កំណើនអ្នកចិញ្ចឹមត្រីជួយពង្រីកទីផ្សារ ប៉ុន្តែអាចប្រឈមធ្លាក់ថ្លៃ បើមានអាជីវកម្មកែច្នៃត្រីច្រើន

24/09/2020 3:59 pm ភ្នំពេញ

ភ្នំពេញ៖ បច្ចុប្បន្ន វិស័យវារីវប្បកម្មនៅកម្ពុជា មានភាពទន់ខ្សោយនៅឡើយ ពិសេសកសិផលត្រី ទាំងត្រីស្រស់ និងយកមកកែច្នៃ ភាគច្រើនមានការនាំចូលពីបណ្ដាប្រទេសជិតខាង ដូចជាថៃ និងវៀតណាម។ អ្នកចិញ្ចឹមត្រីក្នុងស្រុក២រូប ចង់ឲ្យមានអ្នកចិញ្ចឹមត្រីច្រើន ទើបមានទីផ្សារ ខណៈអ្នកកែច្នៃត្រី២រូបផ្សេងទៀត បារម្ភខ្លាចបាត់បង់ទីផ្សារ ពេលមានអ្នកកែច្នៃច្រើន។ 

នៅថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ២០២០ សមាគមវារីប្បករកម្ពុជា និងគម្រោងអភិវឌ្ឍន៍ វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មកម្ពុជា (ខាស់) បានរៀបចំកម្មវិធីកិច្ចពិភាក្សាអាជីវកម្ម ទស្សនកិច្ចសិក្សា និងវគ្គបណ្ដុះបណ្ដាលស្ដីពីចំណី និងការផ្ដល់ចំណីត្រី នៅសណ្ឋាគារហ៊ីម៉ាវ៉ារី និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ កិច្ចពិភាក្សាអាជីវកម្មលើការចិញ្ចឹមត្រីនេះ មានអ្នកចូលរួមជាង១០០នាក់ មានទាំងកសិករចិញ្ចឹមត្រី អ្នកកែច្នៃត្រី បុគ្គលិកអង្គការ និងក្រុមហ៊ុនឯកជនផង ដើម្បីចូលរួមអភិវឌ្ឍផលិតកម្ម ទីផ្សារវារីវប្បកម្ម ឲ្យប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងបច្ចេកវិទ្យាបង្កើនសំឡេងព័ត៌មានទីផ្សារ រួមទាំងសេវាកម្មផងដែរ។ 

លោក អ៊ុក សាវ៉ាត់ ជាកសិករចិញ្ចឹមកូនត្រីលក់ ជាង១០ឆ្នាំមកហើយ នៅស្រុកសង្កែ ខេត្តបាត់ដំបង។ លោក ចិញ្ចឹមត្រី៤ប្រភេទ មានទាំងត្រីក្នុងស្រុក និងត្រីនាំចូល ដូចជាត្រីអណ្ដែង ត្រីឆ្ពិន ត្រីប្រា និងត្រីទីឡាប់យ៉ា។ កូនត្រីដែលលោក សាវ៉ាត់ ចិញ្ចឹមអាចលក់នៅចន្លោះទំហំក្រោម១ក្រាម ដើម្បីឲ្យកសិករ យកទៅចិញ្ចឹមបន្ត។ បច្ចុប្បន្ន នៅតំបន់របស់លោក នៅមិនទាន់មានការគ្រប់គ្រងទឹកសម្រាប់ធ្វើកសិកម្ម បានគ្រាប់គ្រាន់នៅឡើយទេ ដូច្នេះហើយទើបលោក គ្មានលទ្ធិភាពចិញ្ចឹមត្រីធំៗ។ កង្វះខាតទឹក រួមនឹងកង្វះបច្ចេកទេសចិញ្ចឹម បានឲ្យកសិករមួយចំនួនត្រូវបង់បោះចោលរបរមួយនេះ។



កសិករវ័យ៥២ឆ្នាំរូបនេះ ចង់មានកសិករនាំគ្នាងាកមកចិញ្ចឹមត្រីដូចរូបលោក ទោះក្នុងលក្ខណៈណាមួយក៏ដោយ ព្រោះនៅពេលមានកសិករចិញ្ចឹមត្រីច្រើន ពូជត្រីក្នុងស្រុកនឹងមិនបាត់បង់នៅពេលអនាគត ហើយលោក ក៏លក់កូនត្រីរបស់លោកដាច់បានច្រើនដូចគ្នា។ លោក សាវ៉ាត់ លោកមិនខ្លាចបាត់បង់ទីផ្សារ ឬការប្រកួតប្រជែងអ្វីនោះទេ តែបែរជាសប្បាយចិត្តបើសិនជាមានកសិករច្រើនងាកមកប្រកបរបរនេះ។ កសិករចំណាស់រូបនេះ ឆ្លើយប្រាប់ ThmeyThmey25 យ៉ាងដូច្នេះថា៖«ខ្ញុំគិតថាថ្ងៃនេះ ចាប់ពីម៉ោងនេះទៅ បើយើងមិនចិញ្ចឹមគឺអត់មានត្រីហូបទេ។ កត្តារេចរឹលធានធានធម្មជាតិយើងនៅពីខាងក្រោម ពីព្រោះវាមានកត្តាធម្មជាតិ និងការប្រើប្រាស់ជីកសិកម្មដែលហួសកម្រិត ថ្នាំពុលដែលប្រើកសិកម្មហើយហូរចូលបឹងទន្លេសាបយើង។ ចឹងត្រីហ្នឹងវារេចរឹល»។ 

ដូចគ្នាទៅនឹងលោក សាវ៉ាត់ ដែរ លោក ហុង សំអឿន ជាកសិករចិញ្ចឹមត្រីមួយរូបនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មើលឃើញពីការបាត់បង់ធនធានធម្មជាតិក្នុងពេលបច្ចុប្បន្នផងដែរ។ លោក សំអឿន ចិញ្ចឹមត្រីប្រា តែមួយប្រភេទប៉ុណ្ណោះ ជាលក្ខណៈមធ្យម ហើយស្រះរបស់លោក មានត្រីជាង៦ពាន់ក្បាល។ 



ថ្វីដ្បិតតែចិញ្ចឹមត្រីក្នុងស្រុកក៏ពិតមែន តែត្រីរបស់លោក សំអឿន ជាពូជត្រីនាំចូល។ ទីផ្សារ និងការគ្រប់គ្រងទឹក គឺជាបញ្ហាចម្បងដែលលោក ជួបប្រទះ ដែលវាក៏ជាផ្នែកធំមួយធ្វើឲ្យលោកមិនអាចពង្រីកអាជីវកម្មឲ្យកាន់តែធំជាងនេះ។ ដោយសារតែមានផលិតផលតិចទើបលោក មិនអាចរកទីផ្សារបាន ហើយមានតែអ្នកលក់ត្រីតាមផ្សារប៉ុណ្ណោះដែលមកទិញត្រីរបស់លោក។ ខណៈពេលដែលមិនមានទីផ្សារច្បាស់លាស់មួយហើយនោះ លោក ក៏ត្រូវបានអាជីវករទម្លាក់តម្លៃរបស់លោកផងដែរ។ 

កសិករវ័យ៣៥ឆ្នាំរូបនេះ មិនបន្ទោសឈ្មួញកណ្ដាលជាអ្នកបញ្ជាទិញនោះទេ ប៉ុន្តែលោក ចង់ឲ្យកសិករចិញ្ចឹមត្រីត្រូវយកចិត្តទុកដាក់លើចំណី ស្រះទឺក របស់ខ្លួនដើម្បីបង្កើនទិន្នផល និងអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារ។ លោក សំអឿន រៀបរាប់ប្រាប់ ThmeyThmey25 ដូច្នេះថា៖«ពេលខ្លះ ពេលដែលគាត់(ឈ្មួញ) ត្រូវការគឺយើង រកអត់បានឲ្យគាត់(ឈ្មួញ)។ ពេលដែលគាត់ត្រូវការតាមស្រះប៉ុននេះៗគឺអត់មាន។ លោក បន្តថា ចំនួនមិនគ្រប់ហើយ ផ្នែកគីឡូក៏មិនដូចអ្វីដែលឈ្មួញចង់បានទៀត។ ឈ្មួញគេចង់បានគីឡូថេរ ស្មើគ្នា តែយើងធ្វើអត់បាន។ លោក ចង់ឲ្យមានកសិករចិញ្ចឹមត្រីច្រើន ហើយចង់ជាសហគមផលិត និងផ្គត់ផ្គង់ ទើបមានទីផ្សារ និងកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាងផងដែរ។ 

ផ្ទុយពីអ្នកចិញ្ចឹមទាំង២ខាងលើ សម្រាប់អ្នកស្រី ជុំ ស៊ីវូន និងលោក គង់ តូរី វិញជាអ្នកកែច្នៃត្រី បារម្ភខ្លាចបាត់បង់ទីផ្សារនៅពេលមានអ្នកប្រកបរបរដូចខ្លួនកើនតែច្រើន។

អ្នកស្រី ជុំ ស៊ីវូន អ្នកកែច្នៃត្រីអណ្ដែងឆ្អើរ នៅស្រុកសង្កែ ខេត្តបាត់ដំបង បារម្ភខ្លាចបាត់បង់មុខរបររបស់ខ្លួន ដោយសារមានអ្នកាឲប្រកបរបរនេះច្រើន។ អ្នកស្រី ស៊ីវូន លើកឡើងដូច្នេះ៖«ត្រីឆ្អើរអណ្តែងនេះ១គីឡូ ៣ម៉ឺន សព្វង៉ៃចុះនៅតែ២៨តើ (២៨០០០រៀល) ព្រោះមានគេរកស៊ីដេញជើង ដេញជើងច្រើនហ្អាស។ សព្វង៉ៃហាស់ គេដាក់ចូលអូរឫស្សីមាន២៧ (២៧០០០រៀល) អ៊ីលក់ថ្លៃជាងគេ។ បើគេលក់២៨-២៩(២៨០០០-២៩០០០រៀល) អ៊ី៣០ (៣ម៉ឺនរៀល)ចឹងហ្អាស»។ 



អ្នកស្រីរៀបរាប់ដូច្នេះថា ត្រីសណ្ដែងកែច្នៃទាំងនេះនាំចូលពីប្រទេសវៀតណាម មិនមែនត្រីក្នុងស្រុកនោះទេ ព្រោះកសិករអ្នកចិញ្ចឹមក្នុងស្រុកផ្គត់ផ្គង់តម្រូវការឲ្យអ្នកស្រីមិនទាន់ ហើយមិនទំហំមិនស្មើគ្នាតាមអ្នកស្រីចង់បាន ពិបាកលក់។ «នៅស្រុកខ្មែរយើង អ៊ីចេះតែចង់ជួយហើយ ដូចថាគេហៅ (អ៊ីអើយខ្ញុំមានត្រី៥០០គីឡូ ឬ១តោនចឹងហ្អាស ហ្នឹងហើយអូនឯងចាប់ម៉ោ មកដល់បានតែ២០០-១០០គីឡូចឹងហា្អណាស់) ចឹងយើងអត់គ្រប់គ្រាន់ទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី ជុំ ស៊ីវូន។ 

ចំណែកឯ លោក គង់ តូរី ទោះបីអាជីវកម្មរបស់លោក ខ្នាតធំក៏ពិតមែន ប៉ុន្តែក្តីបារម្ភពីការប្រកួតប្រជែងទីផ្សារនៅតែមាន។ នៅពេលមានអាជីវករប្រកបរបរនេះច្រើន លោក បារម្ភខ្លាចតម្លៃ និងល្បឿននៃការផលិតធ្លាក់ចុះ។ «ខ្ញុំបារម្ភខាងតម្លៃហ្នឹងម៉ង។ និយាយទៅធម្មតាទីផ្សារវាប្រកួតប្រជែង ទម្លាក់ដេញគ្នាៗ សឹងអត់ចំណេញចឹងហ្អាស។ អ្នកខ្លះ ធ្វើម៉េចលក់ឲ្យអស់ ខ្លាចខូចខំប្រឹងលក់ឲ្យអស់ លក់ឲ្យថោក ដើម្បីអី ដើម្បីបញ្ចេញ តែយើងទទួលយកអត់បាន»។ លោក តូរី បានលើកឡើងដូច្នេះ។

លោក តូរី ជាអ្នកកែច្នៃត្រី ធ្វើផ្អក និងត្រីងៀត បានជិត៥ឆ្នាំហើយ។ ត្រីដែលលោក កែច្នៃនាំចូលមកពីវៀតណាម មានដូចជាត្រីប្រា ត្រីរ៉ស និងត្រីដៀប។ អាជីវករវ័យ៣០ឆ្នាំរូបនេះ ប្រាប់ ThmeyThmey25 ដូច្នេះថា៖«ព្រោះខ្ញុំរាល់ង៉ៃអត់មានពេលវេលាទៅចិញ្ចឹមត្រីខ្លួនឯងហ្អេ។ ខ្ញុំត្រូវការពេលទៅមើលកូនចៅ។ កូនចៅខ្ញុំមានជិត២០នាក់»៕



 

ព័ត៌មានទាក់ទង