អ្នកស្រី សុភាព ជា​សហគ្រិន​ដ៏​លេចធ្លោ​មួយរូប ដែល​ជួយ​​លើក​កិត្តិនាម​តម្បាញ​ខ្មែរ​

05/10/2020 1:30 pm ភ្នំពេញ

ភ្នំពេញ​៖ អ្នកស្រី ចេ​ន សុភាព ជា​សហគ្រិន​ដែលមាន​ភាពលេច​ធ្លោ​មួយរូប នៅក្នុង​វិស័យ​តម្បាញ​ខ្មែរ​។ អ្នកស្រី​បាន​បង្កើត​សហគ្រាស​កី​តម្បាញ​ខ្មែរ KTK នៅក្នុង​ឆ្នាំ​២០១៥ ព្រោះតែ​ចង់​ឲ្យ​នៅលើ​ទីផ្សារ​មាន​តម្បាញ​ខ្មែរ​សម្បូរបែប និង​ប្រកួតប្រជែង​ជាមួយនឹង​តម្បាញ​នាំចូល​។ ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ អ្នកស្រី សុភាព មិន​ត្រឹមតែ​បានធ្វើ​ឲ្យ​កី​តម្បាញ​មួយចំនួន​ដែល​ធ្លាប់​ត្រូវ​បោះបង់ចោល មានដំណើរ​ការឡើង​វិញ​នោះទេ ប៉ុន្តែ​ការផ្តើម​អាជីវកម្ម​ផ្នែក​តម្បាញ​ដែល​កាលណោះ​មាន​ដើមទុន​តែ ៣៥០​ដុល្លារ បាន​ជួយ​ស្ត្រី​ប្រមាណ​៣០០​នាក់ ឲ្យ​មាន​ការងារ​ធ្វើ និង​បាន​លើក​កិត្តិនាម​តម្បាញ​ខ្មែរ នៅក្នុង​ឆាក​អន្តរជាតិ​ថែមទៀត​។



អ្នកស្រី ចេ​ន សុភាព ជា​ម្ចាស់​សហគ្រាស​កី​តម្បាញ​ខ្មែរ KTK​។ ការបើក​សហគ្រាស​កី​តម្បាញ​ខ្មែរ មិនមែនជា​រឿង​ចៃដន្យ​ទេ សម្រាប់​អតីត​បុគ្គលិក​អង្គការ​រូបនេះ​។ ក្នុង​ឈុត​សម្លៀកបំពាក់​ខ្មែរ មាន​ពណ៌​ទឹកមាស​បែក​លឿង​យ៉ាង​សមសួន អ្នកស្រី ចេ​ន សុភាព បាន​ពន្យល់ថា មូល​ហេតុដែល​អ្នកស្រី សម្រេច​បើក​អាជីវ​កម្មនេះ ដើមឡើយ​គឺ​ឃើញ​ផលិតផល​តម្បាញ​ខ្មែរ មិនសូវមាន​ដាក់លក់​នៅតាម​ផ្សារ តែ​បែរជា​ផលិតផល​បរទេស​ដូចជា ស៊ឹង​ថៃ ឡាវ និង​ផាមួង​ជប៉ុន​ជាដើម​ទៅវិញ​។ ម្យ៉ាង ដោយ​មើលឃើញ​ស្ត្រី​តម្បាញ​ជាច្រើន ត្រូវ​ចំណាកស្រុក​ចោល​កូន ដោយសារ​ផលិតផល​ខ្មែរ​មិនមាន​តម្រូវការ និង​មិនអាច​រក​ចំណូល​ពីមុខ​របរ​ប្រពៃណី​នេះ បាន​ដូច​មុន​ទៀតឡើយ​។ 
 
«​ពេល​ហ្នឹង ខ្ញុំ​ក៏​ពឹង​ឱ្យ​មិត្ត​ភ​ក្កិ​ខ្ញុំ ជូន​ខ្ញុំ​ទៅ​តំបន់​តម្បាញ (​កោះ​ឧកញ៉ា តី​)​។ ខ្ញុំ​ឃើញ​តំបន់​តម្បាញ​ហ្នឹង បិទ​កី​អស់ហើយ ដោយសារ​អត់​មាន​តម្រូវការ​ទីផ្សារ គឺ​ពេល​ហ្នឹង​ផលិតផល​ខ្មែរ​យើង​ធ្លាក់ទឹក​តែម្ដង ជាពិសេស​ស៊ឹង​ខ្មែរ​អត់​មាន​ទេ​។ ខ្ញុំ​ដើរ​មើល​តាម​ផ្ទះ ឃើញ​កី​ទាំងអស់ គឺ​គ្រប​សា​រ៉ុង​ជិត អត់​មាន​អ្នកធ្វើ​ទេ​។ ខ្ញុំ​ក៏​សួរ​អ្នក​ត្បាញ​ថា បើ​ខ្ញុំ​អាចធ្វើ​ទីផ្សារ​ឱ្យ មានដំណើរ​ការឡើង​វិញ តើ​ពួកគាត់​សហការ​ជាមួយ​ខ្ញុំ​អត់​? អីចឹង​អ៊ំៗ​មីងៗ គាត់​ថាបើ​នាង​ធ្វើឱ្យ​ដើរ​វិញ អ៊ំ​ក៏​សប្បាយចិត្ត ព្រោះ​អ៊ំ​មានការ​ងារ​ធ្វើ ហើយ​ក៏បាន​ចំណូល​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់ អ្នកស្រី ចេ​ន សុភាព ដោយ​ផ្ដើមដំបូង អ្នកស្រី បាន​សហកា​ជាមួយ​ស្ត្រី​តម្បាញ​ចំនួន ១០​គ្រួសារ​ប៉ុណ្ណោះ​។ 
 

មាន​សម្ដី​ច្បាស់ៗ អ្នកស្រី សុភាព បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សហគ្រាស​កី​តម្បាញ​ខ្មែរ KTK មិន​ត្រឹមតែ​ជា​ឈ្មួញកណ្ដាល ដែលជា​អ្នក​នាំយក​ផលិតផល​តម្បាញ​ពី​សហគមន៍ មក​លក់​នោះទេ តែ​ម្ចាស់​សហគ្រាស ដែលជា​អតីត​បុគ្គលិក​អង្គការ រយៈពេល​ជាង​១០​ឆ្នាំ បាន​ជួយ​ដៃគូ​សហកា​ស្ត្រី​តម្បាញ ឱ្យមាន​គំនិត​ចេះ​គ្រប់គ្រង​ការចាយវាយ តាមរយៈ​ការ​ចងក្រង​សមាគមន៍ និង​បង្កើត​ក្រុម​សន្សំ​លុយ ដើម្បីឱ្យ​ពួកគេ មាន​ប្រាក់​បម្រុង​ទុកពេល​គ្រា​លំបាក ឬ​ពេល​រដូវ​បុណ្យទាន ដោយ​មិនបាច់​ទៅ​ចងការ​ប្រាក់​គេ​។ បច្ចុប្បន្ន​កី​តម្បាញ​ខ្មែរ KTK បាន​សហកា និង​ជួយ​ដល់​ស្ត្រី​តម្បាញ ជាង​៣០០​នាក់ ដែល​អ្នករស់នៅ​ភ្នំពេញ ខេត្តកណ្ដាល តាកែវ ព្រៃវែង និង​ខេត្តសៀមរាប ឲ្យ​មាន​ការងារ​ធ្វើ​។ 
 
ចង់ឱ្យ​អតិថិជន​ស្គាល់​ពី​ផលិតផល ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​ដល់​អតិថិជន 
 
​ទោះបីជា​ផលិតផល​តម្បាញ​ខ្មែរ មិនសូវមាន​លក់​លើ​ទីផ្សារ​ទូលំទូលាយ ដូចជា​ផលិតផល​បរទេស​ក៏ពិតមែន ប៉ុន្តែ​អ្នកស្រី សុភាព យល់ថា ការ​មិនសូវមាន​លក់​លើ​ទីផ្សារ​ច្រើន​នេះ មិនមែន​ដោយសារតែ​អតិថិជន​មិន​គាំទ្រ​នោះទេ ប៉ុន្តែ​ដោយសារ​អ្នកលក់ មិន​ផ្សព្វផ្សាយ និង​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​។ ដូចនេះ អ្នកស្រី​ជឿជាក់ថា ការធ្វើ​ទីផ្សារ​ត្រូវ ស្គាល់​ពី​អតិថិជន​គោលដៅ​ច្បាស់ ផលិតផល​មានគុណ​ភាព នោះ​អតិថិជន នឹង​បែរចិត្ត​គាំទ្រ​ស្នាដៃ ផលិតផល​ខ្មែរ​។ «​ខ្ញុំ​ដើរទៅ​រក​អតិថិជន មិនមែន​អតិថិជន មករក​ខ្ញុំ​ទេ​។ គឺ​យើង​ជា​អ្នករកស៊ី យើង​ទៅរក​ភ្ញៀវ​មុន ព្រោះ​យើង​ដឹង​ភ្ញៀវ យើង​ជា​អ្នកណា​គេ​។ អីចឹង ខ្ញុំ​ទៅរក​អ្នក​ដែល​ស្គាល់ៗ​ហ្នឹង ឱ្យដឹងថា ខ្ញុំ​ចាប់ផ្ដើម​រកស៊ី​អាហ្នឹង​ហើយ ឱ្យ​គាត់​ចាប់ផ្ដើម​សាក​ផលិតផល​យើង នោះ​មនុស្ស នឹង​ចាប់ផ្ដើម​ស្គាល់​(​ផលិតផល​)»​។ 
 
​អ្នកស្រី ចេ​ន សុភាព បាន​ព្យាយាម​បញ្ជ្រាប​គំនិត​ស្រលាញ់​ផលិតផល​តម្បាញ​ខ្មែរ និង​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួន ឱ្យ​អតិថិជន​ជឿជាក់ តាមរយៈ​ការចូលរួម​កម្មវិធី​ផ្សេងៗ ជាពិសេស​នោះ ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ជាច្រើន អម​ជាមួយ​ការ​ស្លៀក​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ ដើម្បី​ឱ្យគេ​បាន​ស្គាល់ និង​ដឹង​ពី​គុណភាព ផលិតផល​តម្បាញ​រប​ស់​ខ្មែរ​។ ការណ៍​នេះ បានធ្វើឱ្យ​អ្នកស្រី ទទួល​ចំណា​ច់​ថ្នាក់​លេខ​មួយ លើ​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​២០២០ កាលពីពេល​ថ្មីៗ ដែល​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ ផលិតផល​កី​តម្បាញ​ខ្មែរ កាន់តែ​មានឈ្មោះ​ល្បីល្បាញ​។ អ្នកស្រី សុភាព អះអាង ក្នុង​សម្ដី​ជឿជាក់​ដូច្នេះ​ថា​៖«​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​ខ្ញុំ​ធ្វើ​កន្លងមក​ហ្នឹង គឺ​ខ្ញុំ​ធ្វើ​ឱ្យគេ​ស្គាល់ ចេ​ន សុភាព ហ្នឹង​អ្នកណា​គេ​សិន ព្រោះ​អី ចេ​ន សុភាព គឺ​កី​តម្បាញ​ខ្មែរ​។ កី​តម្បាញ​ខ្មែរ​គឺ ចេ​ន សុភាព​។ ខ្ញុំ​ត្រូវយក​ខ្លួន​ខ្ញុំ​ហ្នឹង ភ្ជាប់​ជាមួយ​ផលិតផល និង​អាជីវកម្ម​របស់ខ្ញុំ​។ អីចឹង​គឺ​ខ្ញុំ ត្រូវតែ​អភិវឌ្ឍន៍​ខ្លួន​ខ្ញុំ តាម​ការធ្វើ​អ្វីមួយ ឱ្យ​ជោគជ័យ​ដូចជា​ទៅ​ប្រកួត​បាន​ជាប់​ពាន ឱ្យគេ​ស្គាល់​ខ្ញុំ ដល់​គេ​ស្គាល់​គេ​ហៅ​ទៅធ្វើ​វាគ្មិន កាន់តែ​គេ​ស្គាល់​ច្រើន​ទៀត​»​។​
 
​អ្នកស្រី ចេ​ន សុភាព​៖ ចង់ឱ្យ​អាជីវកម្ម​ដើរ​រលូន ត្រូវ​ស្គាល់​អាជីវកម្ម​ឱ្យ​ច្បាស់​
 
​ផ្ដើម​ទុន​ចំនួន ៣៥០​ដុល្លារ សហគ្រាស​កី​តម្រា​ញ​ខ្មែរ KTK មានដំណើរ​លូតលាស់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ បច្ចុប្បន្ន​សហគ្រាស​មួយ​នេះ មាន​ពីរ​សាខា និង​មាន​ផលិតផល​តម្បាញ​ច្រើន​ជម្រើស ដល់​អតិថិជន​។ សហគ្រិន​វ័យ ៣៩​ឆ្នាំ​រូបនេះ ចាត់ទុក​ការធ្វើ​អាជីវកម្ម ដូចជា​ការចិញ្ចឹម​កូន​អីចឹង ព្រោះ​បើ​មិន​មើលថែ​ដិតដល់​ទេនោះ វា​នឹង​ឈឺ​ច្រើន ហើយ​រយៈពេល​៥​ឆ្នាំ​មកនេះ អ្នកស្រី សុភាព តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​។ អ្នកស្រី​រៀបរាប់​ដូច្នេះ​ថា​៖ «​ខ្ញុំ​គ្រប់គ្រង​លម្អិត​ណាស់ ក្នុង​តួ​អាជីវកម្ម​ទាំងមូល​របស់ខ្ញុំ និយាយ​រួម​ទៅ​គឺ ខ្ញុំ​ស្គាល់​អាជីវកម្ម​ខ្ញុំ​ដូច​បាតដៃ​ខ្ញុំ​អីចឹង ទាំងពី​ការធ្វើ​ទីផ្សារ ស្គាល់​អតិថិជន​គោលដៅ​ជា​អ្នកណា ហើយ​ធនធាន​របស់ខ្ញុំ មាន​អ្វីខ្លះ ប្រាក់ចំណូល​របស់ខ្ញុំ​ចូល​តាមរយៈ​អី​? តាំងពី​ការលក់ដុំ លក់រាយ លក់​ជា​លក្ខណៈ​ដៃគូ តាមរយៈ​ការសហការ​ជាមួយ​ជាងដេរ  គេ​ប៉ុន្មាន​ភាគរយ ដើម្បី​យកលុយ​ហ្នឹង​មក​ទុក​ចំណាយ​»​។​
 

គ្មាន​ភាពជោគជ័យ​ណា បានមកពី​ការមិន​ខំប្រឹង​នោះទេ ពោលគឺ​ទម្រាំ អ្នកស្រី សុភាព ឈរ​ដល់​ចំណុច​នេះ ស្ត្រី​ដែលមាន​គំនិត​ល្អិតល្អន់​រូបនេះ បាន​ជួប​នូវ​ការលំបាក​ជាច្រើន​។​« ខ្ញុំ​ជួប​ឧបសគ្គ​ច្រើនណាស់ ពេលខ្លះ​ក៏​ខ្ញុំ​ខ្វះ​ដើមទុន ខ្វះ​មនុស្ស​ជួយ ពេលខ្លះ​ក៏​បាត់បង់​ភ្ញៀវ ជួប​រឿង​ច្រើនណាស់ តាំងពី​ខូច​ផលិតផល​។ ទីផ្សារ​ទៀតសោត មានការ​ប្រកួតប្រជែង​តម្លៃ​។ តែ​ធ្វើ​យ៉ាងម៉េច ខ្ញុំ​មាន​ពាក្យ​បី នៅក្នុង​កី​តម្បាញ​ខ្មែរ KTK ទីមួយ​គុណភាព ទាំង​ផលិតផល ទាំង​សេវាកម្ម​។ ផលិត​ល្អ​សេវាកម្ម​អន់ ក៏​គេ​មិន​មក​ទិញ​យើង​ដែរ​។ ទី​ពីរ គឺ​សោ​ភ័​ណ្ឌ​ភាព គឺ​យើង​ត្រូវធ្វើ​អ្វី​ថ្មី​រហូត និង​ទី​បី​ទំនុកចិត្ត​។ ទម្រាំ​ឱ្យគេ​ជឿ​យើង មិន​ងាយ​ទេ អីចឹង​ឧបសគ្គ​មាន​ច្រើន​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សុភាព​។​
 
«​ជួប​ឧបសគ្គ​មួយ​ដោះស្រាយ​មួយ ជួប​ពីរ​ដោះស្រាយ​ពីរ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់ សហគ្រិន​រូបនេះ ដែល​បាន​បន្តថា​ខ្លួន មិនដែល​គេចវេស​បញ្ហា ឬ​ទុកចោល​បញ្ហា​មិន​ដោះស្រាយ​នោះឡើយ​។ ការណ៍​នេះ ជាហេតុ​នាំឱ្យ​អ្នកស្រី សុភាព កាន់តែ​ស្គា​ល់ពី​អាជីវកម្ម​របស់ខ្លួន និង​បាន​រិះរក​គំនិត​ថ្មីៗ មក​អភិវឌ្ឍន៍​បន្ថែម ដើម្បីឱ្យ​អាជីវកម្ម​ឈរ​ទៅមុខ​បាន​។ 
 
​តាមរយៈ​បទពិសោធន៍ សមត្ថភាព និង​ការប្រឹងប្រែង បានធ្វើឱ្យ​សហគ្រិន​ស្ត្រី​ឆ្នើម​រូបនេះ បានសម្រេច​គោលដៅ ដោយ​ជា​ផ្នែក​មួយ ជួយ​ឱ្យ​ផលិតផល​តម្បាញ​ខ្មែរ មាន​តម្រូវការ​ទីផ្សារ និង​ជួយ​ដល់​ជីវភាព​ស្ត្រី​តម្បាញ​ខ្មែរ​រាប់រយ​នាក់ មិនឱ្យ​ចំណាកស្រុក​។ ស្ត្រី​ជា​កូន​អ្នក​ខេត្ត​ព្រះសីហនុ​រូបនេះ មិន​ស្ទាក់ស្ទើរ ក្នុង​ការជំរុញឱ្យ​ស្ត្រី​ផ្សេងទៀត ជាពិសេស​យុវតី ដែល​ចង់​ធ្វើ​អាជីវកម្ម ត្រូវ​ហ៊ាន​ធ្វើ​អ្វី ដែល​ខ្លួន​ចូលចិត្ត ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព​។ អ្នកស្រី​ផ្ដាំ​ដូច្នេះ​ទៅ​យុវតី​ដែល​ចង់​ក្លាយជា​សហគ្រិន​៖«​បើសិនជា​លទ្ធផល មិន​សម្រេច​ដូច​អ្វីដែល​ខ្លួន​ចង់បាន ក៏​កុំ​បោះបង់​ឲ្យ​សោះ តែ​ត្រូវ​កែច្នៃ​បន្ថែមទៀត ព្រោះ​ជោគជ័យ ត្រូវការ​ពេលវេលា និង​ភាព​អត់ធន់​»៕

ព័ត៌មានទាក់ទង