គ្រោងឆ្អឹង​សត្វ​ខ្ទីង​១​ក្បាល ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រទះឃើញ​នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​

22/09/2020 1:00 pm ឧត្តរមានជ័យ

សាកសព​សត្វ​ខ្ទីង​១​ក្បាល ដែល​បន្សល់​នូវតែ​គ្រោងឆ្អឹង​នៃ​តួខ្លួន​មួយចំនួន ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​អូរ​អំបិល​ប្រទះឃើញ នៅក្បែរ​មាត់​ត្រពាំង​តា​សារូ ក្នុង​បរិវេណ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២០​កញ្ញា ឆ្នាំ​២០២០​។



បើតាម​ការចុះផ្សាយ​រប​ស់​ក្រសួងបរិស្ថាន​នា​ព្រឹក​ថ្ងៃទី​២២​កញ្ញា​នេះ ក្រុមការងារ​ល្បាត​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការបាត់​បង់ជីវិត​រប​ស់​សត្វ​ខ្ទីង​១​ក្បាល​នេះឡើយ​។ ដោយ​ក្រុមការងារ​ល្បាត​របស់​ក្រសួងបរិស្ថាន​បាន​សន្និដ្ឋានថា សត្វ​ខ្ទីង​នេះ គឺ​បាន​ងាប់​អស់​រយៈ​ជិត​២​ខែ​មកហើយ ព្រោះ​ស្អុយរលួយ​អស់ នៅតែ​គ្រោងឆ្អឹង​។ 
 
​ជាមួយគ្នានេះ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា ក្បាល និង គ្រោងឆ្អឹង​មួយផ្នែក​នៃ​សាកសព​សត្វ​ខ្ទីង​នេះ គឺ​បាន​បាត់ ដោយ​បន្សល់​នូវ​គ្រោង​តែមួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​គ្រោងឆ្អឹង​ដែល​សេសសល់​នោះ ខាង​ក្រុមការងារ​ល្បាត បាន​ប្រមូល​យកទៅ​រក្ស​ទុក​នៅ​ទីស្នាក់ការ​អង្គការ​អភិរក្ស​សត្វព្រៃ កម្ពុជា និង​អនុរក្ស​សត្វ​ដំរី​។ 

ខ្ទីង ជា​ប្រភេទ​សត្វ​មួយ ដែល​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង ហើយ​ចំនួន​របស់​វា​មានការ​ថយចុះ​គួរឱ្យ​ព្រួយបារម្ភ​។ សត្វ​ខ្ទីង កំពុង​ប្រឈមមុខ​នឹង​ការរង​គ្រោះថ្នាក់ ដោយសារ​បាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់​, ស្នែង​, ឆ្អឹង និង​ការជួញដូរ​។ ខ្ទីង ស្ថិតនៅក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ជា​ប្រភេទ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប ហើយ​គេ​កម្រ​ឃើញ​វា​រស់នៅ តាម​វាលទំនាប​ណាស់ ពីព្រោះ​តែ​វា​មិន​ចូលចិត្ត​កម្ដៅ​។ សត្វ​ប្រភេទ​នេះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រ ហម IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជាស​កល​។ នេះ​បើ​យោងតាម​សៀវភៅ​ថនិកសត្វ​កម្ពុជា ដែល​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston ឆ្នាំ​២០០៨​៕

ព័ត៌មានទាក់ទង