ស្វែងយល់​ពី​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំដំណាំស្វាយចន្ទី ដើម្បី​បង្កើន​ទិន្នផល

25/09/2020 7:00 am ភ្នំពេញ

ដំណាំ​ស្វាយចន្ទី​ត្រូវបាន​កសិករ​ដាំ​ដើម្បី​យក​គ្រាប់ ក្រៅពី​នោះគេ​អាច​ធ្វើជា​ទឹក​ផ្លែឈើ ដំណាប់ ទឹកខ្មេះ និង​អាច​ហូប​ដោយផ្ទាល់​។ ដំណាំ​ស្វាយចន្ទី​ក៏​ជា​ដំណាំ​ពេញនិយម​មួយ​សម្រាប់​កសិករ ព្រោះ​ជា​ដាំ​ណាំ​ដែល​ស្រួល​ដាំ​ដុះ និង​មិន​រើស​ទីតាំង​។ តែ​យ៉ាងណា​កសិករ​គួរស្វែងយល់​ពី​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំ ដើម្បី​បង្កើន​ទិន្នផល​។ ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ដល់​កសិករ​ដែលមាន​បំណង​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី ថ្ងៃនេះ ThmeyThmey25 សូម​ដកស្រង់​បច្ចេកទេស​ដាំ​ស្វាយចន្ទី របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​



​ជាទូទៅ​ដំណាំ​ស្វាយចន្ទី មាន​រយៈពេល​វែង ហើយ​ការលូតលាស់​របស់​វា​មាន​ច្រើន​ដំណាក់កាល​ច្រើន ដូច្នេះ គេ​អាច​ដាំ​ចំរុះ​នូវ​ដំណាំ​ផ្សេង​បាន​។ ហើយ​ចំណុច​ដំបូង​ត្រូវ​ស្វែងយល់​ពី​បច្ចេកទេស​ដាំ​ដុះ​៖ មុន​ដាំ​ត្រូវ​រៀបចំ​ដី​ឲ្យ​បានល្អ កាប់ឆ្ការ​ព្រៃ រៀបចំ​ផ្លូវ និង​មាន​ប្រព័ន្ធ​ទឹក​។ កូន​ស្វាយចន្ទី​ដែល​ត្រូវ​ដាំ ត្រូវមាន​ទម្ងន់​ពី ៥​ក្រាម​ក្នុង ១​គ្រាប់ ហើយ​ពេល​យក​គ្រាប់​ទៅ​ត្រាំ មិន​អណ្ដែត​ទឹក​។

​ការបណ្ដុះ​កូន​៖ យក​គ្រាប់​ទៅ​ដាក់​កប់​ក្នុង​ថ្នាល​ដែល​យើង ដីខ្សាច់​កម្រាស់ ១៥​សង់ទីម៉ែត្រ​។ ការដាក់​គ្រាប់​ត្រូវយក​ខាង​ផត​ចុះក្រោម និង​ងើយ​ក្បាល​គ្រាប់​ឡើង​បន្តិច រួច​រោយ​ខ្សាច់​ពីលើ​។ បន្ទាប់មក​ត្រូវ​ស្រោច​ទឹក ២​ដង​ក្នុង​មួយថ្ងៃ​។ ចំណាំ​៖ ចំពោះ​ការដាំ​ស្វាយចន្ទី គេ​អាច​ដាំ​គ្រាប់ បណ្ដុះ​កូន សាក​មែក ជាដើម​។​

​ការដាំ​៖  ទោះបី​ស្វាយចន្ទី​ធន់ នឹង​ភាពរាំងស្ងួត​តែ​វគ្គ​ដំបូង​នៃ​ការលូតលាស់​វា​ត្រូវការ​ទឹក ដើម្បី​ការលូតលាស់​។ ហើយ​រដូវ​កាល​នៃ​លូតលាស់​គឺ​នៅ​ដើមខែ មិថុនា និង​កក្កដា​។ ត្រូវមាន​ការប្រុងប្រយ័ត្ន​នៅពេល​យក​កូន​ពី​ថ្នាល​បណ្ដុះ ដើម្បី​មក​ដាំ​ក្នុង​រណ្ដៅ​មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​ឬ​ស​នោះទេ​។​

​ការប្រើប្រាស់​ជី និង​ការ​មើលថែ​៖ ត្រូវ​សំអាត​ស្មៅ​នៅតាម​រង និង​គល់​ស្វាយចន្ទី​ជាប្រចាំ​។ និង​ការ​បំប៉ន ដាក់​ជី តាម​កម្រិត​នៃ​អាយុកាល​របស់​ស្វាយចន្ទី និង​ត្រូវដាក់​នៅ​ជុំវិញ​ដើម​។ ហើយ​ពេលវេលា​នៃ​ការដាក់​ជី​ត្រូវធ្វើឡើង​ក្នុង​មួយឆ្នាំ ៣​ដង គឺ​នៅ​ដើមរដូវ ចុងរដូវ និង​ពេល​កាន់​ផ្លែ​។ ដំណាំ​ស្វាយចន្ទី​ជា​ប្រភេទ​ដែល​សម្បូរ​ដោយ​សត្វ​ចង្រៃ​បំផ្លាញ និង​ជំងឺ ដូច្នេះ​ត្រូវ​មើលថែ​ឲ្យ​បាន​ដិតដល់​។​

​ការប្រមូល​ផល​៖ ជាធម្មតា​ស្វាយចន្ទី​ចាប់ផ្ដើម​ឲ្យ​ផល​នៅ​រយៈពេល ២ ទៅ ៣​ឆ្នាំ​ដំបូង​។ ហើយ​ការប្រមូល​ផល​គួរ​ប្រមូលយក​ផ្លែ​ដែល​ទុំ និង​គ្រាប់​ដែល​ធ្លាក់​នៅលើ​ដី​។ ហើយ​បើ​ប្រមូល​ផែ​ដែល​ទុំ​មិនល្អ គ្រាប់ស្វាយចន្ទី​មាន​ភាពស្វិត គុណភាព​មិនល្អ និង​មិនអាច​ធ្វើជា​គ្រាប់ពូជ​បាន​ទៀតផង​។

​ជាទូទៅ​ដំណាំ​ស្វាយចន្ទី​ឲ្យ​ផល​នៅ​ឆ្នាំ​ដំបូងៗ វា​ផ្ដល់​ផល​តិច រហូត​ស្វាយចន្ទី​មាន​អាយុ ១០​ឆ្នាំ​ទើប​ទិន្នផល​កើន​ជា​បន្តបន្ទាប់​។ ត្រូវ​ហាល​គ្រាប់ស្វាយចន្ទី​បន្ទាប់ពី​ប្រមូល​ផល​ព្រោះ​ការប្រមូល​តាម​រដូវ​អាចធ្វើ​ឲ្យ​គ្រាប់ស្វាយចន្ទី​មាន​សំណើម និង​មិន​ស្ងួត​ល្អ​៕

ព័ត៌មានទាក់ទង