«ភ្នំប្រាសាទ» តំបន់ទេសចរណ៍ធម្មជាតិ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ

«ភ្នំប្រាសាទ» ដែលស្ថិតនៅភូមិភ្នំប្រាសាទ ឃុំភ្នំប្រាសាទ ស្រុកំពង់ត្រាច ខេត្តកំពត ជាតំបន់ទេសចរណ៍ធម្មជាតិ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិ ប៉ុន្តែពុំសូវមានអ្នកស្គាល់ ឬទៅលេងកម្សាន្តច្រើននៅឡើយ។ នេះបើតាមក្រសួងបរិស្ថាន។

ភ្នំប្រាសាទលាតសន្ធឹងនៅលើផ្ទៃដីប្រមាណជាង៤០០ហិកតា និងមានកម្ពស់៣០០ម៉ែត្រ។ នៅលើភ្នំនេះមាននៅសេសសល់ខឿនប្រាសាទបុរាណ ស្ថិតក្នុងរចនាបថក្រុមប្រាសាទសម្បូរព្រៃគុក សាងសង់ឡើងក្នុងសតវត្សរ៍ទី៧ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១។ លើសពីនេះ នៅលើភ្នំសម្បូរទៅដោយព្រៃឈើធំៗ ដុះតម្រៀបជួរគ្នាយ៉ាងខៀវស្រងាត់។
បើតាមក្រសួងបរិស្ថាន ភ្នំនេះ ត្រូវបានចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប៉ន្តែមិនទាន់មានការបោះបង្គោល និងចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋនៅឡើយ។ សូមបញ្ជាក់ផងដែរថា ចាប់ពីតាំងពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨មក ក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីជំនាញ ក្នុងការរក្សាទុកស្ថានីយបុរាណចំនួន១៧៣ទីតាំង នៅតាមតំបន់ភ្នំ ក្នុងនិងក្រៅតំបន់ការពារធម្មជាតិ ជាតំបន់អភិរក្សបេតិកភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

