វិធីសាស្ត្រ​ងាយៗ ក្នុង​ការដាំដុះ​ត្រប់​បាន​គ្រប់​រដូវ​

24/09/2020 7:00 am ភ្នំពេញ

​ត្រប់វែង ឬ​ត្រប់​ស្វាយ ជា​បន្លែ​ពេញនិយម​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​គេ​និយម​យក​ធ្វើជា​អន្លក់​ហូប​ជាមួយ​ប្រហុក ផ្អក ទឹកគ្រឿង ឬ​អាច​ធ្វើជា​បន្លែ​ដើម្បី​ស្ល និង​ឆា​ជាដើម​។ សម្រាប់​អត្ថប្រយោជន៍​របស់​វា​អាច​ប្រឆាំងនឹង​ជំងឺមហារីក បន្សាប​ជាតិពុល​ក្នុង​រាងកាយ កាត់បន្ថយ​ជាតិ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល និង​កាត់បន្ថយ​ការកើត​ជំងឺ​ទឹកនោមផ្អែម​។ ត្រប់​ជា​ប្រភេទ​ដំណាំ​ងាយស្រួល​ដាំ តែ​ក៏​ទាមទារ​ឲ្យ​ដាំ និង​ថែទាំ​បានល្អ​ដែរ ដូច្នេះ​កសិករ​គួរស្វែងយល់​ពី​បច្ចេកទេស​ដាំ​ដុះ និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​។

 

​ថ្ងៃនេះ​សារព័ត៌មាន​ThmeyThmey25 សូម​លើកយក​បច្ចេកទេស​ដាំំ​ដុះ​ដំណាំ​ត្រប់ និង​ការថែទាំ ដល់​បងប្អូន​កសិករ ដែលមាន​បំណង​ដាំ​ដុះ​ត្រប់​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី និង​អាច​ដាំ​បាន​គ្រប់​រដូវ​។ ដោយ​ដកស្រង់​ឯកសារ​ចេញពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។ ក្នុងនោះ​កសិករ​គួរ​គិត​ចំណុច​សំខាន់ៗ ដូចជា ការបណ្ដុះ​កូន ការរៀបចំ​ដី ការលើក​រង ការដាំ​កូន ការប្រើប្រាស់​ជី និង​ការថែទាំ​។​

​ការបណ្ដុះ​កូន​៖ អាច​រៀបចំ​ដី​ដាក់​កន្ទោង​ស្ទឹ​ក ឬ​ថាស​បណ្ដុះ​កូន​។ ដោយ​ក្នុង​មួយ​កន្ទោង ឬ​ប្រលោះ​ថាស​ដាក់​បណ្ដុះ ១​គ្រាប់​។ រង​បណ្ដុះ​កូន​ត្រូវធ្វើ​ដំបូល​គ្របពីលើ ឬ​សំណាញ់​ដើម្បី​កាត់​ពន្លឺ​។ ត្រូវ​គ្រប​ចំ​ប៉ើង​ពីលើ​ថាស​បណ្ដុះ​កូន ឬ​កន្ទោង​ស្លឹក​។ ត្រូវ​ចាំ​ថា មុននឹង​យក​កូន​ទៅ​ដាំ ៣​ថ្ងៃ​ត្រូវ​ដក​ដំបូល​នៃ​ថ្នាល​បណ្ដុះ​កូន​ចេញ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ​។​

​ការរៀបចំ​ដី​៖ ភ្ជូ​រ​ដី ២ ទៅ ៣​ដង មុន​យក​កូន​ទៅ​ដាំ និង​ត្រូវ​បំបែក​ដី​ឲ្យ​រាបស្មើ និង​ហាល​ដី​ឲ្យ​ស្ងួត​។​

​ការលើក​រង​៖ បណ្ដោយ​រង​មិនចាំបាច់​កំណត់​នោះទេ ប៉ុន្តែ​ទទឹង​រង​ត្រូវមាន​ទំហំ ១ ទៅ ១,២​ម៉ែត្រ និង​ចន្លោះ​រង​ពី​រង​មួយ​ទៅ​រង​មួយ​ត្រូវមាន​ចន្លោះ ០,៥​ម៉ែត្រ​។ សម្រាប់​កម្ពស់​រង​នៅ​រដូវប្រាំង ២០​សង់ទីម៉ែត្រ និង​រដូវវស្សា ៣០​សង់ទីម៉ែត្រ​។ ដែល​ចន្លោះ​រង​នីមួយៗ​អាច​បង្ហូរ​ទឹកបាន​។​
 
​ការដាំ​កូន​៖ មុនដ​កកូន​ទៅ​ដាំ​ត្រូវ​បន្ថយ​ការ​ស្រោច​ទឹក ២ ទៅ​៣​ថ្ងៃ​ដើម្បី​ឲ្យ​កូន​មាន​ភាពរឹងមាំ តែ​មុនពេល​ដាំ​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​សិន​នៅពេល​ព្រឹក ហើយ​ពេល​រសៀល​ចាំ​ដក​កូន​យកទៅ​ដាំ​។ ត្រូវ​ដាំ​កូន​ដែលមាន​អាយុ ២០ ទៅ ២៥​ថ្ងៃ និង​មាន​សន្លឹក ៤ ទៅ ៥​សន្លឹក​។ ត្រូវមាន​ចន្លោះ​ជួរ ៦០​សង់ទីម៉ែត្រ និង​ចន្លោះ​គុម្ព ៥០​សង់ទីម៉ែត្រ និង​ត្រូវ​ដាំ ១​ដើម​ក្នុង​មួយ​រណ្ដៅ​។ 

​ការប្រើប្រាស់​ជី​៖ កសិករ​អាច​ប្រើប្រាស់​ជី ២​ប្រភេទ ជីគីមី និង​ជីធម្មជាតិ​។ ប៉ុន្តែ​កសិករ​គួរប្រើ​ប្រាស់​ជីធម្មជាតិ​ប្រសើរ​ជាង ព្រោះ​មិន​ប៉ះពាល់​អំឡុងពេល​ប្រើប្រាស់ និង​អ្នក​បរិភោគ​ផង​។ បើសិន​ប្រើប្រាស់​ជីគីមី គួរប្រើ​ក្នុង​បរិមាណ​តិចតួច​បាន​ហើយ​។ គេ​អាច​ប្រើ​ជី​សម្រាប់​ទ្រាប់​បាត​រណ្ដៅ និង​ជី​បំប៉ន​នៅក្រោយពេល​ដាំ​បាន ២​អាទិត្យ​បន្ទាប់ និង​ត្រូវដាក់​ចម្ងាយ​ពី​គល់​ប្រមាណ ៥​សង់ទីម៉ែត្រ​។ 
​ការថែទាំ​៖ បន្ទាប់ពី ១០​ថ្ងៃក្រោយ​ដាំ​ត្រូវ​ដោត​ទំរ (​ឈើ​,​ឫស្សី​) ទប់​ដើម​ត្រប់ កុំ​ឲ្យ​ដើម​ដួល​នៅពេល​មាន​ផ្លែ​ច្រើន​។ ត្រូវ​កាត់​ស្លឹក​ចាស់ៗ និង​មែក​នៅ​ខាងក្រោម​ចេញ ដើម្បី​ឲ្យ​ពន្លឺ និង​ខ្យល់​ចូល​គ្រប់គ្រាន់​។ 

​ការប្រមូល​ផល​៖ អាយុកាល​នៃ​ត្រប់​ពី ៥៥ ទៅ ៨០​ថ្ងៃ បន្ទាប់ពី​ដាំ​អាច​ប្រមូល​ផល​បាន តែ​វា​ក៏​អាស្រ័យ​លើ​ការថែទាំ និង​ពូជ​ផងដែរ​។ ហើយ​ត្រូវ​ប្រើ​កាំបិត ឬ​កន្ត្រៃ​ដើម្បី​កាត់​ផ្លែ ដើម្បី​កុំ​ឲ្យ​បាក់មែក​ត្រប់​៕

ព័ត៌មានទាក់ទង