អ្នកលក់​តាម​រទេះ ប្រើ​ស្លឹកចេក​និង​ស្លឹក​ឈូក​ខ្ចប់​អាហារ ដើម្បី​ចូលរួម​​កាត់បន្ថយ​ប្លា​ស្ទិ​ក​

12/10/2020 9:00 am ភ្នំពេញ

អ្នកលក់ដូរ​ចំណីអាហារ​តិចតួច​មួយ​ចំនួន ដែល​លក់​តាម​រទេះរុញ បានជ្រើសរើស​យក​ស្លឹក​ឈូក ឬ​ស្លឹកចេក មក​ខ្ចប់​អាហារ​របស់ខ្លួន ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក៏ដូចជា​ជួយ​ការពារ​សុខភាព​របស់​អតិថិជន​របស់​ពួកគេ​។ តែ​ទោះជា​យ៉ាងណា ក៏​នៅមាន​អ្នកលក់​ចំនួន​ច្រើន ដែល​មិនទាន់​យល់ដឹង​ពី​គុណប្រយោជន៍​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ​ទាំងនោះ ដោយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។



​ឈរ​ប្រែ​នំគូឆាយ​ក្នុង​ខ្ទះ​មាន​សណ្ឋាន​ស្រដៀង​នឹង​ថាស នៅ​ជិត​ផ្សារ​ដើមថ្កូវ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជ្រក​ក្រោម​ដំបូល​រទេះរុញ​ធ្វើ​ពី​ឈើ ដើម្បី​ការពារ​ទឹកភ្លៀង​ដែល​កំពុង​ធ្លាក់​មាន​សភាព​ក្រាស​គួរសម នោះ​គឹ​អ្នកស្រី ចាន់ ចិន្តា​។ មាន​អាយុ​៤៨​ឆ្នាំ ស្ត្រី​មាឌ​មាំ​រាង​ខ្ពស់​រូបនេះ បាន​ទិញ​ស្លឹក​ឈូក​ពី​ទីផ្សារ ដើម្បី​ទ្រាប់​ពីលើ​ចាន​មុនពេល​ដាក់​នំគូឆាយ​ទៅក្នុង​ចាន​ស្នោ​។ 
 
​ពាក់អាវ​ពណ៌​ក្រហម​ដៃ​វែង និង​ពាក់មួក​ពណ៌​កាហ្វេ ស្ត្រី​សម្បុរ​ស្រអែម​រូបនេះ ពន្យល់​ពី​មូល​ហេតុដែល​គាត់​ទិញ​ស្លឹក​ឈូក​យកមកប្រើ​៖«​ខ្ញុំ​ខ្លាច​ខូចសុខភាព​អ្នកទិញ កុំ​ឱ្យគេ​មាន​ជំងឺ​ឈឺ​ថ្កាត់ ហើយក៏​ចង់​ឱ្យគេ​ជួយ​ទិញ​ដែរ​។ ខ្ញុំ​ឮ​តែ​គេ​ឈឺ ខ្ញុំ​ចេះតែ​ជួយ​ការពារ​គ្នា​ទៅណា​។ ណាមួយ​អ្នកទិញ​ខ្លះ​គេ​ឱ្យ​ខ្ញុំ​ទិញ​ស្លឹក​មក​ទ្រាប់​មក​។ ស្លឹក​នេះ​មួយ​ដុំ​២​ពាន់​រៀល ខ្ចប់​បាន​២​ថ្ងៃ ហើយ​បាន​ច្រើន​ដែរ ជួន​អី​២០​ស្លឹក ជួន​អី​១៥​ស្លឹក​។ បើ​ស្លឹក​ធំ​ខ្ញុំ​កាត់​បាន​៦​ទៅ​៧​ចាន បើ​អាតូច​កាត់​បាន​តិច​ដែរ​»​។ 



មាន​ស្រុកកំណើត​ពី​ខេត្តព្រៃវែង អ្នកស្រី ចិន្តា បាន​ចាប់​របរ​លក់​នំគូឆាយ​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មកហើយ​។ ទើបតែ​ចាប់ផ្ដើម​ប្រើប្រាស់​ស្លឹក​ឈូក ក្នុងអំឡុងពេល​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា ស្ត្រី​វ័យ​កណ្ដាល​រូបនេះ ពិបាក​រក​ទិញ​ស្លឹក​ឈូក​ដែរ នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ព្រោះ​គេ​មិនអាច​ទៅ​កាច់​ស្លឹក​នោះបាន​។ លក់​ឱ្យ​អតិថិជន​ដែល​ជិះ​ម៉ូតូ​មក​ទិញ​ទាំង​ភ្លៀងរលឹម​បណ្ដើរ ហើយ​ស្ត្រី​កូន​២​រូបនេះ​ឆ្លៀត​បញ្ជាក់​ពី​ការលក់​បន្ថែម​៖«​ជួន​អី​ថ្ងៃ​ភ្លៀង​ធំ​មិនមាន​ស្លឹក​ទ្រាប់​ឱ្យ​គែ​ទេ គេ​ថា​ស្លឹក​លិច​ទឹក​អស់ហើយ គេ​កាច់​មិន​បានទេ​។ នៅសល់​អា​ក្រហម ខ្ញុំ​ដាក់​ឱ្យគេ គេ​ក៏​មិន​ថា​អ្វី​ដែរ គេ​ថា​ឱ្យតែបាន​ទ្រាប់​ទៅ​។ អ្នកខ្លះ​គេ​ថា​មិនឱ្យ​ដាក់​ស្លឹក​ទេ ដាក់​តែ​ថង់​បាន​ហើយ តែ​ខ្ញុំ​ថា​ខ្ញុំ​តម្រូវ​ទ្រាប់​ស្លឹក​ឈូក​ឱ្យគេ​ទៅហើយ ខ្លាច​ថង់​មាន​ជាតិគីមី​។ ភាគច្រើន​អ្នក​ដែល​មិនឱ្យ​ដាក់​ស្លឹក ច្រើនតែ​ជនជាតិ​វៀតណាម តែ​យូរៗ​គេ​មក​ទិញ​ម្ដង​ទេ​»​។​
 
​ក៏​ជា​អ្នកប្រើប្រាស់​ស្លឹក​ឈូក ដើម្បី​ខ្ចប់​ចំណីអាហារ​ឱ្យ​អតិថិជន​មួយរូប​ទៀត នោះ​គឺ​អ្នកស្រី ស៊ី​មា​។ អង្គុយ​លើ​កៅអី​ពណ៌​ខៀវ ជិត​រទេះរុញ​ទំហំ​ទទឹង​ប្រមាណ​ជា​១​ម៉ែត្រ​កន្លះ និង​បណ្ដោយ​ប្រមាណ​ជា​២​ម៉ែត្រ ដែលមាន​លក់​បាយ ត្រីអាំង មាន់​អាំង និង​ជ្រក់​ជាដើម​នោះ អ្នកស្រី ស៊ី​មា កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក ក៏​ព្រោះតែ​គាត់​យល់ឃើញ​បែបនេះ​៖«​ទី​១​ថង់​ប្លា​ស្ទិ​កវា​មាន​ជាតិគីមី​ប៉ះពាល់​សុខភាព ទី​២​វា​ប៉ះពាល់​ដល់​ដី​របស់​យើង វា​មិន​រលួយ​។ ខ្ញុំ​មិន​ប្រើ​ប្រអប់​ស្នោ​ទេ តែ​ខ្ញុំ​ប្រើ​ថង់ ព្រោះ​ដើម្បីឱ្យ​អ្នកទិញ​ស្រួល​កាន់​»​។ 



​ស្ត្រី​មុខ​មូល ពាក់អាវ​ពណ៌​សលាយ​ខ្មៅ និង​មាន​ពាក់អាវ​អៀម​សម្រាប់​ចំអិន​អាហារ​ពណ៌​ខៀវ​នៅ​ពី​ក្រៅ​ផង​នោះ នៅ​រក្សាបាន​ប្រពៃណី​ខ្ចប់​ស្លឹក​ឈូក តាំងពី​អ្នកស្រី​ប្រកប​របស់​នេះ​ក្នុងអំឡុង​ឆ្នាំ​១៩៩០​។ មាន​សម្ដី​មួយៗ ក្នុង​ទឹកមុខ​ស្មើ អ្នក​ម្ដាយ​មានកូន​៤​នាក់​រូបនេះ ក៏​ចង់​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ទាំងស្រុង​ដែរ ប៉ុន្តែ​អ្នកស្រី​ថា​វា​មិនអាច​ទៅរួច​៖«​តាំងពី​លក់​មក​ខ្ញុំ​ប្រើ​ស្លឹក​ឈូក​រហូត គឺ​តាំងពី​ឆ្នាំ​១៩៩៨​។ បើ​មិនមាន​ស្លឹក​ឈូក​ក៏​ខ្ញុំ​ប្រើ​ស្លឹកចេក​ដែរ​។ ពីមុនមក​មិនមាន​ថង់​បែបនេះ​ទេ គឺ​ខ្ញុំ​ប្រើ​ត្បុត​ហើយ​រុំ​ស្លឹកចេក​ពីលើ​មាន់ បន្ទាប់មក​ខ្ញុំ​ចងខ្សែ​។ តែ​ដល់ពេល​មាន​ថង់ ខ្ញុំ​ក៏​ច្រក​ថែម​មួយ​ជាន់​ទៀត​។ ខ្ញុំ​មិនអាច​កាត់បន្ថយ​ថង់​បានទេ ព្រោះ​វា​ពិបាក​ចង ហើយ​អ្នកទិញ​ក៏​ពិបាក​កាន់​»​។​
 
​រស់នៅក្នុង​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​មានផ្ទះ​នៅ​ជិត​ស្ទឹង​សៀមរាប ដោយនៅ​ឆ្ងាយ​ពី​កន្លែង​លក់ ស្ថិតក្នុង​ផ្សារ​ក្រោម​ប្រមាណ​ជា​១​គីឡូម៉ែត្រ អ្នកស្រី ស៊ី​មា ត្រូវ​លក់​បាយ​ម្ហូប​ពី​ម៉ោង​៥​ល្ងាច​ដល់​១១​យប់​។ អ្នកស្រី​ទទួលបាន​ទាំង​អតិថិជន​ដែល​ចូលចិត្ត​ក្លិន​ស្លឹក​ឈូក និង​មិន​ចូលចិត្ត​៖«​មាន​អតិថិជន​ខ្លះ​គេ​មិនឱ្យ​ដាក់​ថង់ ហើយ​ក៏មាន​អតិថិជន​ខ្លះទៀត គេ​មិនឱ្យ​ដាក់​ស្លឹក​ឈូក​ដែរ គេ​ថា​ធំក្លិន​ស្លឹក​ឈូក តែមាន​តិចតួច​ដែរ​ទេ​។ អ្នកខ្លះ​គេ​ថា​ស្លឹក​ឈូក​ឆ្ងុយ ប៉ុន្តែ​អ្នកខ្លះ​ទៀត​គេ​ថា​ធំក្លិន​នេះ​ហូប​មិនកើត​។ ភាគច្រើន​ខ្ញុំ​ខ្ចប់​យ៉ាងណា​គេ​យកទៅ​យ៉ាងនោះ​»​។ 



ស្លឹក​ឈូក បាន​ជួយ​ឱ្យ​អ្នក​ម្ដាយ​ដែលមាន​កូន​២​នាក់ ចិន្តា មាន​អតិថិជន​ថ្មី​ច្រើនជាង​មុន​។ តែ​ទោះជា​យ៉ាងណា ពេលខ្លះ​អ្នកស្រី​ក៏ត្រូវ​បាត់​ភ្ញៀវ​ខ្លះ​ដែរ នៅពេលដែល​គាត់​រក​ទិញ​ស្លឹក​ឈូក​មិនបាន ហើយ​គេ​មិន​ព្រម​ទិញ​នំ​របស់គាត់​៖«​ថ្ងៃមួយ​នោះ​ខ្ញុំ​ទើបតែ​ចេញពីផ្ទះ គេ​ថាបើ​មាន​ស្លឹក​ឈូក​គេ​យកនំ​១០ ខ្ញុំ​ថា​មិនមាន​ទេ ហើយ​គាត់​ថាឱ្យ​ខ្ញុំ​ទៅ​ហែក​ស្លឹកចេក​របស់គេ តែ​ខ្ញុំ​មិន​ហ៊ាន​ទេ ខ្លាច​គេ​ស្រែកថា​ចោរ​អី ខ្ញុំ​យកមុខ​ទៅ​ទុក​នៅឯណា ដូច្នេះ​កុំ​ចង់បាន​ប្រាក់​របស់គេ យក​ប្រយោជន៍​របស់​ឯង​។ បើសិនជា​ឃើញ​ម្ចាស់​របស់គេ​នៅ​ទីនោះ ក៏​ខ្ញុំ​ស្រែក​សុំ​ដែរ តែ​ខ្ញុំ​មើលមិនឃើញ​។ អ្នកខ្លះ​គេ​មិន​ថា​អ្វី​ទេ តែ​អ្នកខ្លះ​គេ​ថា​រកស៊ី​របស់​ឯង តែ​ទៅយក​របស់គេ ដូច្នេះ​សុខចិត្ត​អត់​»​។​
 
​បើទោះបី​ជាមាន​អតិថិជន​ថ្មី ព្រោះតែ​ការ​ខ្ចប់​ស្លឹក​ឈូក​ក៏ពិតមែន ប៉ុន្តែ​អ្នកស្រី ចាន់ ចិន្ដា ដែល​ពាក់​ម៉ាស​ពណ៌​ខ្មៅ នៅតែ​ត្អូញត្អែរ​ពី​ការបាត់​អតិថិជន​ចាស់​យ៉ាងច្រើន​លើសលប់​។ ពី​ដើមឡើយ នំគូឆាយ​៨​គីឡូ​អង្ករ ស្ត្រី​មុខ​មូល​រលោង​រូបនេះ អាច​លក់​អស់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ក្រោយពី​មាន​វិបត្តិ​កូ​វីដ​១៩ នំ​តែ​៤​គីឡូ​អង្ករ ហើយ​លក់​២​រទេះ​ជាមួយ​ប្ដី ក៏​អ្នកស្រី​មិនអាច​លក់​អស់​ពាក់កណ្ដាល​ផង​៖«​កាលពីមុន​វា​ដាច់​ជាង​ហ្នឹង ប៉ុន្តែ​តាំងពី​កូ​រ៉ូ​ណា វា​រាង​ស្ងាត់​ដែរ​។ ដូច​ថា​ពីមុន​១០ តែ​មក​ឥឡូវ​បានតែ​៧​ឬ​៥ បាត់​ច្រើន​ដែរ តែ​ខ្ញុំ​មិនដឹងថា​រក​អ្វី ក៏​ចេះតែរ​កទៀ​តទៅ​»​។​
 
​ត្រូវ​ចំណាយ​ដើម​ទុក​ប្រមាណ​ជាង​១០​ម៉ឺន​រៀន​ក្នុង​មួយថ្ងៃ សូម្បីតែ​ប្រាក់​ដើម​ក៏​រក​សឹង​មិន​គ្រប់​មកវិញ​ផង​នោះ អ្នកលក់​ដែល​នៅ​ជំពាក់​ប្រាក់​ធនាគារ ព្រោះតែ​ព្យាបាល​ជំងឺ​ម្ដាយ​ចាស់​នៅ​ស្រុក​រូបនេះ ធ្លាប់បាន​ជំនុំ​ជាមួយ​ប្ដី ដើម្បីឱ្យ​កូន​ឈប់រៀន​។ តែ​ទោះជា​យ៉ាងណា នៅពេលដែល​ឃើញ​កូន​ទាំងពីរ​ស្រឡាញ់​ការសិក្សា ពួកគាត់​ក៏​មិន​ដាច់ចិត្ត​ឱ្យ​កូន​ឈប់​ដែរ​៖«​ប្រុស​បងរៀន​ថ្នាក់​ទី​១១ ហើយ​ស្រី​ប្អូន​ថ្នាក់​ទី​៩ ដល់​តែ​លក់​មិនសូវ​ដាច់​អ៊ីចឹង ចង់ឱ្យ​កូន​ឈប់​តើ​។ តែ​កូនស្រី​វា​មិន​ឈប់ ហើយ​កូនប្រុស​វា​ថា​ចាំ​ឱ្យ​វា​ប្រឡង​ថ្នាក់​ទី​១២​ឱ្យអស់​ចិត្ត​សិន​។ ពិសេស​កូនស្រី​ហ្នឹង​តែម្ដង វា​ថាបើ​ម៉ែ​ឱ្យ​ឈប់ ខ្ញុំ​មិន​ឈប់​ទេ ខ្ញុំ​សុខចិត្ត​ឈប់​ចាយលុយ​។ ខ្ញុំ​ថា​អ៊ីចឹង​កូន​ឯង​ទៅ​រៀន មើលមុខ​គេ​ហ្នឹង​»? 

ចំណែក​អ្នកស្រី ស៊ី​មា អះអាងថា​គាត់​មិន​ខ្លា​ចនឹង​ការចំណាយ​លើ​ការទិញ​ស្លឹក​ឈូក​ឡើយ ព្រោះ​ដើម្បីឱ្យ​អ្នកទិញ​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​៖«​ខ្ញុំ​ទិញ​ពី​គេ​១​ដុំ​មួយ​ម៉ឺន​រៀល មិនដឹងថា​គេ​ដាក់ឱ្យ​ប៉ុន្មាន​ដែរ​។ ១​ដុំ​ហ្នឹង​ខ្ញុំ​ខ្ចប់​អស់​មួយថ្ងៃ វា​មាន​ប្រហែលជា​២​គីឡូក្រាម​អី​ដឹង​? ចំណាយ​ប៉ុណ្ណឹង​មិន​អី​ទេ ឱ្យតែ​អតិថិជន​អាច​ការពារ​សុខភាព កុំឱ្យ​ប៉ះពាល់​ច្រើន​។ ទោះ​ចំណេញ​តិច​ក៏​ទៅតាម​នោះ​ចុះ​»​។  
 
​អង្គុយ​មើលទៅ​ស្លឹក​ឈូក ដែល​ដាក់​នៅលើ​រទេះ​នៅ​ចំពោះមុខ ស្ត្រី​វ័យ​៥៥​ឆ្នាំ​រូបនេះ លើកទឹកចិត្ត​ឱ្យ​អ្នកលក់​ទាំងអស់​ចូលរួម​ប្រើប្រាស់​ធនធានធម្មជាតិ​កើត​ងាយ ដូចជា​ស្លឹក​ឈូក និង​ស្លឹកចេក​ជាដើម ដើម្បី​កាត់បន្ថយ​ប្លា​ស្ទិ​ក ដែល​ធ្វើឱ្យ​ខូច​បរិស្ថាន និង​សុខ​ភាពជា​សកល​៖«​ខ្ញុំ​ចង់ឱ្យ​អ្នកលក់​ផ្សេងទៀត បែរមក​ប្រើ​ស្លឹក​ឈូក​ឬ​ស្លឹកចេក​ឱ្យ​កាន់តែច្រើន ដើម្បី​ការពារ​សុខភាព​ទាំងអស់គ្នា ព្រោះ​ប្លា​ស្ទិ​ក​នេះ​វា​មាន​គីមី​ច្រើន​។ ខាង​រដ្ឋាភិបាល និង​ក្រសួងបរិស្ថាន ក៏​អំពាវនាវ​ឱ្យ​យើង​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​នេះ​ច្រើន​ដែរ​។ ម្យ៉ាងទៀត​សំរាម​ច្រើន គឺ​ច្រើនតែ​ថង់​ប្លា​ស្ទិ​ក​ហ្នឹង វា​មិន​រលួយ​ទៅណា កប់​ក្នុង​ដី​ប៉ុន្មាន​ឆ្នាំ កាយ​មក​ក៏​នៅតែ​ថង់​ហ្នឹង អ៊ីចឹង​វា​ប៉ះពាល់​ដី​ដាំ​ដំណាំ​»​។​
 
​បើតាម​គេហទំព័រ​របស់​ក្រសួងបរិស្ថាន ថង់​ប្លា​ស្ទិ​ក​អាច​ត្រូវការ​ពេល​ពី​១០​ទៅ​២០​ឆ្នាំ ទើប​ពុកផុយ​។ ចំណែក​ប្រអប់​ស្នោ​ដាក់​អាហារ អាច​ត្រូវការ​ពេល​រាប់ពាន់​ឆ្នាំ ដើម្បី​ពុកផុយ ហើយ​មួយចំនួន​មិនអាច​រលាយ​បានឡើយ​។ ប្លា​ស្ទិ​ក​ទាំងនោះ​មាន​សារធាតុពុល​ជាច្រើន ដែល​បាន​នឹង​កំពុង​បំពុល​ទឹក ដី និង​ខ្យល់​៕

ព័ត៌មានទាក់ទង