ព្រះសង្ឃក្នុងវត្ត រាជបូណ៌ ចង់ឲ្យពលរដ្ឋដាំដើមព្នៅឡើងវិញដើម្បីកុំឲ្យបាត់បង់

24/09/2020 10:00 am សៀមរាប

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាព្រះចៅអធិការវត្ត រាជបូណ៍ ក្នុងខេត្តសៀមរាប បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត ដើម្បីចូលរួមថែក្សារុក្ខជាតិនេះកុំឲ្យបាត់បង់។ នេះបើតាមអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០។ 

បើតាមប្រភពដដែល ពូជដើមព្នៅនេះមានចំនួន ៨៤ដើម ដែលយកមកពីស្រុកពួក នៃខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅ ជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។

ព្រះចៅអធិការវត្តរាជបូណ៍ មានបន្ទុលបន្ថែមថា «ព្នៅ» គឺជារុក្ខជាតិដែលប្រើក្នុងព្រះរាជពិធីរបស់ព្រះមហាក្សត្រផងដែរ។ គេនិយមប្រើស្លឹករបស់វាក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិ និងព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រជាដើម។ គេយកជ័ររបស់ផ្លែព្នៅ ទុំធ្វើជាកាវបិតក្រដាសសៀវភៅជាដើម។ ដោយឡែក ផ្លែព្នៅទុំ គេអាចទទួលទាន ព្រោះវាមានរសជាតិផ្អែម និងមានក្លិនឈ្ងុយ។ រីឯ សំបកផ្លែព្នៅទុំ គេអាចយកទៅដាំទឹកពិសារ ព្រោះវាមានរសជាតិឆ្ញាញ់ និងអាចប្រើជាឱសថព្យាបាលជំងឺទៀតផង។ 

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសាទរចំពោះសកម្មភាពនេះ ដោយត្រៀមដីមួយកន្លែងនៅខាងជើងក្រុងអង្គរធំ សម្រាប់ធ្វើជាចម្ការព្នៅ និងដាំពូជព្នៅចម្រុះសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ និងជាទុកសម្រាប់ប្រជាពលរដ្ឋខ្មែរស្គាល់ដើមព្នៅ។ លោកបន្តទៀតថា ក្នុងរមណីយដ្ឋានអង្គរ គឺមានដើមឈើរហូត ១៨៣ប្រភេទ ហើយគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ថែរក្សាតំបន់នេះនៅតែសម្បូរធនធានធម្មជាតិចម្រុះផងដែរ៕ 






ព្រះសង្ឃវត្តរាជបូណ៍ រូបភាពពីអជ្ញាធរជាតិអប្សរា
 

ព័ត៌មានទាក់ទង