ប្រទះឃើញសត្វជិតផុតពូជ«រមាំង» ៤ក្បាល នៅដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ 

25/09/2020 10:59 am ក្រចេះ

ភ្នំពេញ៖ សត្វរងគ្រោះថ្នាក់ និងជិតផុតពូជ«រមាំង»(Rucervus eldii) ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) រកឃើញ៤ក្បាល នៅដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ ប្រភេទសត្វជិតផុតពូជ៤ក្បាលនេះ គឺរកឃើញតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិដែលថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំមកនេះ។

សត្វ«រមាំង»ត្រូវបានជាប់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ និងជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់កម្ពុជា និងទាំងក្នុងបញ្ជីក្រហមរបស់អង្គការIUCN។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការWWF នៅថ្ងៃទី២៤កញ្ញា ឆ្នាំ២០២០ សត្វ«រមាំង»ទាំង៤ក្បាលដែលក្រុមអភិរក្សរកឃើញតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនោះ មានញី៣ក្បាល និងឈ្មោល១ក្បាល ដែលសុទ្ធសឹងជា«រមាំង»ពេញវ័យ។

«យើងទាំងអស់គ្នាពិតជារំភើបរីករាយខ្លាំងណាស់ដែលបានកត់ត្រាទុកនូវវត្តមានរបស់សត្វរមាំងទាំងនេះ»។ នេះជាការលើកឡើងទាំងស្នាមញញឹម របស់ លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះប្រចាំតំបន់មេគង្គនៃអង្គការWWF។

ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រនៃអង្គការWWFបានអះអាងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖«ការផ្តិតរូបភាពរបស់សត្វរមាំងបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនេះ គឺជារបកគំហើញដ៏សំខាន់មួយសម្រាប់ការអភិរក្សក្នុងតំបន់ទេសភាពមេគង្គ»។  បើតាមលោក សេង ទៀក នាយកអង្គការ WWF Cambodia  រូបភាពដ៏កម្រនៃសត្វ«រមាំង»ទាំងនេះ គឺជាភ័ស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងលទ្ធផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្ស ដែលនាំមកនូវក្តីសង្ឃឹមក្នុងការការពារប្រភេទសត្វនេះទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ 


អង្គការWWF ដែលមានទីតាំងស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ បានដាក់ពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិដើម្បីតាមដានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសំបូរដែលមានផ្ទៃដី ជាង៥០ហិកតា ចាប់ពីសីហាដល់ខែកញ្ញា ឆ្នាំ២០២០ គឺថតសត្វព្រៃបានគ្រប់ប្រភេទសរុប១,៧១០សន្លឹក។ ក្នុងចំណោមរូបភាពទាំងនោះ ក្រៅពីថតបានសត្វ«រមាំង» ម៉ាស៊ីនថតស្វ័យប្រវិត្តក៏ថតបាននូវសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូច ជាដើម។  

យោងតាមរបាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមកំហែងដែលបានចេញផ្សាយ ដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ ចំនួនសត្វ«រមាំង»មាននៅរាយប៉ាយក្នុងសកលលោក ហើយគេបានប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង៧០០ក្បាល។  ក្នុងនោះ ចំនួនសត្វ«រមាំង»មាននៅសេសសល់តិចតួចប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងតំបន់ព្រៃការពារនានានៃប្រទេសកម្ពុជា។ 

អង្គការWWF កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ដើម្បីគាំទ្រការគ្រប់គ្រងដែនជម្រកសត្វព្រៃសំបូរ ពីការបាត់បង់ទីជម្រក និងការបរបាញ់សត្វព្រៃសម្រាប់យកសាច់ និងសម្រាប់ការជួញដូរសុទ្ធសឹងជាកត្តាគំរាមកំហែងចំបងៗ ទៅលើធនធានធម្មជាតិ និងការរស់រានរបស់សត្វព្រៃ។ ដែនជម្រកសត្វព្រៃសំបូរនេះ  គឺមានពពួកថនិកសត្វមាឌធំចំនួន ១១ប្រភេទ ពពួកឧរុង្គសត្វ និងល្មូន ចំនួន ៥៦ប្រភេទ ពពួករុក្ខជាតិជិត៧០០ប្រភេទ ពពួកបក្សី ២១៥ប្រភេទ និងពពួកត្រី ចំនួន ២២៣ ប្រភេទ។ បើតាមអង្គការWWF ប្រព័ន្ធទន្លេនិងព្រៃឈើនៅក្នុងតំបន់នេះ ជាប្រភពចំណីអាហារ និងសម្រាប់បង្កើតឱកាសទាញយកប្រាក់ចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។ លើសពីនេះ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិក៏ជួយដល់មនុស្សជាតិក្នុងការប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ៕ 

ព័ត៌មានទាក់ទង