លោក ម៉ៅ ធនិន​៖ ស្ថានភាព​ទឹកជំនន់​នៅ​ពោធិ៍សាត់ អាច​គ្រប់គ្រង​បាន ខណៈ​ទឹក​បន្ត​ស្រក​

22/09/2020 5:00 pm ពោធិ៍សាត់

​កម្ពុជា​ទទួលរង​ឥទ្ធិពល​ព្យុះ​ទី​១១ «​នូ​ល​» ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ កោះកុង បាត់ដំបង ប៉ៃលិន ព្រះសីហនុ កំពត កែប រង​ផលប៉ះពាល់ និង​បង្កើតជា​ជំនន់​ទឹកភ្លៀង​។ ក្នុងនោះ​ខេត្តពោធិ៍សាត់ ក៏​ស្ថិតក្នុង​ខេត្ត​មួយ​ដែល​ទទួលរង​នូវ​ឥទ្ធិពល​ដែរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ ផលដំណាំ ផ្លូវ​សាធារណៈ និង​រំខាន​ដល់​ការប្រកប​ការងារ​ដល់​ពលរដ្ឋ​។​



​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ២២ ខែកញ្ញា ថា​៖«​រហូតមក​ពេលនេះ ស្ថានភាព​ក្នុង​ទឹកជំនន់​ក្នុង​ខេត្តពោធិ៍សាត់ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ អាច​គ្រប់គ្រង​បាន បើ​មិនមាន​ភ្លៀង​ធ្លាក់​បន្ត កម្ពស់​ទឹកនឹង​បន្ត​ស្រក​ជា​បន្តបន្ទាប់​»​។ មកដល់ពេលនេះ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ គ្រាន់​ប៉ះពាល់​ដល់​ការប្រកប​ការងារ​តិច​តួច​»​។​



លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់ទៀតថា កត្តា​ដែល​ធ្វើ​ឲ្យ​ខេត្តពោធិ៍សាត់​មាន​ជំនន់​ទឹកភ្លៀង ដោយសារ​រង​ឥទ្ធិពល​ព្យុះ​កន្លងមក ធ្វើ​ឲ្យ​បរិមាណ​ទឹកស្ទឹង​ចំនួន​៣ ក្នុង​ខេត្តពោធិ៍សាត់ មាន​ស្ទឹង​អា​រ៉ៃ ស្ទឹង​ព្រែក​ថ្លុ​ង និង​ស្ទឹង​ពោធិ៍សាត់ ហូរ​ធ្លាក់​ចូលទៅ​ស្ទឹង​ពោធិ៍សាត់​តែមួយ និង​បន្ត​ហូរ​ទៅ​បឹង​ទន្លេសាប ធ្វើ​ឲ្យ​កម្ពស់​ទឹកភ្លៀង​ខ្ពស់ និង​បាចសាច​ទៅតាម​តំបន់​នីមួយៗ​។​

​រដ្ឋបាលខេត្ត​បាន​ចាត់​ក្រុមការងារ ចុះជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់ ដូចជា​ស្បៀងអាហារ​ជាដើម​។ ដោយឡែក​ចំពោះ​ការខូចខាត​មិនមាន​របាយការណ៍​បូកសរុប​នៅឡើយ​ទេ​។ ចំពោះ​ដំណាំ​ស្រូវ​វិញ ក៏​មិនបាន​ចោទ​ជា​បញ្ហា​ដែរ មានតែ​ជួយ​បង្កើន​ទិន្នផល​ដល់​ដំណាំ​ស្រូវ​កសិករ​ថែមទៀត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អភិបាលខេត្ត​ពោធិ៍សាត់​រូបនេះ​។​

​គួរ​បញ្ជាក់ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​សេចក្ដីជូនដំណឹង​ពី​ស្ថានភាព​កម្ពស់់​ទឹកភ្លៀង​នៅតាម​ទីតាំង​នីមួយៗ កំពុងស្ថិត​ក្នុងការ​គួ​រ​ប្រុងប្រយ័ត្ន​។ ក្នុងនោះ​កម្ពស់​ទឹក​សឹ្ទ​ង​ពោធិ៍សាត់ មាន ៥.៤៥​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥​ម៉ែត្រ នៅ​ក្រុង​ពោធិ៍សាត់​។ សម្រាប់​សឹ្ទ​ង​ក្រវាញ កម្ពស់​ទឹក ៥.៧៥​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៦​ម៉ែត្រ នៅ​ស្រុក​ភ្នំក្រវាញ​។ ដោយឡែក​សឹ្ទ​ង​វាលវែង កម្ពស់​ទឹក ២.​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ១០​ម៉ែត្រ នៅ​ស្រុក​វាលវែង​៕

ព័ត៌មានទាក់ទង