អាជ្ញាធរខេត្ត​បាត់ដំបង ឲ្យ​ផ្អាក​បណ្តោះអាសន្ន​ជាបន្ទាន់ អាជីវកម្ម​កម្សាន្ត​តាម​ស្ទឹង បឹងបួរ​

21/09/2020 11:00 am បាត់ដំបង

​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ណែនាំ​ម្ចាស់​រមណីយដ្ឋាន​ដែលមាន​ទីតាំងនៅ​ជិត​ដងស្ទឹង បឹងបួរ ជ្រោះ ឬ​ជ្រលង​ភ្នំ ឲ្យ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ជាបន្ទាន់ ចាប់ពី​ថ្ងៃទី​២០​កញ្ញា​នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ ការណែនាំ​នេះ គឺ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​បណ្តាលមកពី​ឥទ្ធិពល​ព្យុះ​នូ​ល ក៏ដូចជា​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ល្បឿន​លឿន​ដែល​បាន និង​កំពុង​បោកបក់​មកលើ​កម្ពុជា​។​



​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​នោះ មានន័យ​ដូច្នេះ​៖«​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​សូម​ណែនាំ​ដល់​ម្ចាស់​រមណីយដ្ឋាន​នៅតាម​ដង​ជ្រោះ ជ្រលង​ដងអូរ ដងស្ទឹង​បឹងបួរ ឲ្យ​ផ្អាក​ដំណើរ​ជា​បណ្តោះអាសន្ន​ជាបន្ទាន់ ចាប់​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០២០ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​»​។ 

​ម្ចាស់​រមណីយដ្ឋាន​ណា​មិន​ព្រម​អនុវត្តតាម​សេចក្ដីជូនដំណឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ នេះ​ជាការ​គូសបញ្ជាក់​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។ 

​ជុំវិញ​ស្ថានភាព​អាកាសធាតុ​នេះដែរ រដ្ឋបាលខេត្ត​បាត់ដំបង ក៏បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ខេត្តបាត់ដំបង ជាពិសេស​ប្រជាពលរដ្ឋ​នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ ដែល​អាច​បណ្តាល​ឲ្យ​ទឹក​ក្នុង​ស្ទឹង​សង្កែ ស្ទឹង​មង្គលបុរី និង​ស្ទឹង​ដូន​ទ្រី​មានការ​កើនឡើង​៕

ព័ត៌មានទាក់ទង