ផ្លូវ​មួយចំនួន និង​ដំណាំ​ប្រមាណ ៦០០​ហិកតា​នៅ​ពោធិ៍សាត់ រង​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​

23/09/2020 2:00 pm ពោធិ៍សាត់

​ស្រុក​វាលវែង ស្រុក​កណ្ដៀង និង​ស្រុក​ភ្នំក្រវាញ និង​ក្រុង​ពោធិ៍សាត់​នៃ​ខេត្តពោធិ៍សាត់ កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ប៉ះពាល់​ដល់​លំនៅដ្ឋាន ដំណាំ​ស្រូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២០​។​



​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ គិត​ត្រឹម​ថ្ងៃទី​២១ ខែកញ្ញា បន្ទាប់ពី​ទទួល​ឥទ្ធិពល​ព្យុះ​ទី​១១ «​នូ​ល​» និង​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា ២​ថ្ងៃ​ផង​នោះ ធ្វើ​ឲ្យ ស្រុក​-​ក្រុង ចំនួន​៤ និង ឃុំ​-​សង្កាត់ ចំនួន ១៨ បាន​បង្ក​ទៅជា​ទឹកជំនន់​។ សម្រាប់​ស្រុក​វាលវែង បានធ្វើ​ឲ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន ៨​គ្រួសារ​បាន​លិច និង​ប៉ះពាល់​ដំណាំ​ប្រមាណ ៣១៨​ហិកតា ដាច់​ស្ពាន​និង​ផ្លូវ ៤​កន្លែង​។​

​រីឯ​ក្រុង​ពោធិ៍សាត់​វិញ បាន​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ ១ ៤២៧​គ្រួសារ និង​លិច​ដំណាំ​ស្រូវ ៨២៨​ហិកតា និង​ធ្វើ​ឲ្យ​លិច​ផ្លូវ​ប្រមាណ ៣០​ខ្សែ​ក្នុង​ក្រុង​។ ចំណែក​ស្រុក​កណ្ដៀង បានធ្វើ​ឲ្យ​ស្រូវស្រាល ជិត ៣០០​ហិកតា និង​ប៉ះពាល់​ផ្លូវ​មួយចំនួន​។ ហើយ​សម្រាប់​ស្រុក​ភ្នំក្រវាញ​វិញ ត្រូវ​ជម្លៀស​ពលរដ្ឋ ១៨០​គ្រួសារ ទៅ​ទី​មាន​សុវត្ថិភាព និង​បង្ក​ឲ្យ​ផ្លូវ​មួយចំនួន​ខូចខាត​ផងដែរ​។ 



​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ២២ ខែកញ្ញា ថា​៖«​រហូតមក​ពេលនេះ ស្ថានភាព​ក្នុង​ទឹកជំនន់​ក្នុង​ខេត្តពោធិ៍សាត់ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ អាច​គ្រប់គ្រង​បាន​»​។ ហើយ​រដ្ឋបាលខេត្ត​បានរៀបចំ​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​២៤​ម៉ោង ដើម្បី​ចាំ​ជួយសង្គ្រោះ​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា​»​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា ចំពោះ​ការខូចខាត និង​ចាំ​ដោះស្រាយ​តាម​ក្រោយ ខណៈ​ពេលនេះ​ដោះស្រាយ​ចំពោះ​បញ្ហា​ស្បៀង និង​គិតពី​សុវត្ថិភាព​ពលរដ្ឋ​ជាមុនសិន​។ គិត​ត្រឹម​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ​២០២០ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុជីវិត ដោយសារ​គ្រោះទឹកជំនន់​នេះឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលខេត្ត​ពោធិ៍សាត់​៕

ព័ត៌មានទាក់ទង