លោក ឃឹម ហ្វីណង់ ចង់ឱ្យភូមិព្រះដាក់ រក្សាអត្ដសញ្ញាណជា«ភូមិបុរាណ»ក្នុងតំបន់អង្គរ

14/09/2020 11:00 am សៀមរាប

ភូមិព្រះដាក់ ជាភូមិបុរាណមួយក្នុងតំបន់អង្គរ។ ដើម្បីរក្សាតម្លៃនៃភូមិនេះ ក៏ដូចជាដើម្បីភាពទាក់ទាញ នៃវិស័យទេសចរណ៍ផងនោះ អភិបាលស្រុកបន្ទាយស្រី កំពុងអនុវត្តផែនការចែកកូនឈើមួយចំនួន ដូចជា ដើមស្លា ដើមយិតថោ ដើមឥន្ទនេលជាដើម ដើម្បីឱ្យអ្នកភូមិដាំនៅតាមផ្ទះ ដែលដើមឈើទាំងនោះ ធ្លាប់ជាអត្ដសញ្ញាណ សម្រាប់ភូមិបុរាណក្នុងតំបន់អង្គរ។



«ជាផ្នែកមួយនៃបេសកកម្មអភិរក្សភូមិបុរាណនៅក្នុងតំបន់បេតិកភណ្ឌមួយនេះ ឱ្យរក្សាបាននូវអត្ដសញ្ញាណ ដើមនៃទម្លាប់រស់នៅរបស់ខ្លួនតាមបែបជនបទ និងបង្កើតគុណភាពទាក់ទាញខាងផ្នែកទេសចរណ៍ រដ្ឋបាលស្រុក កំពុងសហការជាមួយអាជ្ញាធរភូមិ ឃុំ សប្បុរសជន អ្នកស្ម័គ្រចិត្តសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស អ្នកភូមិខ្លួនឯងផ្ទាល់ ដើម្បីប្រែក្លាយភូមិព្រះដាក់ឱ្យទៅជាភូមិគំរូប្រចាំស្រុកបន្ទាយស្រី»។ នេះជាសំណេររបស់លោក ឃឹម ហ្វីណង់ ក្នុងផេកផ្ទាល់ខ្លួន បានផ្សាយនៅព្រឹកថ្ងៃទី១៣ កញ្ញា។ តាមការលើកឡើងរបស់លោក ហ្វីណង់ កូនឈើសរុបប្រមាណ៣០០ដើម មានដើមស្លា ដើមយិតថោ និងដើមឥន្ទនេល បានចែកជូនដល់អ្នកភូមិព្រះដាក់ សម្រាប់ដាំលម្អនៅតាមផ្ទះ។



 លោក ហ្វីណង់ បានហៅសកម្មភាពនេះថា ជាផ្នែកមួយនេះផែនការ យុទ្ធសាស្រ្ដភាពជាគំរូ ដែលរដ្ឋបាលស្រុក កំពុងយកមកអនុវត្តជាបណ្ដើរៗ ដែលរួមមានការជំរុញឱ្យរស់នៅស្អាត ការស្វ័យគ្រប់គ្រងលើបញ្ហាសំរាម ការតម្រង់ទិសខាងមុខរបរនិងជីវភាព និងចលនាប្រឡងប្រណាំងផ្ទះស្អាតជាដើម។ 
 
លើសកម្មភាពការងារនេះ អភិបាលស្រុកបន្ទាយស្រីរំពឹងថា អ្នកភូមិព្រះដាក់នឹងមានមោទកភាពចំពោះអ្វីដែលខ្លួនមាន ស្ញប់ស្ញែងនឹងកេរដំណែលចាស់ និងបង្កើតភាពអស្ចារ្យតាមរយៈការមិនផ្លាស់ប្ដូរនូវអត្ដសញ្ញាណ។ លោកបន្ថែម៖« បុរាណមិនយឺត សម័យមិនបរទេស គួរតែជាអ្វីដែលអ្នកព្រះដាក់គ្រប់ៗគ្នាតោងធ្វើឱ្យបាន»៕

ព័ត៌មានទាក់ទង