ADB៖ ការនាំចេញកង់ គ្រឿងអេឡិចត្រូនិច កសិផលក្នុងវិបត្តិកូវីដ រួមចំណែកស្រោចស្រង់សេដ្ឋកិច្ចកម្ពុជា 

24/09/2020 11:59 am ភ្នំពេញ

ភ្នំពេញ៖ វិបត្តិកូវីដ-១៩ នឹងធ្វើសេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះនៅត្រឹម-៤ភាគរយ នៅក្នុងឆ្នាំ២០២០។ នេះជាការព្យាករសារថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលចេញផ្សាយនាព្រឹកថ្ងៃទី២៣កញ្ញា។ តួលេខនៃព្យាករសេដ្ឋកិច្ចកម្ពុជាសារជាថ្មីនេះ  គឺមានភាពល្អប្រសើរជាងមុន ដោយABDបានដំឡើងពី-៥,៥ភាគរយ(ជាការព្យាករលើកទី១ក្នុងអំឡុងខែមិថុនា) មកត្រឹម-៤ភាគរយវិញ។ 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB នៅថ្ងៃទី២៣កញ្ញា ការដំឡើងតួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០ ដោយពី-៥,៥ភាគរយ មក-៤ភាគរយវិញនេះ គឺផ្អែកលើភាពប្រសើរជាងមុននៃផលិតកម្មនាំចេញផលិតផលក្នុងវិស័យកសិកម្ម និងការកើនឡើងនៃការនាំចេញកង់ និង គ្រឿងអេឡិចត្រូនិច។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB មានប្រសាសន៍ថា  ការធ្លាក់ចុះយ៉ាងខ្លាំងរបស់កម្ពុជានៃការបញ្ជាទិញ[សម្លៀកបំពាក់] ពីអឺរ៉ុប និងអាមេរិក បានធ្វើឱ្យរោងចក្រសម្លៀកបំពាក់ រោងចក្រផលិតទំនិញធ្វើដំណើរ និងផលិតស្បែកជើង (GTF)នៅកម្ពុជា ប្រហែល១ភាគ៣ បិទទ្វារក្នុងឆមាសទី១ ឆ្នាំ២០២០។ ប៉ុន្តែកំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិច បានជំរុញឱ្យការនាំចេញផលិតផលក្រៅពីទំនិញកាត់ដេររបស់កម្ពុជា កើនឡើងដល់ ៣០,៣ភគរយ បើធៀបនឹងឆ្នាំ២០១៩។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ADBរូបនេះ បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើថា  ឆ្នាំ២០២០ កំណើនសរុបនៃផលិតផលឧស្សាហកម្មកម្ពុជា ត្រូវបានព្យាករថានឹងកើន៥,១ភាគរយ ប្រសិនបើការនាំចេញនៃសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងបន្តងើបឡើង។ 

ដោយឡែកនៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះងើបឡើងវិញដល់ ៥,៩ភាគរយ។ បើតាមលោកស្រី Sunniya Durrani-Jamal Jamal ជំងឺរាតត្បាតបណ្ដាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែជាសំណាងល្អរបស់កម្ពុជាដែលមិនមានវិបត្តិផ្នែកសុខាភិបាលនោះទេ។ អ្នកស្រីបាននិយាយដូច្នេះ៖«យើងរំពឹងថាកំណើនសេដ្ឋកិច្ច[កម្ពុជា]នឹងស្ទុះងើបឡើងវិញដល់ ៥,៩ភាករយ នៅក្នុងឆ្នាំ ២០២១ ដោយសារកម្លាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម»។

ទោះជា ADB បានដំឡើងតួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២០ ដោយកើនពី-៥,៥ភាគរយ មក-៤ភាគរយវិញនេះក៏ដោយ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា ធ្លាប់ព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះនៅត្រឹម១,៩ភាគរយប៉ុណ្ណោះ ដោយសារតែការឥទ្ធិពលឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ 

ឆមាសទីមួយឆ្នាំ២០២០ កម្ពុជាមានទំហំពាណិជ្ជកម្មសរុប១៦,៨៣១,៨៣០,៦៣៣ដុល្លារ។  ក្នុងនោះការនាំចេញមាន ជិត៧,៧១៨ពាន់ដុល្លារ៕ 

ព័ត៌មានទាក់ទង