កៅស៊ូធ្លាក់ថ្លៃ លោក សាម៉េត ដែលរស់នៅស្រុកមេមត់ ប្តូរទៅដាំត្របែកវិញ
លោក អន សាម៉េត ជាម្ចាស់ចម្ការត្របែក ស្ថិតនៅភូមិមេមោង ឃុំមេមោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តកាប់ដើមកៅស៊ូចោលប្រមាណ ២,៥ហិកតា ព្រោះដល់អាយុកាល និងគ្មានទីផ្សារ។ នេះបើតាមលោក អន សាម៉េត ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ។
ម្ចាស់ចម្ការរូបនេះបានប្រាប់ថាមុនពេលដាំត្របែក លោកធ្លាប់ដាំដំណាំកៅស៊ូ។ ប៉ុន្តែដោយសាររយៈពេលចុងក្រោយ ទីផ្សារកៅស៊ូចាប់ផ្ដើមធ្លាក់ចុះ ម្យ៉ាងអាយុកាលនៃដើមកៅស៊ូរបស់លោកក៏ផងដែរ ទើបលោកសម្រេចចិត្ត កាប់ដើមកៅស៊ូទាំង ២,៥ហិកតាចោល។ បន្ទាប់ពីនោះលោកសម្រេចចិត្តដាំត្របែក ម្រេច ដាំដំាំណាំក្រូចវល្លិ៍ និងស្មៅធ្វើជាចំណីសត្វ។
ក្នុងបទសម្ភាសន៍ជាមួយ ThmeyThmey25 លោក សាម៉េត បានប្រាប់ថា៖ «ខ្ញុំចាប់ផ្ដើមដាំត្របែកនៅឆ្នាំ២០១៥ តែមុនពេលដាំត្របែកខ្ញុំដាំកៅស៊ូ។ ដោយសារទីផ្សារកៅស៊ូធ្លាក់ចុះនិងកៅស៊ូមានអាយុកាលចាស់ ក៏សម្រេចកាប់កៅស៊ូទាំងអស់ដាំត្របែកវិញ»។ ចាប់ផ្ដើមដំបូងលោកដាំត្របែកតែ៥០ ភាគរយនៃផ្ទៃដីប៉ុណ្ណោះ ក្រៅពីនោះមានដំណាំផ្សេងៗ។ តែយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់លោកក្នុងការកាប់កៅស៊ូ ដាំត្របែកនេះមិនបានធ្វើឲ្យលោកទទួលបាននូវអ្វីដូចការរំពឹងទុកនោះទេ។ ដោយសារនៅឆ្នាំទី២ ទី៣ ក្រោយលោកដំណាំត្របែករបស់លោកត្រូវបានបំផ្លាញដោយសត្វចង្រៃផង និងអាកាសធាតុធ្វើឲ្យត្របែកលោកងាប់ គួបផ្សំមិនទាន់មានទីផ្សារ។
ដោយស្ថិតក្នុងស្ថានភាពបែបនេះ ម្ចាស់ចម្ការត្របែកវ័យ ៣១ឆ្នាំរូបនេះបានសម្រេចចិត្តជាលើកទី២ កាប់ដើមត្របែកទាំងនោះចេញ។ ម្ដងនេះមិនបានធ្វើឲ្យលោក សាម៉េត បញ្ឈប់ការតាំងចិត្តរួចប្ដូរដំណាំនោះទេ ទោះបរាជ័យក៏ដោយ។ លោកនៅតែបន្តដាំត្របែកដដែលរហូតដល់បច្ចុប្បន្ន និងមានត្របែកប្រមាណ ៦០០ដើម ប៉ុន្តែទើបផ្ដល់ផល ៥០ភាគរយប៉ុណ្ណោះលើផ្ទៃដីជាង ២ហិកតានេះ។
លោកថាបច្ចុប្បន្នត្របែកហាក់មានទីផ្សារជាងដំណាំផ្សេងដែលលោកធ្លាប់បានដាំ រួមទាំងដំណាំម្រេចផងដែរ។ ជាមធ្យមលោកអាចប្រមូលផលត្របែកក្នុងមួយថ្ងៃពី ៥០គីឡូទៅ ១០០គីឡូ ទៅកាន់ខេត្តកំពង់ចាមសៀមរាប និងតំបន់ជុំវិញនោះ។ ហើយអាចលក់ក្នុងតម្លៃ មានតម្លៃ ៨ ០០០រៀល (តម្លៃលក់ដុំ) ក្នុងមួយគីឡូ និងសម្រាប់តម្លៃលក់រាយ ៦ ០០០រៀលក្នុងមួយគីឡូ។ ហើយក្នុងមួយឆ្នាំលោកអាចទទួលចំណូលពី ៤ពាន់ដុល្លារទៅ ៥ពាន់ដុល្លារ។
ត្របែកជាដំណាំឲ្យផលពីរយៈពេល ១ឆ្នាំកន្លះ ទៅ ២ឆ្នាំ និងមិនសូវពិបាកក្នុងការមើលថែ គ្រាន់តែត្រូវការទឹកគ្រប់គ្រាន់ និងតាមដានលើសត្វចង្រៃតិចតួច និងការដាក់ជីបំប៉នដូចជាលាមកសត្វជាដើម។ ដោយសារជាដំណាំបែបធម្មជាតិ ជៀសមិនផុតពីមានសត្វចង្រៃបំផ្លាញនោះទេ ហើយបើសិនត្របែកជួបបញ្ហានោះ គឺត្រូវកាប់មែកនោះចេញដើម្បីកុំឲ្យឆ្លងដល់មែកផ្សេង។ ជាទូទៅត្របែកអាចមានបញ្ហាដូចនេះ ភាគច្រើននៅរដូវភ្លៀងធ្លាក់ និងមានទឹកសន្សើម។ ដោយសារបច្ចុប្បន្ន ការដាំត្របែករបស់លោកកំពុងទទួលផលល្អ លោកគ្រោងដាំបន្ថែមទៀតដែរ។ នេះជាការបញ្ជាក់របស់លោកសាម៉េតម្ចាស់ចម្ការត្របែក ក្នុងខេត្តត្បូងឃ្មុំ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com