«​ការ​ស្គាល់​ខ្លួនឯង​តាមរយៈ​ទស្សនវិទូ​» (ភាគ២)

15/09/2020 12:00 pm ភ្នំពេញ

ទស្សនវិទូ​បាន​ចំណាយពេល​អស់​រាប់ពាន់​ឆ្នាំ​មកហើយ​ក្នុងការ​ស្វែងរក​ការ​ស្គាល់​ខ្លួនឯង​។ តើ​ខ្ញុំ​ជា​នរណា​? ធ្វើ​យ៉ាងម៉េច​ទើប​ស្គាល់​ខ្លួនឯង​? ហេតុអ្វី​ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង​? ស្គាល់​ខ្លួនឯង​ទៅបាន​ប្រយោជន៍​អ្វីខ្លះ​? ហេតុផល​ក្នុងការ​ស្គាល់​ខ្លួនឯង​គឺ ងាយស្រួល​គ្រប់គ្រង​ខ្លួនឯង រក​សុភមង្គល​ឲ្យ​ខ្លួនឯង និង​ងាយ​ផ្តល់នូវ​អត្ថន័យ​ជីវិត​ដល់​ខ្លួនឯង ព្រោះថា​តម្លៃ​របស់​មនុស្ស​មិន​ស្ថិតនៅ​ត្រឹមតែ​ការ​រស់​ដូច​សត្វ​ប៉ុណ្ណោះ​ទេ ។ ទស្សនវិទូ អា​រី​ស្តូ​ត យល់ថា​ការ​ស្គាល់​ខ្លួនឯង គឺជា​ចំណុច​ចាប់ផ្តើម​នៃ​គតិបណ្ឌិត ។ ដូច្នេះ​ដើម្បី​ស្គាល់​ខ្លួនឯង អ្នក​គួរ​ពិចារណា​១៧​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​នេះ​៖



«​ការ​ស្គាល់​ខ្លួនឯង​តាមរយៈ​ទស្សនវិទូ​» (ភាគ១) https://thmeythmey25.com/detail/88637


៩.​    ​រៀន​ស្វែងយល់​ពី​គុណធម៌ និង​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​មុខងារ​៖ គុណធម៌ ជា​ពាក្យ​ដែល​គេ​ងាយ​និយាយ ប៉ុន្តែ​មិន​ងាយ​យល់ ព្រោះ​គុណធម៌ មានន័យ​ស៊ី​ម្រៅ និង​មាន​អត្ថន័យ​ច្រើនយ៉ាង ។ ជាក់ស្តែង គុណធម៌​តាមបែប អា​រី​ស្តូ​ត រួមមាន ភាពក្លាហាន ការដឹង​ប្រមាណ យុត្តិធម៌ ជាដើម​។ ចំណែក​គុណធម៌​របស់​ទស្សនវិទូ ខុង ជឺ វិញ​រួមមាន កតញ្ញូ ភាពស្មោះត្រង់ ការជួយ​គ្នា​ទៅវិញទៅមក ជាដើម ។ ឧទាហរណ៍ មុខងារ​របស់​ភាពក្លាហាន គឺ​ទប់ទល់​ជាមួយនឹង​ឧបសគ្គ និង​ភាពភ័យខ្លាច ប៉ុន្តែភាពក្លាហាន ជ្រុល​ពេក​ក៏​អាច​បំផ្លាញ​អ្នក​បានដែរ។ មនុស្សរ​ស់បាន​ព្រោះ​អាហារ ប៉ុន្តែ​យើង​មិនអាច​បរិភោគ​អាហារ​មួយពេល​ចំនូ​ន​១០​ចាន​បាន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកស្លាប់​បាន នេះ​គឺជា​មុខងារ​របស់​ការដឹង​ប្រមាណ ។ ដូច្នេះ​ដើម្បី​យល់​ពី​ខ្លួនឯង​ឲ្យ​កាន់តែ​ច្បាស់លាស់ អ្នក​គប្បី​ស្វែងយល់​ពី​អត្ថន័យ​គុណធម៌​នីមួយៗ​ឲ្យ​បាន​ច្បាស់ និង​ប្រើប្រាស់​គុណធម៌​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កាលៈទេសៈ ទើប​អាច​ឲ្យ​អ្នកកំណត់​ពី​ជម្រៅ​ដួងចិត្ត​របស់​អ្នក​បាន ។​


១០.​    ​កំណត់​គោលដៅ​ជីវិត​របស់​អ្នក​ឲ្យ​បានច្បាស់លាស់​៖ ការកំណត់​គោលដៅ​ជីវិត មានន័យថា ជាការ​ជ្រើសរើស​អ្វីដែល​ល្អ​បំផុត និង​ចុងក្រោយ​បំផុត​ក្នុង​ជីវិត​។ ជីវិត​ដ៏​មានន័យ គឺជា​ជីវិត​ដែល​អាច​សម្រេច​គោលដៅ​បាន ហើយ​គោលដៅ​ធំ​ផុត​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​គឺ​ដើម្បី​សុភមង្គល នេះ​គឺជា​ការលើកឡើង​របស់​ទស្សនវិទូ អា​រី​ស្តូ​ត ។ គោលដៅ​នៃ​ជីវិត​របស់​អ្នកជំនួញ​គឺ​ដើម្បី​ទ្រព្យសម្បត្តិ គោលដៅ​នៃ​ជីវិត​របស់​អ្នក​កាន់សាសនា​គឺ​ដើម្បី​គោរព​ព្រះ គោលដៅ​នៃ​ជីវិត​របស់​អ្នកមាន​សីលធម៌​គឺ​ដើម្បី​គុណធម៌ គោលដៅ​នៃ​ជីវិត​របស់​អ្នក​ចង់​ល្បីល្បាញ​គឺ​ដើម្បី​កិត្តិយស គោលដៅ​នៃ​ជីវិត​របស់​អ្នកដឹកនាំ​ប្រទេស​គឺ​ដើម្បី​សុភមង្គល​របស់​រាស្ត្រ ។​

១១.​    ​ស្វែងយល់​ពី​គោលបំណង​ពិត​ក្នុង​ជីវិត​របស់​អ្នក​៖ គោលបំណង ជា​អ្វីដែល​មនុស្ស   ចង់បាន និង​ជា​ហេតុផល​ដែល​ជំរុញ​ឲ្យ​មនុស្ស​ធ្វើ​អ្វីមួយ​ដោយមាន​ន័យ ។ ជាក់ស្តែង ព្រះ​សិទ្ធត្ថ មានបំណង​ចង់​ឲ្យ​ឆ្លង​ផុតពី ការកើត ចាស់ ឈឺ ស្លាប់ ហេតុដូច្នេះ​បានជា​ព្រះអង្គ ទ្រង់​ចេញ​សាង​ផ្នួស​ដើម្បី​ឲ្យ​បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ ។ ប្រសិនបើ​អ្នក​មិនអាច​ស្វែងរក​គោលបំណង​ពិត​ក្នុង​ជីវិត​របស់​អ្នក​ឲ្យ​ឃើញ​នោះទេ មិន​ឈ្មោះថា​អ្នក​ស្គាល់​ខ្លួនឯង​នោះឡើយ ។​

១២.​    ​ស្វែងរក​តម្លៃ​ជីវិត​របស់​អ្នក​ឱ្យឃើញ​៖ ទស្សនវិទូ សូ​ក្រា​ត ពោលថា មនុស្ស​ឥតប្រយោជន៍ គឺជា​មនុស្ស​ដែល​មិន​ស្គា​ល់ពី​តម្លៃ​ជីវិត​ខ្លួនឯង ហើយ​មនុស្ស​គ្មាន​តម្លៃរស់នៅ​ដើម្បី​តែ​ផឹកស៊ី ប៉ុន្តែ​មនុស្ស​ដែលមាន​តម្លៃ​វិញ ស៊ីផឹក​ដើម្បី​គ្រាន់តែ​រស់ប៉ុណ្ណោះ។ បើ​តម្លៃពិត​ជាសំខាន់​បែបនេះ​មែន តើ​តម្លៃ​មាន​អត្ថន័យ​យ៉ាងដូចម្តេច​? តម្លៃ​គឺជា​ជំនឿ​ដែល​មនុស្ស​ជឿ​ជាពិសេស​ជឿ​លើ​អ្វីមួយ​ខុស អ្វីមួយ​ត្រូវ និង​ជឿ​លើ​អ្វីមួយ​ដែលមាន​សារៈសំខាន់​បំផុត​នៅក្នុង​ជីវិត ហើយ​តម្លៃ​គឺជា​អ្វីដែល​គ្រប់គ្រង​ទង្វើ​របស់​មនុស្ស ។ អ្នក​ដែល​មិន​ស្គាល់​តម្លៃ​ជីវិត​របស់ខ្លួន​នឹង​រស់នៅក្នុង​ភាពរ​ញេ​រ​ញៃ ចិត្ត​គ្មាន​សណ្តាប់ធ្នាប់ និង​ជួប​នូវ​ភាពបរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ជីវិត ប្រៀបបាន​នឹង​ទូក​គ្មាន ច្រវា ។ ឧទាហរណ៍ តម្លៃ​ជីវិត​របស់​ទស្សនវិទូ​គឺ សេរីភាព ឯករាជ្យភាព សច្ចធម៌ គតិបណ្ឌិត យុត្តិធម៌ សុភមង្គល ភាពក្លាហាន ភាពស្មោះត្រង់ គិត​ពិភពលោក​ជាធំ​ជាដើម ។ ដោយសារ​ទស្សនវិទូ​ស្គាល់​នូវ​តម្លៃ​របស់ខ្លួន​ច្បាស់​បែបនេះ​ទើប​ឈ្មោះថា ស្គាល់​ខ្លួនឯង ។​


១៣.     ​ស្វែងយល់​ពី​ប្រព័ន្ធ​វិនិច្ឆ័យ​របស់ខ្លួន​ឱ្យបាន​ច្បាស់ ៖ យុត្តិធម៌​គឺជា គុណធម៌​ទីមួយ​សម្រាប់​ស្ថាប័ន នេះ​ជាការ​លើកឡើង របស់​ទស្សនវិទូ ច​ន រ៉​ល ។ គោលដៅ​នៃ​ការ វិនិច្ឆ័យ​គឺ​ដើម្បី​បាន​នូវ​ភាពត្រឹមត្រូវ ឬ​ដើម្បី​ស្វែងរក​នូវ​យុត្តិធម៌​។ ជីវិត​គឺជា​ជម្រើស ជីវិត​តែងតែ​គេច​មិន​ផុតពី​ជម្លោះ ដូច្នេះ​ការវិនិច្ឆ័យ​រឿងរ៉ាវ​ទាំង​ក្នុង​ខ្លួន ទាំង​ក្រៅ​ខ្លួន  គឺ​ពិតជា​សំខាន់​រហូតដល់​មិនអាច​ធ្វេសប្រហែស​សូម្បី​តែមួយ​នាទី ព្រោះ​អ្នក​អាច​ក្លាយជា​មនុស្ស​ល្អ ឬ​មនុស្ស​អាក្រក់ ជា​មនុស្ស​កតញ្ញូ ឬ​មនុស្ស​រមិលគុណ​គឺ​អាស្រ័យ​លើ​ការវិនិច្ឆ័យ​របស់​អ្នក​ចំពោះ​រឿង​ជុំវិញខ្លួន​របស់​អ្នក ។ ដើម្បី​វាយតម្លៃ ឬ​វិនិច្ឆ័យ​អ្វីមួយ​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​ចាំបាច់​ត្រូវមាន​គតិបណ្ឌិត និង​គោលការណ៍​ផ្ទាល់ខ្លួន​ដ៏​រឹងមាំ ទើប​អាច​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា ។ 

១៤.​    ​ស្វែងរក​កត្តា​ជំរុញ​កម្លាំងចិត្ត​របស់​អ្នក​ឱ្យឃើញ​៖ យានយន្ត​ទៅមុខ​រួច​អាស្រ័យ​លើ​ប្រេងឥន្ធនៈ យ៉ាងណាមិញ​មនុស្ស​ធ្វើការ​បាន​ដោយសារ​កម្លាំងចិត្ត ។ មនុស្ស​ជាទូទៅ​គិតថា ឳ​ពុក​ម្តាយ​គឺជា​កត្តា​ជំរុញ​កម្លាំងចិត្ត កូន​ជា​កត្តា​ជំរុញ​កម្លាំងចិត្ត ប៉ុន្តែ​សម្រាប់​ទស្សនវិទូ​វិញ មិនសូវ​ជា​ឲ្យ​តម្លៃ​លើ​កត្តា​ជំរុញ​កម្លាំងចិត្ត​តាម​រូបភាព​នេះ​ប៉ុន្មាន​ទេ  ព្រោះនេះ​គឺជា​កាតព្វកិច្ច​របស់​អ្នក​ក្នុង​ការដឹងគុណ​ឳ​ពុក​ម្តាយ ជា​កាតព្វកិច្ច​របស់​អ្នក​ក្នុងការ​ចិញ្ចឹម​កូន​ប៉ុណ្ណោះ​។    ទស្សនវិទូ​ខ្លះ​យល់ថា នេះ​គឺជា​ការជាប់​ជំពាក់​ទៅវិញ​នោះទេ ។ ដូច្នេះ​តើក​ត្តា​ជំរុញ​កម្លាំងចិត្ត​របស់​ទស្សនវិទូ​មាន​អ្វីខ្លះ​? កត្តា​ជំរុញ​កម្លាំងចិត្ត​សំខាន់ៗ​របស់​មនុស្ស​រួមមាន  តម្លៃ​ជីវិត សច្ចធម៌ គោលបំណង សមិទ្ធផល​ដែល​ខ្លួន​សម្រេចបាន ។​


១៥. ចំណេះដឹង និង​គតិបណ្ឌិត​៖ ចំណេះដឹង​គឺជា​ការដឹង​អ្វីមួយ​ច្បាស់លាស់ ការយល់​ពីអ្វី​មួយ​ត្រឹមត្រូវ ឬ​ជា​ជំនាញ​ច្បាស់លាស់​លើ​អ្វីមួយ​ដែល​បានមក​តាមរយៈ បទពិសោធ ឬ​ការសិក្សា។ ឧទាហរណ៍ ចំណេះដឹង​ផ្នែក​ច្បាប់ ចំណេះដឹង​ផ្នែក​នយោបាយ ចំណេះដឹង​ផ្នែក​សេដ្ឋកិច្ច ចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា​ជាដើម​។ ដើម្បី​ស្គាល់​ខ្លួនឯង​មនុស្ស​ម្នាក់ៗ​ចាំបាច់​ត្រូវមាន ចំណេះដឹង​អំពី​ជីវិត​ដែល​ចំណេះដឹង​នេះ​អាច​ស្វែងរក​តាមរយៈ​ទស្សនវិទូ​នៅក្នុង​ទស្សនវិជ្ជា។ ដើម្បី​មាន​គតិបណ្ឌិត​អ្នក​ចាំបាច់​ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ឲ្យ​បាន​ត្រឹមត្រូវ ។ គតិបណ្ឌិត​មិនមែន​គ្រាន់តែ​ជា​កម្រង​នៃ​ចំណេះដឹង​នោះទេ ប៉ុន្តែ​គតិបណ្ឌិត​គឺជា​ការប្រើប្រាស់​ចំណេះដឹង​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​សង្គម​ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​ដឹកនាំ​ជីវិត​របស់ខ្លួន​ឲ្យ​បានល្អ និង​អាច​បង្ហាញ​មាគ៌ា​ដ៏​ល្អ​ដល់​អ្នកដទៃ​ផងដែរ ។ ម្យ៉ាងទៀត​គតិបណ្ឌិត គឺជា​ការវិនិច្ឆ័យ​ដោយ​ភាពត្រឹមត្រូវ​នៅក្នុង​ជីវិត ជា​ដំបូន្មាន​ដ៏​ល្អ​ដើម្បី​ដោះស្រាយ​រឿង​មិន​ច្បាស់លាស់​ទាំងឡាយ​ដែលមាន​នៅក្នុង​ជីវិត​។ ក្នុងន័យ​ខ្លះ​គតិបណ្ឌិត មានន័យថា​ជា​អាវុធ​សម្រាប់​យកទៅ​ប្រយុទ្ធ​ជាមួយនឹង​សត្រូវ ពោលគឺ​ឧបសគ្គ​ទាំងឡាយ​នៅក្នុង​ជីវិត ហើយ​វា​គឺជា​ស្ពាន​សម្រាប់​នាំ​មនុស្ស​ទៅរក​សុភមង្គល​ប្រកបដោយ​គុណធម៌ ។​

១៦.​    ​កំណត់​ធាតុ​ផ្សំ​សំខាន់ៗ​នៃ​ជីវិត​ដ៏​ល្អ​របស់​អ្នក​៖ ធាតុ​ផ្សំ​នៃ​ជីវិត​ដ៏​ល្អ​មួយ​របស់​មនុស្ស ម្នាក់ៗ​គឺ​មិន​ដូចគ្នា​នោះទេ ប៉ុន្តែ​ទស្សនវិទូ​អាច​ផ្តល់​ជា​ស្តង់ដារ​រួមមួយ​សម្រាប់​មនុស្ស ទាំងអស់ ដើម្បី​ឲ្យ​យើង​យកទៅ​ប្រើប្រាស់​ក្នុង​ជីវិត​រៀងៗ​ខ្លួន ។ ទស្សនវិទូ ផ្លា​តូ    យល់ថា ជីវិត​ដ៏​ល្អប្រសើរ​មួយ​ត្រូវការ សេរីភាព ឯករាជ្យ ហេតុផល ភាពសាមញ្ញ ចំណេះដឹង ការចេះ​គ្រប់គ្រង​អារម្មណ៍ ការងារ​សុច្ចរិត និង​ការរស់នៅ​ឲ្យ​ស្របតាម​ច្បាប់ធម្មជាតិ​ជាដើម ។ ដូច្នេះ​យើង​គប្បី​កំណត់​ធាតុ​ផ្សំ​នៃ​ជីវិត​របស់​អ្នក​ឲ្យ​បានច្បាស់លាស់ ទើប​ឈ្មោះថា​ស្គាល់​ខ្លួនឯង ។​


១៧.​    ​បង្កើត​ទស្សនវិជ្ជា​ផ្ទាល់ខ្លួន​៖​ជា​ចុងក្រោយ​ដើម្បី​ស្គាល់​ខ្លួនឯង​កាន់តែច្បាស់ អ្នក​ចាំបាច់​ត្រូវមាន​ទស្សនវិជ្ជា​ផ្ទាល់ខ្លួន​។ កំពូល​មនុស្ស​អច្ឆរិយ​ប្រចាំ​សតវត្សរ៍​ទី​២០ គឺ អាល់​បឺត អេ​ន​ស្តេ​ន យល់ថា បើ​អ្នក​មិនអាច​ពន្យល់​គេ​បាន មានន័យថា​អ្នក​ពុំទាន់ យល់​វា​បានច្បាស់លាស់​នោះទេ ។ យ៉ាងណាមិញ បើ​អ្នក​មិនអាច​បង្កើត​ទស្សនវិជ្ជា​ផ្ទាល់ខ្លួន​បាន អ្នក​ក៏​មិនអាច​ស្គាល់​ខ្លួនឯង​ច្បាស់លាស់​ដែរ​។  ឧទាហរណ៍ “​អ្វីដែល​អ្នក​មិន​ប្រាថ្នា​ចំពោះ​ខ្លួនឯង ចូរ​អ្នក​កុំ​ប្រាថ្នា​ឲ្យ​វា​កើតឡើង​ចំពោះ​អ្នកដទៃ​” នេះ​គឺជា​ទស្សនវិជ្ជា​របស់​ខុង ជឺ ។ “​ដរាបណា​ទស្សនវិទូ​មិនទាន់​ក្លាយជា​អ្នកដឹកនាំ បញ្ហា​របស់​ប្រទេសជាតិ​ពុំមាន​ថ្ងៃ​បញ្ចប់​ឡើយ​” នេះ​គឺជា​ទស្សនវិជ្ជា​របស់​ទ​ស្សន​វិទូ ផ្លា​តូ ។ សុភមង្គល កើតមាន​ចំពោះ​អ្នក​ដែល​អាច​កច្ចាត់​នូវ អារម្មណ៍មិនល្អ​ចេញពី​ក្នុង​ចិត្ត​របស់​ខ្លូន​បាន នេះ​គឺជា​ទស្សនវិជ្ជា​របស់ ព្រះពុទ្ធ ។  ដើម្បី​ស្គាល់​ខ្លួនឯង ចូរ​សរសេរ​នូវ​ការយល់ឃើញ​របស់​អ្នក​ចំពោះ​អ្វីៗ​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញខ្លួន​អ្នក​តាមតែ​អាចធ្វើ​ទៅបាន ហើយ​ប្រមូលផ្តុំ​ជា​ទស្សនវិជ្ជា​ផ្ទាល់ខ្លួន​របស់​អ្នក ។ 

​ជារួម​មក មកដល់​សព្វថ្ងៃនេះ​ពុំមាន​ស្តង់ដារ​ជាក់លាក់ ឬ​លក្ខខណ្ឌ​ដាច់ខាត​សម្រាប់ យកមក​ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យ​ស្គាល់​ខ្លួនឯង​នោះទេ ។ យើង​គ្រាន់​តែមាន​គំរូ​ខ្លះៗ និង​លក្ខខណ្ឌ ខ្លះៗ​ដើម្បី​យកមក​ពិចារណា និង​សិក្សា​ស្វែងយល់​តែប៉ុណ្ណោះ ។ ដូច្នេះ​មនុស្ស​ម្នាក់ៗ​គប្បី ស្វែងយល់​ពី​ខ្លួនឯង​ដោយ​ខ្លួនឯង ដោយ​យក​ចំណេះដឹង និង​បទពិសោធ​យកមក​ឆ្លុះបញ្ចាំង ទើប​អាច​នឹង​ស្គាល់​ខ្លួនឯង និង​ធ្វើឱ្យ​ជីវិត​របស់​អ្នក​កាន់តែ​មានន័យ ។​

អត្ថបទដោយ ឈុន សំណាង អ្នករៀបរៀងសៀវភៅ ប្រជុំទ្រឹស្តីទស្សនវិទូល្បីៗ៕

​អត្ថបទ​ពាណិជ្ជកម្ម​

ព័ត៌មានទាក់ទង