ចុង​ឃ្នៀ​ស​៖ កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​រាប់សិប​គ្រឿង លែង​ដំណើរការ​

18/09/2020 9:00 am សៀមរាប

រូបភាព​ពីលើ​អាកាស និង​រូបភាព​លើដី នៃ​ទូក​ដឹក​អ្នក​ទេសចរណ៍​យ៉ាងច្រើន ត្រូវបាន​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ទេសចរណ៍ ចត​ទុកចោល​នៅក្នុង​ស្ទឹង​សៀមរាប តំបន់ភ្នំ​ក្រោម អស់​ជាច្រើន​ខែ​មកហើយ ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០ មកម្ល៉េះ​។

​ជា​ទួទៅ ទូក​ទេសចរណ៍​ទាំងនេះ អាច​ដំណើរការ​ទៅបាន គឺ​អាស្រ័យ​លើ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​តំបន់​អង្គរ ខេត្តសៀមរាប រួច​ចង់​បន្តដំណើរ​ទៅ​ទស្សនា​ភូមិ​បណ្តែត​ទឹក​ចុង​ឃ្នៀ​ស ក្នុង​បឹង​ទន្លេសាប​បន្ថែមទៀត​។ ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ៤០.០០០ រៀល (១០​ដុល្លា​) ក្នុង​ម្នាក់ ដើម្បី​ជួល​ទូក​ទាំងនេះ ជិះ​កម្សាន្ត ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ក៏ដូចជា​ស្វែងយល់​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជា​នេសាទ ផ្ទះ​បណ្តែត​ទឹក និង​ព្រៃ​លិច​ទឹក ព្រមទាំង​ទស្សនា​កសិដ្ឋាន​បណ្តែត​ចិញ្ចឹមសត្វ​ក្រពើ ឬក៏​ទស្សនា​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត នៅក្នុង​បឹង​ទន្លេសាប​ផងដែរ​។

​ប៉ុន្តែ ចាប់ពី​តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩​មក ភ្ញៀវ​ទេសចរណ៍​បាត់អស់​ស្ទើរ​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​ទូក​ដឹក​ភ្ញៀវទេសចរ​ទាំងនេះ លែង​ដំណើរការ​ស្ទើរ​ទាំងស្រុង​ដែរ​។ បន្ថែម​ពីលើ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ កង្វះខាត​ទឹក​ពី​ទន្លេមេគង្គ ព្រមទាំង​ភាពរាំងស្ងួត ក៏បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ផងដែរ​។ ទឹក​បឹង​ទន្លេសាប​ក្នុង​រដូវប្រាំង​ឆ្នាំនេះ បាន​គោក​រាក់​យ៉ាងខ្លាំង ដែល​ពុំ​អនុញ្ញាតិ​ឲ្យ​ទូក​ទេសចរណ៍​ទាំងនេះ អាចធ្វើ​ដំណើរ​បាន​ដោយ​រលូន​បានឡើយ​។ ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការប្រែប្រួល​បរិស្ថាន បាន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ជាច្រើន​នៃ​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​៕

ព័ត៌មានទាក់ទង