២០១៧ លោក ស៊ី​វុទ្ធី ដែលមាន​ទីលំនៅ​នៅ​ភូមិ​សុ​ភី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ចំណាយ​ដើមទុន​ប្រមាណ ៣ ពាន់​ដុល្លារ ចាប់ផ្ដើម​ការចិញ្ចឹម​មា​ន់ ដោយ​ផ្តើម​ពី​មាន់​មេ​ចំនួន ១០០​ក្បាល​។



​បុរស​វ័យ ៤០​ឆ្នាំ​រូបនេះ ប្រាប់​ThmeyThmey25​ថា ទោះបី​លោក​មានបទពិសោធន៍​ជា​អ្នក​ចិញ្ចឹម​មាន់នៅ​កូរ៉េ​ក្ដី តែ​ក្រោយ​លោក​ត្រលប់​មកវិញ លោក​នៅតែ​ស្វែងយល់​បន្ថែម ពី​មិត្ត​ភិ​ក្ត​លោក និង​អ្នក​ចិញ្ចឹម​មាន់​មុនៗ ក៏ដូចជា​អ្នកជំនាញ​ផ្នែក​កសិកម្ម​ផងដែរ​។ លោក​ថា ការបង្កើត​អាជីវកម្ម​នេះ ក៏មាន​ការគាំទ្រ​ពី​មន្ទីរ​កសិកម្ម និង​ផ្នែក​សុខភាព​សត្វ ខេត្តកំពង់ស្ពឺ​ផងដែរ​។ លោក ឡេង ស៊ី​វុទ្ធី រៀបរាប់​ដូច្នេះ​៖«​ខ្ញុំ​មានបំណង យក​បទពិសោធន៍​ចិញ្ចឹម​មាន់ ដែល​មាននៅ​កូរ៉េ មក​បង្កើត​មុខរបរ​ខ្លួនឯង​។ ដូច្នេះ​ខ្ញុំ​បាន​ខំប្រឹង​ធ្វើការ និង​ស្វែងយល់​ពី​បច្ចេកទេស​ចិញ្ចឹម​មាន់​នេះ​ណាស់​។ ហើយ​មុន​ចប់​ការងារ​នៅ​កូរ៉េ ២-៣​ខែ ខ្ញុំ​ប្រាប់​ឲ្យ​គ្រួសារ​ខ្ញុំ រៀបចំ​កសិដ្ឋាន​ជាស្រេច​»​។​



​លោក ស៊ី​វុទ្ធី បាន​បញ្ជាក់ថា ទោះបី​កូរ៉េ​ជា​ប្រទេស​ជឿនលឿន តែ​បច្ចេកទេស​ក្នុងការ​ចិញ្ចឹម​មាន់​មិនមាន​លក្ខណៈ​ខុសគ្នា​ប៉ុន្មាន​នោះទេ ពី​ការចិញ្ចឹម​នៅក្នុង​ស្រុក​។ លោក​ថា​៖«​តាមពិតទៅ​ការចិញ្ចឹម​មាន់នៅ​ខ្មែរ និង​នៅ​កូរ៉េ​មិនសូវ​ខុសគ្នា​នោះទេ គ្រាន់​ប្រទេស​គេ​ជឿនលឿន​ជាង អីចឹង​គេ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ធំៗ បច្ចេកទេស​ខ្លាំង​ជាង និង​គួបផ្សំ​នឹង​អាកាសធាតុ​»​។ 

​បច្ចុប្បន្ន លោក ស៊ី​វុទ្ធី បាន​នាំចេញ​មាន់​សាច់​របស់ខ្លួន ទៅកាន់​បណ្តា​ផ្សារ​នានា​ទូទាំងប្រទេស ដោយ មាន់​មួយ​គីឡូក្រាម​អាច​លក់​តម្លៃ  ១៨ ០០០​រៀល​ទៅ ១៩ ០០០​រៀល​។  រីឯ​កូន​មាន់​វិញ​អាច​លក់​ក្នុងតម្លៃ ៤ ៥០០​រៀល ក្នុង​មួយ​ក្បាល​។ ក្នុង​មួយខែ​លោក អាចមាន​ចំណូល​ពី ២​ពាន់​ដុល្លារ ទៅ ២ ៥០០​ដុល្លារ ក៏ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ប្រាក់ចំណេញ​នោះទេ​។​



​ដោយ​មើលឃើញថា ទីផ្សារ​មាន់ មាន​ស្ថិរភាព​ដូច្នេះ កសិករ​វ័យ​៤០​ឆ្នាំ​រូបនេះ​ក៏​បង្ហើប​គម្រោង​ពង្រីក​កសិដ្ឋាន​របស់ខ្លួន​ផងដែរ​។ ក្រៅពីនេះ អតីត​ពលករ​រូបនេះ​បាន​ចងក្រង​ជា​សៀវភៅ​នូវ​បច្ចេកទេស ក្នុងការ​ចិញ្ចឹម​មាន់ ដើម្បី​ផ្សព្វផ្សាយ​ដល់​កសិករ​ផ្សេង​ដែរ ដែលជា​ការចូលរួម​ចែករំលែក​មួយ​របស់ខ្លួន​ទៅកាន់​សហគមន៍​៕

ព័ត៌មានទាក់ទង