លោក ប៊ុត គឹមឆាយ ពង្រីកការដាំដូងក្រអូបតពីគ្រួសារ ព្រោះឃើញទីផ្សារខ្ពស់

27/09/2020 3:00 pm ព្រះសីហនុ

លោក ប៊ុត គឹមឆាយ ជាម្ចាស់ចម្ការដូងក្រអូបដែលគ្របដណ្តប់លើផ្ទៃដី៤០ហិកតា ក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក ប៊ុត គឹមឆាយ ប្រាប់សារព័ត៌មានThmeyThmey25ថា លោក បានចាប់ផ្តើមពង្រីកការដាំដូងក្រអូបបន្តពីគ្រួសារនៅក្នុងឆ្នាំ២០០២ ពី១០ហិកតា រហូតដល់៤០ហិកតា នៅពេលបច្ចុប្បន្ន ដោយសារតែលោកមើលឃើញថាដំណាំនេះមានតម្រូវការខ្ពស់នៅលើទីផ្សារ។ ដូងក្រអូបប្រមាណ៤០ហិកតានេះ អាចឲ្យម្ចាស់ចម្ការវ័យ២៨ឆ្នាំរូបនេះ ចំណេញប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ។



លោក ប៊ុត គឹមឆាយ ជាកសិករវ័យក្មេង និងជោគជ័យមួយរូប។ លោក គឺជាម្ចាស់ចម្ការ ចម្ការដូងក្រអូប ប្រមាណ៤០ហិតកតា នៅក្នុងវ័យត្រឹមតែ២៨ឆ្នាំ។ គឺជាចម្ការដូងក្រអូប ដែលលោក គឹមឆាយ បានពង្រីកបន្តពីគ្រួសារ ដោយចាប់ផ្តើមពីឆ្នាំ២០០២នៅលើផ្ទៃដីដាំដុះដែលមានស្រាប់១០ហិកតា ពង្រីកដល់៤០ហិកតា ក្នុងពេលបច្ចុប្បន្ន។ 

កសិករវ័យ២៨ឆ្នាំរូបនេះ ប្រាប់សារព័ត៌មាន Thmey Thmey 25 ថាលោកសម្រេចចិត្ត បន្តរបរកសិកម្មបន្តពីគ្រួសារ ទាំងដែលមិនបានសិក្សាជំនាញកសិកម្ម កាលពីជិត២០ឆ្នាំមុននោះ ព្រោះតែកាលណោះ ដូងក្រអូបមានតម្រូវការទីផ្សារខ្ពស់ ខណៈដែលពេលនោះអ្នកដាំដុះនៅមានតិចនៅឡើយ។ ម្យ៉ាងតំបន់ដែលយុវជនរូបនេះរស់នៅ ក៏ស្របនឹងដំណាំដូងក្រអូបនេះដែរ។ លោកប៊ុត គឹមឆាយ បញ្ជាក់ប្រាប់ Thmey Thmey 25 ដូច្នេះ៖«ខ្ញុំចាប់ផ្ដើមដាំដូងក្រអូប តាំងពីឆ្នាំ២០០២ បន្តពីគ្រួសាររបស់ខ្ញុំ លើផ្ទៃដី ១០ហិកតា។ ហើយរហូតបច្ចុប្បន្នបានពង្រីកផ្ទៃដី ៤០ហិកតា និងកំពុងសិក្សាទីផ្សារ គ្រោងពង្រីកផ្ទៃដីពី ៧ទៅ ៨ហិកតាបន្ថែម»។ 



គម្រោងពង្រីកការដាំដុះបន្លែម ព្រោះម្ចាស់ចម្ការរូបនេះ មើលឃើញថាដូងក្រអូប រឹតតែមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ទោះបីគ្មានជំនាញកសិកម្ម តែបទពិសោធន៍ដាំដុះដូងក្រអូប ពីគ្រួសារ ធ្វើឲ្យលោកអាចពង្រីកការដាំដុះបន្ថែមបានយ៉ាងងាយ ដើម្បីបំពេញតម្រូវការទីផ្សារ ដែកបច្ចុប្បន្ន លោក គឹមឆាយ បានប្រែក្លាយការដាំដុះដូងក្រអូបជាលក្ខណៈគ្រួសារ ទៅជាអាជីវកម្មទៅហើយ។

លោកបានបន្តថា ដូងក្រអូបងាយដាំ មិនសូវរើសប្រភេទដីនោះទេ គឺអាចដាំបានទាំងប្រភេទដីដែលមានល្បាយខ្សាច់ ដីតំបន់ភ្នំ និងតំបន់ជាប់មាត់សមុទ្រ។ ដូងក្រអូប នឹងអាចផ្ដល់ផលក្នុងរយៈពេល ២-៣ឆ្នាំបន្ទាប់ពីដាំដុះ។ នេះបើតាមលោក ប៊ុត គឹមឆាយ ដែលបានបន្តថា ដីដែលមានជាតិប្រៃ នឹងធ្វើឲ្យដូងមានរសជាតិកាន់តែផ្អែម និងក្រអូប។ ទោះជាយ៉ាងនេះក្តី កសិករគឹមឆាយ ក៏ណែនាំឲ្យកសិករដែលមានបំណងដាំដូងក្រអូប ត្រូវគិតគូរពីកន្លែងដាំដុះដែលមានប្រភពទឹកគ្រប់គ្រាន់ដែរ ព្រោះដំណាំនេះ ត្រូវការទឹកជាប្រចាំ។ ម្យ៉ាងវិញទៀត កសិករក៏គួរប្រុងប្រយ័ត្ន លើសត្វចង្រៃដូចជា សត្វកណ្ដូប ឌួង និងសត្វក្រាជាដើម ដែលតែងយាយីដល់ដំណាំមួយប្រភេទនេះផងដែរ។ នេះបើតាមម្ចាស់ចម្ការដូងក្រអូបវ័យក្មេងរូបនេះ។ 



បច្ចុប្បន្ន ដូងក្រអូបរបស់លោក អាចផ្គត់ផ្គង់តែលើទីផ្សារខេត្តព្រះសីហនុ និងរាជធានីភ្នំពេញប៉ុណ្ណោះ ខណៈតម្រូវការមានច្រើនលើសលប់។ តាមលោក គឹមឆាយ  ផ្ទៃដី៤០ហិកតានេះ លោកបានដាំដូងក្រអូបចំនួន ១៦ ០០០ដើម ដោយបច្ចុប្បន្ន ទើបតែមានដូង ប្រមាណ ៩ ០០០ដើមប៉ុណ្ណោះ កំពុងហុចផល។ ជារៀងរាល់ខែ កសិករវ័យក្មេងរូបនេះ អាចប្រមូលផលប្រមាណ៣ម៉ឺនផ្លែ ដែល ១ផ្លែៗអាចលក់បានពី ២ ៤០០- ៣ ៥០០រៀល។ ជាមធ្យម ក្នុងមួយឆ្នាំ លោកអាចទទួលបានចំណូលពីការលក់ដូងក្រអូបទាំងដូងខ្ចី ដូងទុំ និងពូជដូង បានប្រមាណ ១៨ម៉ឺនដុល្លារ។ ក្រោយទូទាត់ចំណាយ លោកអាចនៅសល់ប្រាក់ចំណេញ ប្រមាណ១០ម៉ឺន ដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមលោក ប៊ុត គឹមឆាយ៕

ព័ត៌មានទាក់ទង