«ក្រុងកម្ពុជា» សារណានិស្សិត៣រូប ស្តីពីគម្រោងព្រលានយន្តហោះ ដោយបញ្ចូលស្ថាបត្យកម្មខ្មែរបុរាណ

25/09/2020 8:59 am ភ្នំពេញ

និស្សិតបីរូបនៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ប្រើពេលមួយឆ្នាំក្នុងការបង្កើតគម្រោងអាកាសយានដ្ឋានបែបទំនើប ដោយមានដាក់បញ្ចូលលំនាំស្ថាបត្យកម្មខ្មែរបុរាណ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ តាមរយៈស្នាដៃរបស់ខ្លួន។ 

ដោយក្ដីស្រលាញ់ការងារខាងផ្នែកស្ថាបត្យកម្ម និងមានចំណូលចិត្តខ្ពស់ក្នុងការរចនាប្លង់គម្រោងផ្សេងៗ និស្សិតមួយក្រុមនៃសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បានសម្រចបង្កើតគម្រោងមួយដែលមានឈ្មោះថា «ក្រុងកម្ពុជា» សម្រាប់ជាសារណារបញ្ចប់ឆ្នាំរបស់ខ្លួន។ លោក កៅ លីហ៊ាង និស្សិតឆ្នាំទីប្រាំ ជំនាញស្ថាបត្យកម្ម និងជាសមាជិកម្នាក់នៃគម្រោងនេះ បានប្រាប់សារព័ត៌មានថ្មីៗ ២៥ យ៉ាងដូច្នេះ៖ «កាលពីដំបូងឡើយ គម្រោងនេះ មិនសូវទទួលបានការគាំទ្រពីសាស្រ្តាចារ្យ ដែលដឹកនាំគម្រោងប៉ុន្មានទេ ដោយសារវាមានភាពស្មុគស្មាញខ្លាំង និងត្រូវចំណាយពេលយូរ ដើម្បីបញ្ចប់។ ប៉ុន្តែ ដោយក្ដីស្រលាញ់ និងការសហការគ្នាល្អនៅក្នុងក្រុម ទើបយើងសម្រេចបន្តធ្វើគម្រោងនេះ»។

លោក កៅ លីហ៊ាង បន្តថា ក្រុមការងាររបស់លោក ជួបប្រទះបញ្ហាច្រើន នៅក្នុងគម្រោងរចនាប្លង់អាកាសយានដ្ឋានមួយនេះ ជាពិសេសការស្រាវជ្រាវ និងប្រមូលឯកសារកម្រៗ ទាំងក្នុងនិងក្រៅប្រទេស ដែលលោកចាត់ទុកថា ជាជំហានចាប់ផ្ដើមដ៏លំបាកមួយ។ លោកបន្ថែមទៀតថា ក្រុមការងារនិងលោកផ្ទាល់ បានចំណាយពេលច្រើនលើការសិក្សាពីលក្ខណៈពិសេសនៃវប្បធម៌ ទំនៀមទម្លាប់ និងស្ថាបត្យកម្មបុរាណខ្មែរ ដើម្បីយកមកដាក់បញ្ចូលនៅក្នុងគម្រោងនេះ។

លោកបញ្ជាក់ថា ទម្រង់ព្រលានយន្តហោះ ត្រូវបានសាងសង់ឡើងដោយយកលំនាំតាមរូបសត្វត្រចៀកកាំ។ ផ្នែកខាងក្នុងនៃព្រលាន មានដាក់បញ្ចូលនៅរចនាបទខ្មែរបុរាណ ហើយថែមទាំងមានរូបចម្លាក់អប្សរាទៀតផង។ 

លោកបង្ហើបយ៉ាងដូច្នេះថា លោកមានគម្រោងនាំយកស្នាដៃរបស់លោកទៅប្រកួតប្រជែងនៅខាងក្រៅប្រទេស ប៉ុន្តែមិនអាចបញ្ជាក់ថានៅពេលណានៅឡើយទេ៕





ព័ត៌មានទាក់ទង