ស្វែងយល់​ពី​គន្លឹះ​ងាយៗ​មួយចំនួន ក្នុង​ការដាំដុះ​ម្រេច​

28/02/2021 9:00 am ភ្នំពេញ

«​ម្រេច​» ត្រូវបាន​ចាត់ទុកជា​គ្រឿងទេស​ផ្សំ​បន្ថែម​រសជាតិ​អាហារ និង​ធ្វើជា​បន្លែ​សម្រាប់​ឆា​ផង​។ ម្រេច ក៏​ជា​ប្រភេទ​ដំណាំ ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កម្ពុជា​ដែរ​។ បើទោះបី​យ៉ាងណា​ដំណាំ​ម្រេច មិនមែនជា​ការងាយ​ដាំ​ដុះ​នោះទេ ដូច្នេះ​ទាមទារ​ឲ្យ​កសិករ ស្វែងយល់​ពី​ដំណាំ​ម្រេច និង​បច្ចេកទេស​ដាំ​ម្រេច​ជាមុនសិន​។ សារព័ត៌មាន thmeythmey25 សូម​ដកស្រង់​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ម្រេច ពី​សៀវភៅ​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ម្រេច របស់​ក្រសួងកសិកម្ម​។​



​គេ​អាច​ដាំ​ម្រេច ដោយ​យក​ទង​ទៅ​ដាំ​ផ្ទាល់ និង​ការកាត់ទ​ង​ម្រេច យកមក​បណ្ដុះ​ក្នុង​ថ្នាល មុននឹង ដាំ​។ សម្រាប់​ការជ្រើសរើស​ទង​ម្រេច​ទៅ​ដាំ ត្រូវមាន​អាយុ​យ៉ាងតិច ១​ឆ្នាំ ហើយ​មាន​ដុះ​ឫស​ខ្ចី​គ្រប់​ថ្នាំង​ទាំងអស់ និង​មាន​មែក​គ្រប់​ថ្នាំង គ្មាន​ជំងឺ និង​ជា​ពូជ​ដែលមាន​ទិន្នផល​ខ្ពស់​។ ដោយឡែក ទង​ដែល​កាត់​ចេញពី​ចម្ការ​សម្រាប់​ត្រៀម​យកទៅ​ដាំ មិនត្រូវ​ទុក​ឲ្យ​លើស ៤៨​ម៉ោង​ឡើយនិង​ត្រូវ​រៀបចំ​ទុក​ឲ្យ​បានល្អ ស្របតាម​លក្ខណៈ​បច្ចេកទេស​។​

​ការបណ្ដុះ​កូន​ម្រេច​៖ ត្រូវ​រៀបចំ​រោង និង​ថ្នាល​បណ្ដុះ ដើម្បី​កាត់​យក​ថ្នាំង​ម្រេច​ទៅ​ដាំ ឬ​អាច​កាត់​ថ្នាំង​ម្រេច ពី​ចម្ការ​ម្រេច​ស្រាប់ និង​មាន​ប្រវែង ១,៨​ទៅ ២,៧​ម៉ែត្រ​។ បន្ទាប់មក​ត្រូវ​កាត់​ជា​ថ្នាំង រួច​យកទៅ​ត្រាំ​ទឹក រយៈពេល ១ ទៅ ២​ម៉ោង មុន​យកទៅ​ដាំ​។ ក្រោយ​ត្រាំ​រួច ត្រូវយក​ទង​ម្រេច​ទៅ​ដាំ​ក្នុង​ថង់​ប្លា​ស្ទិ​ក ដែល​ដាក់​ដី លាយ​នឹង​ផេះ​អង្កាម រួច​ស្រោច​ទឹក និង​ថែទាំ ឲ្យ​លូតលាស់​ល្អ មុន​យកទៅ​ដាំ​។​

​ការដាំ​ម្រេច​៖ ជាទូទៅ ដើម្បី​ឲ្យ​ម្រេច​ហុច​ទិន្ន​ផង​ល្អ គេ​គួរ​ដាំ​នៅក្នុង​ខែកក្កដា និង​ខែសីហា​។ ដូច្នេះ​ត្រូវការ​ពេលវេលា រៀបចំ​ដី​ឲ្យ​រាបស្មើ និង​ភ្ជួរ ២-៣​ដង សិន មុននឹង​ដាំ​។ ការដាំ​ម្រេច ត្រូវ​លើក​រង និង​ជីករណ្ដៅ​សម្រាប់​ដាំ​កូន​។ ត្រូវ​ដាំ​កូន ២​ទង ក្នុង​មួយ​រណ្ដៅ ហើយ​ត្រូវ​កប់​កូន​ម្រេច​ជម្រៅ ៤ ទៅ ៥​ថ្នាំង​ក្នុង​ដី​។ ក្រោយមក​ត្រូវ​លុប​ដី និង​បង្ហាប់ដី​ឲ្យ​ណែន និង​រៀបចំ​ធ្វើ​កំពែង​ជុំវិញ​កូន​ម្រេច​។ បើសិន​យើង​ដាំ​ម្រេច​ក្នុង​ទំហំ ១​ហិកតា
​គេ​អាចដាក់​កូន​ចំនួន ១ ៦០០​ជន្លង់ ទៅ ២ ៥០០​ជន្លង់​។ បន្ទាប់ពី​ដាំ​រួច​ត្រូវ​គ្រប​ស្លឹកឈើ ឬ​សំណាញ់​ដើម្បី​ការពារ​កម្ដៅថ្ងៃ​។

​ការ​មើលថែ​៖ ដំណាំ​ម្រេច​ចាំបាច់​មើលថែ​ឲ្យ​បានល្អ ពិសេស​ត្រូវ​ជម្រះ​ស្មៅ​ឲ្យ​បាន​ទៀងទាត់​។ បន្ទាប់ពី​ដាំ​បាន ៤ ទៅ ៥ ខែ​ជា​ដំណាក់កាល​នៃ​ការលូតលាស់​របស់​ដំណាំ​ម្រេច​។ ដំណាំ​ម្រេច​ក៏មាន​ការរំខាន​ពីស​ត្វ​ចង្រៃ និង​កត្តា​ផ្សេងៗ ដែរ ដែល​កសិករ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

​ជាទូទៅ​នៅ​ឆ្នាំ​ទី​៣ ជា​ឆ្នាំ​ដែល​ម្រេច​អាច​ហុច​ផល ក៏ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ការថែទាំ​ដែ​ឬ​។ បើសិន​ថែទាំ​បានល្អ វា​នឹង​ផ្ដល់​ផល​នៅ​ឆ្នាំ​ទី​២ ហើយ​ទិន្នផល មានការ​ប្រែប្រួល​ទៅតាម​អាយុកាល​របស់​ម្រេច​។ ក្នុង​រយៈពេល ៣ ទៅ ៨​ឆ្នាំ ជា​មធ្យម​ម្រេច​ផ្ដល់​ទិន្នផល ៤ ទៅ ១០​គីឡូក្រាម ក្នុង​មួយ​ជន្លង់ ឬ ១០ ទៅ ២០​តោន ក្នុង​មួយ​ហិកតា​។ ទិន្នផល នឹង​ប្រែប្រួល​ទៅតាម​អាកាសធាតុ និង​ការប្រើប្រាស់​ជី​៕

ព័ត៌មានទាក់ទង