​USAID ផ្ដល់វិញ្ញាបនបត្រជូនសហគ្រិនជាស្រ្តី៥០នាក់ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល៦ខែ

27/09/2020 11:00 am ភ្នំពេញ

ភ្នំពេញ៖ កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ សហគ្រិនជាស្រ្តី៥០នាក់ បានទទួលវិញ្ញាបនបត្រក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលពីគម្រោងសហគ្រិននារីសកម្ម ដែលអនុវត្តដោយអង្គការផេកកម្ពុជា (Pact Cambodia) ​និងទទួលបានការ គាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID​ និងក្រុមហ៊ុន Support Her Enterprise (SHE) Investments។



ក្រោមគម្រោងសហគ្រិននារីសកម្ម SHE Investments បានបណ្ដុះអាជីវកម្ មចំនួន២ ដល់សហគ្រិនចំនួន៥នាក់នៅភ្នំពេញ និងស្រី្តវ័យក្មេងដទៃទៀត ឲ្យក្លាយជាគ្រូបង្គោល ដើម្បីអាចបន្តនូវវគ្គបណ្ដុះបណ្ដាលអាជីវកម្ម ជាមួយ SHE Investments ​ពេលខាងមុខបន្ថែមទៀត។


ការបណ្ដុះបណ្ដាលរយៈពេល៦ខែមកនេះ សហគ្រិនស្រ្តីកម្ពុជាចំនួន៥០នាក់ បានទទួលការបណ្ដុះពីគ្រូបង្គោលចំនួន៥ដែលមានបទពិសោធជាក់ស្តែង។ SHE Investments បានបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល បើទោះបីជា មានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។

អ្នកស្រី ប៊ុន ណារ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងដូចនេះថា៖«ខ្ញុំរីករាយនឹងឃើញស្រ្តី ចេះប្រកបមុខរបរ ដោយខ្លួនឯងពីទ្រង់ទ្រាយតូចទៅ។​ បើសិនជាស្រ្តីមានគំនិត យើងអាច អភិវឌ្ឍពីទ្រង់ទ្រាយតូចនេះ រហូតទៅជាអាចបង្កើតជាសហគ្រាស សហគ្រិនធនតូច និងធនមធ្យមនៅពេលអនាគត»។ អ្នកស្រី ក៏អរគុណ ដល់អង្គទាំង២ និងក្រុមហ៊ុន SHE Investments ដែលបានចំណាយ ទាំងពេលវេលា និងថវិកា សម្រាប់ការបណ្ដុះបណ្ដាល ដល់សហគ្រិន ជាស្ត្រីកម្ពុជា ឲ្យមានចំណេះជំនាញពិតប្រាកដ និងច្បាស់លាស់ ដែលនេះជាផ្នែកមួយជំរុញដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងស្រុកផងដែរ។


ក្រៅពីនោះ លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋាន សមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច បានលើកឡើងដូច្នេះថា៖«រដ្ឋាភិបាល បានចាត់ទុកថា វិស័យឯកជន ក៏ដូចជាសហគ្រិនភាព គឺជាវិស័យនាំ មុខមួយនៅក្នុងកំណើនសេដ្ឋកិច្ច»។ លោក បន្តថា បច្ចុប្បន្នកំណើនសេដ្ឋកិច្ច មានការលូតលាស់ ហើយលោក ចង់មនុស្សគ្រប់ងាក ត្រឡប់ទៅមើល ពីអតីតកាលថា សេដ្ឋកិច្ចរីកចម្រើនដល់កម្រិតណា។

ក្រៅពីនោះ លោក ក៏បានបន្ថែមទៀត ស្រ្តីដែលមានវត្តមានក្នុងកម្មវិធី ប្រគល់ជូនវិញ្ញាបនបត្រនេះទាំងអស់ សុទ្ធតែមានចំណែកចូលរួម ជារដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមជាតិ ពិសេសជំរុញនូវសក្កានុពល វិស័យសេដ្ឋកិច្ចឯកជន។ ក្រៅពីមានចំណែកជំរុញសេដ្ឋកិច្ចសង្គម ស្រ្តីដែលជាសហគ្រិន គឺមានជម្រើសសម្រាប់ការអភិវឌ្ឍខ្លួនឯង លើវិស័យឯកជនផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលសហគ្រិនជាស្រ្តី ធ្វើឡើងតាំងពីខែមីនា រហូតមកដល់ខែកញ្ញា ដែលបណ្ដុះស្រ្តីលើការធ្វើអាជីវកម្ម ហើយសិក្ខាកាម ទាំង៥០រូបនេះ សុទ្ធតែមានអាជីវកម្ម ហើយក៏បានអភិវឌ្ឍខ្លួន និងយល់កាន់តែច្បាស់ពីភាពជាអ្នកដឹកនាំ រួមទាំងបានយកទៅអនុវត្ត ដើម្បីពង្រីកអាជីវកម្មរៀងៗខ្លួនផងដែរ។ គ្រូបង្គោលទាំង៥រូប ក៏ជាម្ចាស់អាជីវកម្ម ដែលទទួលបានការបណ្ដុះបណ្ដាល លើការធ្វើអាជីកម្មកន្លងមក និងទទួលបានភាពរីកចម្រើនផងដែរ៕

 

ព័ត៌មានទាក់ទង