ទោះ​គេ​អៀវ​ឡើង តែ​យុវជន​ពិការ​ដៃជើង ទុយ សុខ​ដុង មាន​មោទកភាព​ដែល​បាន​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​

26/09/2020 5:00 pm កំពង់ស្ពឺ

​យុ​ជន ទុយ សុខ​ដុង ដែល​មិនមាន​ដៃជើង​តាំងពី​កំណើត បាន​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់ ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ​។ ដ្បិតតែ​យុវជន​រូប​ត្រូវគេ​អៀវ​ឡើងដល់​កំពូលភ្នំ​ពិតមែន ប៉ុន្តែ​រូបគេ​មាន​មោទកភាព ចំពោះ​ខ្លួនគេ​ដែល​បានសម្រេច​បំណង​នៃ​ការឡើង​ភ្នំ និង​បាន​មើលឃើញ​សម្រស់​ធម្មជាតិ​លើ​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុ​ជាមួយនេះ​។​



​ទោះបី​មាន​ពិការភាព​ដៃជើង​ទាំងសងខាង​តាំងតែ​ពី​កំណើត តែ​លោក ទុយ សុខ​ដុង ក៏​ចង់​ស្គាល់​រសជាតិ​ឡើង​ភ្នំ​ដូច​គេឯង​ដែរ​។ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅនេះ យុវជន​ពិការ​ដៃជើង​រូបនេះ បាន​ចំណាយពេល ២​យប់ ៣​ថ្ងៃ ជាមួយ​អ្នកទេសចរ​ដទៃទៀត ឡើង​ភ្នំ​ឱ​រ៉ា​ល់ និង​បានឃើញ​ធម្មជាតិ​ពី​កំពូលភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​នេះ​ដោយផ្ទាល់​ភ្នែក​។ ទោះជា​ត្រូវគេ​អៀវ​ឡើង​រហូតដល់​កំពូលភ្នំ​ពិតមែន ប៉ុន្តែ​រូបគេ​មាន​មោទកភាព ចំពោះ​ខ្លួនឯង​ដែល​បានសម្រេច​បំណង​នៃ​ការឡើង​ភ្នំ និង​បាន​មើលឃើញ​សម្រស់​ធម្មជាតិ​លើ​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុ​ជាមួយនេះ​។​



​យុវជន ទុយ សុខ​ដុង បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន Thmey Thmey25 ថា​កត្តា​ដែល​ជំរុញ​ឲ្យ​រូបលោក​សម្រេចចិត្ត​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ព្រោះ​លោក​ចង់ឃើញ​ទេសភាព​នៅលើ​ភ្នំ និង​ចង់​ចូលរួម​ជា​ផ្នែក​មួយ​បញ្ឈប់​ការកាប់​ឈើ​។លោក ទុយ សុខ​ដុង បាន​ថ្លែងប្រាប់ Thmeythme25 ដូច្នេះ​ថា​៖«​កត្តា​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ គឺ​កត្តា​ខ្លួន​ខ្ញុំ​ផ្ទាល់ ព្រោះ​ខ្ញុំ​ចង់​ស្គាល់​រសជាតិ ដើរ​នៅក្នុង​ព្រៃ ឡើង​ភ្នំ​ព្រោះ​ខ្ញុំ​ធ្លាប់ តែ​នៅក្នុង​បន្ទប់ និង​ឃើញ​វាល​ក្នុងភូមិ​ធម្មតា​។ ដូច្នេះ​ខ្ញុំ​ចង់​ដើរ​ព្រៃ​ស្ដាប់​សំឡេង​សត្វ​យំ អាកាសធាតុ​ត្រជាក់ និង​ទេសភាព​នៅក្នុង​ព្រៃ​ជាដើម​។ មួយវិញទៀត​ខ្ញុំ​ស្រលាញ់​ធម្មជាតិ មានគំនិត​ចង់​ឲ្យ​ប្រជាជន​នៅ​ទីនោះ​ឈប់​កាប់​ព្រៃឈើ​។ ពេល​យើង​ឡើង​ភ្នំ ប្រជាជន​នៅ​ទីនោះ គាត់​ឈប់​កាប់​ព្រៃឈើ​ហើយ​មក​លក់ដូរ​វិញ​។ អ៊ីចឹង​ព្រៃឈើ​នៅ​ទីនោះ នឹង​នៅមាន​ជីវិត ព្រោះ​មិនមាន​ការបំផ្លាញ​»​។ 



​លោក តាន់ គីម​សួរ ដែលជា​អ្នក​ជួយ​សម្រេច​ក្ដី​ស្រមៃ​របស់​យុវជន​ពិការភាព​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា​រូបលោក មាន​អារម្មណ៍​សប្បាយរីករាយ និង​រំភើប​យ៉ាងខ្លាំង ព្រោះ លោក​បានសម្រេច​ក្ដី​ស្រមៃ​របស់​យុវជន​ដែល​មិនមាន ដៃ ជើង ដូច​អ្នក​ទៃ ហើយ​ចង់ឃើញ​ទេសភាព​លើ​ភ្នំ​ដូច​គេ​ដែរ​។​

​លោក គីម​សួរ បាន​រៀបរាប់ថា ការឡើង​ភ្នំ​របស់លោក សុខ​ដុង ជា​សារ​មួយ​យ៉ាងសំខាន់ ដល់​អ្នក​មិនទាន់បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់ គឺ​បង្ហាញ​ឲ្យ​ឃើញថា ភ្នំ​ឱ​រ៉ា​ល់​មិនមែន​កន្លែង​គួរ​ឲ្យ​ខ្លាច និង​ពិបាក​ឡើង​នោះទេ​។ លោក​ក៏បាន​បន្តថា​៖«​វត្តមាន​របស់ សុខ​ដុង បានធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ចំពោះ​តំបន់​នេះ​ដល់​អ្នកទេសចរ​ដទៃទៀត ដែល​មិនទាន់បាន​ឡើង​កំពូលភ្នំ​នេះ​។ មួយវិញទៀត ពេល​មាន​អ្នក​ឡើង​ភ្នំ​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទីនោះ ផ្លាស់ប្ដូរ​ពី​កាប់​ព្រៃឈើ មក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​វិញ​»៕

ព័ត៌មានទាក់ទង