Thmey Thmey 25
ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ​ធ្វើ​ឲ្យ​ត្រី និង​បង្គា​ជិត​២០០​តោន​រួច​ពី​ស្រះ និង​២០​តោន​ទៀត​ងាប់​
22/09/2020 11:00 am ព្រះសីហនុ ​ជំនន់​ទឹកភ្លៀង​ដោយសារ​ឥទ្ធិពល​ព្យុះ​នូ​ល​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​បែ​ចិញ្ចឹម​ត្រី​និង​បង្គា​ជាច្រើន​កន្លែង ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយ​ក្នុងនោះ​ត្រី​ឆ្ដោ ផ្ទក់ ត្រី​ក្រាញ់ និង​បង្គា​ជិត​២០០​តោន​រួច​ចេញពី​ស្រះ​ចិញ្ចឹម រីឯ​ត្រី​ឆ្ពង់​២០​តោន​ផ្សេងទៀត​បាន​ងាប់ បន្ទាប់ពី​ទឹកសាប​ហូរ​ចូល​។​

​ស្ថានភាព​ភ្លៀង​ធ្លាក់​ជាប់​គ្នា​មិន​ដាច់​កាលពី​ថ្ងៃទី​១៨-២០ ខែកញ្ញា​កន្លងទៅ បានធ្វើ​ឱ្យមាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ស្រះ​ចិញ្ចឹម​ត្រី កម្ពស់​ជិត​២​ម៉ែត្រ ក្នុងស្រុក​ស្ទឹងហាវ​។ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ២៥ យ៉ាង​ដូច្នេះ​៖«​ស្រះ​ចិញ្ចឹម​ត្រី​ជាច្រើន​កន្លែង​បាន​លិច​ជា​បន្តបន្ទាប់ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ម៉ោង​ជាប់​គ្នា ធ្វើឱ្យ​ត្រី​និង​បង្គា​ជិត​២០០​តោន​រួច​ចេញពី​ស្រះ​។​

 ត្រី​ដែល​រួច​ចេញពី​ស្រះ​ទាំងនោះ​រួមមាន ត្រី​ឆ្ដោ​១១០​តោន ត្រី​ផ្ទក់​៦​តោន ត្រី​ក្រាញ់​៤​តោន និង​បង្គា​ចំនួន​៧០​តោន​។ បន្ថែម​ពីនេះ ក៏មាន​ត្រី​ឆ្ពង់​២០​តោន​ផ្សេងទៀត​បាន​ងាប់ បន្ទាប់ពី​ទឹកសាប​ហូរ​ចូលក្នុង​ស្រះ​»​។​

​ប្រធាន​មន្ទីរ​រូបនេះ​បានឱ្យដឹង​ទៀតថា ត្រី​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​លើក​នេះ ប្រសិនបើ​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ប្រមាណ​២,៨៩០​លាន​រៀល​។ លោក​បន្តថា ក្រៅតែពី​ត្រី ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​តិចតួច​ទៅលើ​ដំណាំ​ស្រូវ និង​បន្លែ​ផ្សេងៗ​ទៀត​។​
 
​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ក៏បាន​លើកឡើង​ដែរ​ថា ទោះបីជា​ស្ថានភាព​អាកាសធាតុ ហាក់​មាន​ភាពល្អប្រសើរ​ខ្លះ​ហើយក៏​ដោយ ប៉ុន្តែ​ការធ្វើដំណើរ​តាម​សមុទ្រ នៅតែ​បន្ត​បិទ​ទាំងស្រុង ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ រហូត​មានការ​ជូនដំណឹង​ជាថ្មី​។​

​គួ​បញ្ជាក់​ផងដែរ​ថា ខេត្ត​ព្រះសីហនុ​ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​១១«​នូ​ល​» ដែល​បាន​បោកបក់​មកលើ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៨-២០​កន្លងទៅ​។ បណ្ដា​ស្រុក​ជាច្រើន​នៃ​ខេត្ត​ព្រះសីហនុ បាន​រង​នូវ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​ស្រុក​ព្រៃនប់ ដោយ​ក្នុងនោះ ប្រជាពលរដ្ឋ​១,៩៥៨​គ្រួសារ​ទទួលរង​ផលប៉ះពាល់​ដោយផ្ទាល់​និង​មាន​ក្មេងស្រី​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​, ផ្ទះ​១,៩៥៥​ខ្នង​បាន​រង​ការខូចខាត​, ហើយ​ប្រជាពលរដ្ឋ​ជិត​៥០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​៕



ដោយ៖ ​ង៉ា​យ ណៃ​ © រក្សាសិទ្ធិដោយ thmeythmey25.com