លោក ពិសិដ្ឋ មានចំណូលជាង១០0ដុល្លារក្នុងមួយខែ ពីការដាំស្មៅចំណីសត្វលើដី១០ម៉ែត្រក្រឡា

25/09/2020 3:59 pm ភ្នំពេញ

លោក សុខ ពិសិដ្ឋ ជាអ្នកដាំស្តេចស្មៅ (King grass) ដែលជាចំណីរបស់ សត្វគោ ក្របី ជ្រូក មាន់ ទា។ យុវជនវ័យ២៧ឆ្នាំរូបនេះ ដាំយកពូជផ្គត់ផ្គង់ពូជដល់កសិករ។ លោក សុខ ពិសិដ្ឋ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ សព្វថ្ងៃលោក ទើបដាំស្មៅនៅដីចំនួន ១០ម៉ែត្រក្រឡាប៉ុណ្ណោះ ដែលជាសាកល្បងដំបូង ដែលមានទីតាំងនៅសង្កាត់ចោមចៅ២ រាជធានីភ្នំពេញ។ ដ្បិតផ្ទៃដីដាំតូច តែយុវជនរូបនេះ អាចទទួលបានចំណូលប្រមាណ១០០ដុល្លារក្នុងមួយខែ ប្រហែល ១ពាន់ដុល្លារក្នុងមួយឆ្នាំ ពីការលក់ពូជស្តេចស្មៅនេះ។
 

លោក សុខ ពិសិដ្ឋ កំពុងដាំដុះប្រភេទស្មៅឈ្មោះ«ស្តេចស្មៅ ឬKing Grass» ដែលស្មៅចំណីសត្វគោ ក្របី មាន់ទា ដ៏ពេញនិយមនាពេលបច្ចុប្បន្ន។ កសិកររូបនេះ បានប្រាប់ Thmeythmey25 ថា  លោកទើបចាប់ផ្តើមដាំសាកល្បងដាំស្មៅនេះ ប្រមាណ៣ឆ្នាំប៉ុណ្ណោះ នៅលើដីតែ១០ម៉ែត្រក្រឡាប៉ុណ្ណោះ។ មានវ័យ២៧ឆ្នាំ កសិករពិសិដ្ឋ ឲ្យដឹងតៀតថា លោកមិនមែនជាអ្នកជំនាញកសិកម្មនោះទេ ប៉ុន្តែដោយចិត្តស្រលាញ់ និងចង់ជួយកសិករ ទើបលោកសិក្សាស្រាវជ្រាវ ពីវិធីសាស្រ្តដាំស្មៅចំណីសត្វនេះតាមអ៊ីនធឺណិត និងដាំដុះដើម្បីចែកចាយបន្តដល់កសិករ ដែលកំពុងចិញ្ចឹមសត្វ គោ ក្របី មាន់ទាជាដើមនោះ។  លោក ពិសិដ្ឋ ពន្យល់បន្ថែមដូច្នេះ៖«ដោយមើលឃើញពីឱកាសទីផ្សារ និងកំណើនអ្នកចិញ្ចឹមសត្វ។ ម្យ៉ាងអ្នកចិញ្ចឹមសត្វភាគច្រើន ពឹងផ្អែកលើស្មៅនៅតាមវាលស្រែ វាគ្មានស្ថិរភាពសម្រាប់សត្វនោះទេ»។ 

ទោះបីដាំស្មៅចំណីសត្វ នៅលើដីតែបន្តិចមែន តែលោក ពិសិដ្ឋ អះអាងថា លោកទទួលបានចំណូលគ្រាន់បើ ដោយក្នុងមួយឆ្នាំ លោកអាចរកចំណូលបានពីការលក់ពូជស្មៅនេះ ទៅឲ្យកសិករនៅតាមបណ្ដាខេត្តនានា ស្ទើរទូទាំងប្រទេស បានប្រមាណ ១ពាន់ដុល្លារ។

ការលក់ពូជស្មៅនោះ ត្រូវគិតជាកង់ ដោយមួយកង់មានប្រវែង៣សង់ទីម៉ែត្រ។ ស្មៅ ១២០ កង់ លោកលក់ក្នុងតម្លៃ ៤ម៉ឺនរៀល។  តាមលោក សុខ ពិសិដ្ឋ ស្មៅនេះ មានទីផ្សារខ្ពស់ ហើយងាយដាំ និងថែទាំជាទីបំផុត មិនរើសដី នោះទេ។ វានឹងហុចផល ក្នុងរយៈពេលពី១ខែ ទៅ១ខែកន្លះ ប៉ុន្តែវាត្រូវការរយៈពេល៦ខែ សម្រាប់ការដាំទុកធ្វើពូជ។លើសពីនេះ ស្មៅនេះ ក៏អាចលក់បានក្នុងតម្លៃសមរម្យ។ ដោយហេតុដូច្នេះហើយ ទើបយុវជនរូបនេះ កំពុងស្វែងរកទីតាំងបន្ថែមទៀត ដើម្បីពង្រីការដាំដុះស្មៅរបស់ខ្លួន។

ក្រៅពីដាំស្មៅពូជចំណីសត្វ លោក សុខ ពិសិដ្ឋ ក៏ជាអ្នកប្រឹក្សាបច្ចេកទេស និងចែកពូជលើការចិញ្ចឹមមាន់ ទា ដល់កសិករនៅតាមខេត្តនានា និងជួយទិញត្រលប់មកវិញ ដើម្បីផ្គត់ផ្គង់លើទីផ្សារនៅភ្នំពេញ។ ប៉ុន្តែគម្រោងរបស់លោកនៅមានទំហំតូចនៅឡើយ ដោយក្នុងមួយថ្ងៃលោក អាចផ្គត់ផ្គង់លើទីផ្សារត្រឹមមាន់ ១០០ក្បាល និងទា ១០០ក្បាលប៉ុណ្ណោះ៕






 

ព័ត៌មានទាក់ទង