អាល្លឺម៉ង់ ផ្ដល់​ហិរញ្ញប្បទាន​ជាង​៩​លាន​ដុល្លារ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​ខេត្ត​-​រាជធានី​ចំនួន​៥

15/09/2020 10:00 am ភ្នំពេញ

​ភ្នំពេញ​៖ រដ្ឋាភិបាល​អាល្លឺម៉ង់ ផ្ដល់​ហិរញ្ញប្បទាន​ជាង ៩​លាន​ដុល្លារ​អាមេរិក (៨​លាន​អ៊ឺ​រ៉ូ​) ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ផ្ដោត​សំខាន់​លើ​វិស័យ​ឧស្សាហកម្ម ក​សិ​-​ឧស្សាហកម្ម​, ការកែច្នៃ​ចំណីអាហារ និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស ដោយ​បញ្ចូល​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០២០​។



​ប្រភព​ដដែល បញ្ជាក់ថា ហិរញ្ញប្បទាន​ឥត​សំណង​ជាង ៩ លាន​ដុល្លារ សម្រាប់​កម្មវិធី​រយៈពេល ៣ ឆ្នាំ ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៤ នេះ នឹងត្រូវ​អនុវត្ត​នៅក្នុង​រាជធានី​-​ខេត្ត គោលដៅ​ចំនួន​៥ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ​។

​លោក សាស​ឆា (Sascha) លេខា​ទី​១ ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិការ នៃ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​លើកឡើងថា អាល្លឺម៉ង់ នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន តាមរយៈ​កម្មវិធី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​នៅ​កម្ពុជា​។

​យោងតាម​របាយការណ៍​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ឆ្នាំ​២០១៩ អាល្លឺម៉ង់ បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា ជាង​៦៤០​លាន​ដុល្លារ ស្មើ​ប្រមាណ ៣​ភាគរយ នៃ​ទំហំ​ហិរញ្ញប្បទាន​ទាំងអស់ ដោយ​មិន​រាប់បញ្ចូល​ទាំង​ហិរញ្ញប្បទាន តាមរយៈ​គម្រោង​ថ្នាក់​តំបន់ និង​សកល ឬ​តាមរយៈ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ បណ្តាញ​អង្គការសហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប​នោះឡើយ​៕  




ព័ត៌មានទាក់ទង