មគ្គ​ទេ្ទ​សក៍​៖ ទេសចរ​ជាច្រើន បាន​រំលង​សម្រស់​ដ៏​ត្រកាល​តាម​«​ជណ្ដើរ​ឈើ​»​នៃ​ប្រាសាទព្រះវិហារ​

07/07/2021 11:00 am ព្រះវិហារ

ព្រះវិហារ​៖ ប្រាសាទព្រះវិហារ ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ នៃ​ខេត្តព្រះវិហារ​។ ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​បេតិកភណ្ឌ​នា​ភ្នំ​ដងរែក​នេះ ភ្ញៀវទេសចរ​អាចមាន​ជម្រើស​ពីរ គឺ​តាមរយៈ​ជួល​រថយន្ត និង​ធ្វើដំណើរ​ថ្មើរជើង​តាម​ជណ្ដើរ​ឈើ​ដែល​អម​«​ជណ្ដើរ​បុរាណ​»​។ បើតាម​លោក អឿ សុភាព មគ្គ​ទេ្ទ​សក៍​ទេសចរណ៍​ខេត្តព្រះវិហារ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ប្រាសាទព្រះវិហារ​និយម​ធ្វើដំណើរ​តាម​រថយន្ត​ជាង​តាម​ជណ្ដើរ​ឈើ ព្រោះថា​មិនសូវមាន​ពេល​គ្រប់គ្រាន់ ខណៈ​ការធ្វើដំណើរ​តាម​ជណ្ដើរ​ត្រូវ​ចំណាយ​រយៈពេល​ជិត​២​ម៉ោង​។


«​ជណ្ដើរ​ឈើ​» ត្រូវបាន​សង់​នៅ​អំឡុង​ឆ្នាំ​២០០៩ អម​«​ជណ្ដើរ​បុរាណ​» ដែលមាន​ចំនួន​២២៤២​កាំ និង​ប្រវែង​១៤៥៦​ម៉ែត្រ ស្ថិតនៅ​ផ្នែក​ខាងកើត​ភ្ជាប់​ពី​ជើងភ្នំ​ដងរែក ឡើងទៅ​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទព្រះវិហារ​។ ដ្បិត​មាន​ភ្ញៀវទេសចរ​មិនសូវ​ច្រើន ដែល​បានធ្វើ​ដំណើរ​ថ្មើរជើង​តាម​ជណ្ដើរ​នេះ  តែ​ទេសចរ នឹង​ទទួលបាន​អារម្មណ៍​ប្លែក តាមរយៈ​ទេសភាព​ដ៏​ស្រស់ស្អាត​តាមផ្លូវ និង​សំឡេង​បក្សាបក្សី​ជាដើម​។​

​លោក អឿ សុភាព មគ្គ​ទេ្ទ​សក៍​ទេសចរណ៍​ខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកធ្វើដំណើរ​តាម​ជណ្ដើរ​ឈើ ភាគច្រើន​ជា​ភ្ញៀវទេសចរ​បរទេស និង​ទេសចរ​នៅ​តំបន់​ជិតៗ​នោះ​ប៉ុណ្ណោះ​។ «​បើ​មាន​បុណ្យទាន គឺមាន​ភ្ញៀវទេសចរ​ក្នុង​តំបន់​ជិតៗ​នេះ គាត់​ជិះ​ម៉ូតូ ឬ​រថយន្ត​ផ្ទាល់ខ្លួន ចត​នៅមុខ​ជណ្ដើរ​ផ្នែក​ខាងលិច រួច​គាត់​ដើរ​ឡើង ដោយសារ​គាត់​មាន​ពេល​គ្រប់គ្រាន់​ឡើងទៅ​ខាងលើ និង​ចុះ​មកវិញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អឿ សុភាព ដោយ​លោក​បាន​បន្ថែមថា ភ្ញៀវទេសចរ​ខ្លះ​ក៏​ធ្វើដំណើរ​ឡើង​តាម​រថយន្ត និង​ចុះ​មកវិញ​តាម​ជណ្ដើរ​ឈើ​ដែរ​។​

​បើតាម​មគ្គទ្ទេសក៍​ទេសចរណ៍ ខេត្តព្រះវិហារ​រូបនេះ បើ​ភ្ញៀវទេសចរ​ពី​ចម្ងាយ ចង់​សាកល្បង​ធ្វើដំណើរ​តាម​ជណ្ដើរ​ឈើ និង​ទស្សនា​ប្រាសាទព្រះវិហារ​ឱ្យបាន​ច្បាស់ ភ្ញៀវទេសចរ​ត្រូវ​ចំណាយពេល​មួយ​យប់​មួយថ្ងៃ ដោយ​អាច​ស្នាក់នៅ​ឃុំ​ស្រអែម​មួយ​យប់ ហើយ​ឡើង​តាម​ជណ្ដើរ​ឈើ​ពេលព្រឹក​ព្រលឹម​។ ម្យ៉ាងវិញទៀត បើ​ទេសចរ មាន​ចំណាប់អារម្មណ៍​ចង់​ធ្វើដំណើរ​តាម​មធ្យោបាយ​ទាំងពីរ គឺអាច​ជួល​រថយន្ត​ឡើង​ប្រាសាទព្រះវិហារ និង​ចុះ​មកវិញ​តាម​ជណ្ដើរ​ឈើ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦-១៨ ខែសីហា កន្លងទៅ​ក្រុម​កម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំ​ជំរំ​តង់ «​សួគ៌ា​ប​ព៌​ត​» នា​ជួរ​ភ្នំ​ដងរែក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ដែលមាន​អ្នកចូលរួម​ជិត​៥០​នាក់​។ ដំណើរ​កម្សាន្ត​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ចូលរួម​ប្រើប្រាស់​សេវាកម្ម​ក្នុងស្រុក ជាពិសេស​ឱ្យ​ភ្ញៀវទេសចរ ស្គាល់​ពី​សក្ដានុពល​ទេសចរណ៍​ដ៏​អស្ចារ្យ​ក្នុងស្រុក​។ Cambodia Amazing Trip Planner បាន​សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា​៕

រូបភាព៖ សេង សេរីវុធ


 

ព័ត៌មានទាក់ទង