ចម្ការផ្កាមួយ នៅស្រុកសង្កែ ខេត្តបាត់ដំបង ទាក់ទាញបានទេសចរប្រមាណ១០០នាក់ក្នុងមួយថ្ងៃ

25/09/2020 11:59 am ភ្នំពេញ

សួនផ្ការីករាយ ដែលមានទីតាំងស្ថិតនៅភូមិ អូរស្រឡៅ ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងទាក់ទាញទេសចរយ៉ាងកុះករ ឲ្យទៅលេងកម្សាន្ត។ ក្រៅពីសម្រស់ផ្ការីកចម្រុះពណ៌មានពណ៌លឿង ក្រហម និងសជាដើម នៅលើផ្ទៃដីប្រមាណ១ហិកតា ទេសចរដែលចូលកម្សាន្តនៅទីនោះ ក៏អាចជួលសម្លៀកបែបបុរាណ ដែលច្នៃដោយម្ចាស់ចម្ការផ្កាផ្ទាល់ ដើម្បីថតរូបបានផងដែរ។  

អ្នកនាង ទៀង កណិការ ម្ចាស់សួនផ្ការីករាយ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថាចម្ការផ្ការបស់ខ្លួន បានបើកដំណើរការ រយៈពេល៣ឆ្នាំមកហើយ ដែលភាគច្រើនអ្នកស្គាល់គឺជាអ្នកបាត់ដំបងតែម្តង។ ជាទូទៅ សួនផ្កានេះ ទទួលបានទេសចរប្រមាណ១០០នាក់ ក្នុងមួយថ្ងៃ ដោយម្នាក់ៗត្រូវចំណាយប្រាក់២០០០រៀល ដើម្បីចូលទស្សនា និងថតរូប ក្នុងសួនដែលមានផ្កាជាច្រើនដូចជា ផ្កាសិរមាន់  ផ្កាឈូករ័ត្ន និងផ្កាកូស្មូសជាដើមនេះ។ អ្នក ទៀត កណិការ បញ្ជាក់ដូច្នេះ។

ក្រៅពីសម្រស់ផ្កាដ៏ទាក់ទាញ ក្នុងសួនផ្ការីករាយ មានសម្លៀកបំពាក់ជាច្រើនប្រភេទ ដែលទេសចរអាចជួលស្លៀកថតរូប ក្នុងសួនផ្កាបាន។ អ្នកនាង ទៀង កណិការ បន្ថែមថា៖«សម្លៀកបំពាក់របស់យើង មានដាក់ជួល តម្លៃចាប់ពី៤ពាន់រៀល ដល់៧ពាន់រៀល។ សម្លៀកបំពាក់មានបែបបុរាណខ្មែរ បែបជនបទ មានសម្លៀកបំពាក់ជនជាតិដើមភាគតិច ហើយខ្ញុំបានច្នៃសម្លៀកបំពាក់បែបបុរាណ កាត់សម័យដែលយើងធ្វើយ៉ាងណា ឲ្យសមជាមួយ ការថតរូបក្នុងសួនផ្កា»៕






អ្នកនាង ទៀង កណិការ ម្ខាស់សួនផ្ការីករាយ
 

ព័ត៌មានទាក់ទង