ដើមឈើ​ចំនួន​៩៧​ដើម នៅ​រមណីយដ្ឋាន​អង្គរ រលំ​ដោយសារ​ខ្យល់​កន្ត្រាក់ 

30/09/2020 9:33 am សៀមរាប

ដើមឈើ​ចំនួន ៩៧​ដើម ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ បាន​ដួលរលំ​ដោយសារ​ភ្លៀង និង​ខ្យល់​កន្ត្រាក់ ដែល​កើតឡើង​អំឡុង​រដូវវស្សា ឆ្នាំ​២០២០​នេះ​។ អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី ២៩ ខែកញ្ញា​ថា ដើមឈើ​ដែល​ដួល​រំលំ​នេះ កើត​មាននៅ​១២​ទីតាំង​ផ្សេងគ្នា ហើយ​ដើមឈើ​ទាំងនោះ មាន​ទំហំ​មុខកាត់ ពី ១០- ៧០​សង់ទីម៉ែត្រ​។



​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​កាត់​សម្អាត​ដើមឈើ​ដែល​ដួលរលំ​ទាំងនោះ ដើម្បី​រក្សា​សោភ័ណភាព​នៅក្នុង​ឧទ្យាន​អង្គរ​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​បញ្ជាក់ថា ប្រភេទ​ដើមឈើ​ដែលមាន​មានដូចជា ដើម​ស្រឡៅ ដើមឈើ​ទាល​, ដើម​ខ្នារ​, មៀនព្រៃ​,​ស្ដៅ ,​សិរមាន់ ,​ក្រាយ​, ត្រាច​, ត្រ​សេក​, ស្លា​ក្រពុល​, ខ្ចាស់​,​ក្រឡាញ់​, ជម្ពូ , ពភ្លា​, ច័ន​ទំពាំង​, ស្លែង​, បំពេញ​រាជ​, អង្កាញ់ សង្កែ​, ដើម​ស្នាយ​, ក​ន្ទៀ​ក​, ចាមរី ដើម​រំដួល​, ដើម​ពោធិ៍ ,​ដើមថ្កូវ ដើម​ពង្រ និង​ដើមឈើ​កម្រ ច្រើន​ប្រភេទ​ទៀត​។​


រូបភាពពី​អាជ្ញាធរជាតិ​អប្សរា

​ទីតាំង​ដែលមាន​ដើមឈើ​ដួលរលំ​ច្រើនជាងគេ គឺ​នៅ​បរិវេណ​អង្គរធំ ដែលមាន​ចំនួន ២៤​ដើម និង​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និង​តំបន់​ជុំវិញ ចំនួន ១៣​ដើម​ទៀត​។ ក្រៅពីនោះ មាននៅ​តាមផ្លូវ​វង់​ធំ ចំនួន​១១​ដើម នៅ​ប្រាសាទព្រះខ័ន និង​ប្រាសាទភ្នំបាខែង សរុប​៨​ដើម​។ ចំណែក​នៅ​តំបន់​រលួស មាន​៧​ដើម ហើយ​នៅ​ខាងលិច​ប្រាសាទ​តា​នៃ និង​ប្រាសាទតាកែវ ចំនួន​២​ដើម​។ នៅ​បរិវេណ​ប្រាសាទបន្ទាយ​ប្រី និង​ប្រាសាទ​ប្រី​ចំនួន ៤​ដើម​។ នៅ​ខាងត្បូង​ប្រាសាទប្រែរូប​មាន ១​ដើម​។ ៣​ទីតាំង​ទៀត មាន​ដើមឈើ​រលំ​១៣​ដើម គឺ​នៅ​បរិវេណ​ស្រះស្រង់ ប្រាសាទបន្ទាយក្តី និង​ប្រាសាទតាព្រហ្ម​។ នៅ​ប្រាសាទ​វត្ត​អធ្វារ និង​ប្រាសាទនាគព័ន្ធ​មាន ៣​ដើម​។ នៅ​បរិវេណ​ប្រាសាទបន្ទាយស្រី​ចំនួន ៧​ដើម​។ និង​នៅតាម​បណ្តោយ​ផ្លូវ​ហ្សា​ដឺ​ហ្គោល ដល់​ស្ពាន​អង្គរ និង​ប្រាសាទក្រវ៉ាន់​ចំនួន ៥​ដើម​៕


រូបភាពពី​អាជ្ញាធរជាតិ​អប្សរា

ព័ត៌មានទាក់ទង