ផ្ទះ​ស្នាក់​បៃតង រមណីយដ្ឋាន​កែច្នៃ​ថ្មី​មួយ ក្នុងស្រុក​បន្ទាយស្រី​

10/09/2020 5:00 pm សៀមរាប

ផ្ទះ​ស្នាក់​បៃតង គឺជា​រមណីយដ្ឋាន​កែច្នៃ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​។ អភិបាលស្រុក​បន្ទាយស្រី​រំពឹងថា រមណីយដ្ឋាន​កែច្នៃ​មួយ​នេះ នឹង​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​បាន​កាន់តែច្រើន​។​



​រមណីយដ្ឋាន​កែច្នៃ​ផ្ទះ​ស្នាក់​បៃតង  គឺជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយ របស់​ស្រុក​បន្ទាយស្រី ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង​។ រមណីយ​ដ្ឋា​ន​នេះ មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ក្រុង​សៀមរាប​។ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បញ្ជាក់​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ផ្ទះ​ស្នាក់​បៃតង នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ ជាពិសេស​ទេសចរ​ក្នុងស្រុក មកលេង​កម្សាន្ត​កាន់តែច្រើន នា​អំឡុងពេល​សម្រាក​លំហែកាយ​។​


តាម​អភិបាលស្រុក​បន្ទាយស្រី​ដដែល ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ត្រកាល បូករួម​នឹង​ទឹកធ្លាក់​យ៉ាង​ត្រជាក់ គឺជា​ចំណុច​ពិសេស និង​លេចធ្លោ​បំផុត នៃ​រមណីយដ្ឋាន​ផ្ទះ​ស្នាក់​បៃតង​។ លើសពីនេះ ទេសចរ អាច​សម្រាក ប​ន្ទូ​រ​អារម្មណ៍​ជាមួយនឹង​ទិដ្ឋភាព​យ៉ាង​ខៀវស្រងាត់​នៅ​ជុំវិញ​តំបន់​ផ្ទះ​ស្នាក់​បៃតង​, ងូតទឹក​ឬ​ជិះទូក​លេង​កម្សាន្ត​, ស្ទូចត្រី​, និង​អាច​បោះតង់​នៅ​ទី​នោះបាន​ទៀតផង​។ «​ជា​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍ តែងមាន​ភ្ញៀវទេសចរ ដែល​មកពី​តំបន់​ឆ្ងាយៗ តែង​ឆៀងចូល​លេង​កម្សាន្ត និង​សម្រាក​លំហែកាយ​ជា​លក្ខណៈ​គ្រួសារ យ៉ាង​សប្បាយរីករាយ​នៅទីនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឃឹម ហ្វី​ណង់​។


​ស្រុក​បន្ទាយស្រី គឺជា​គោលដៅ​ទេសចរណ៍​សំខាន់បំផុត​មួយ ក្នុង​ខេត្តសៀមរាប ព្រោះ​បន្ទាយស្រី សម្បូរ​ទៅដោយ​ទីតាំង​កម្សាន្ត​ស្អាត​ប្លែក ដូចជា​ប្រាសាទបន្ទាយស្រី​,​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន​, បឹង​ឈូក​, ភូមិ​ព្រះ​ដាក់​, និង​សួនផ្កា​ចម្រុះ​ពណ៌​ជាដើម​៕



ព័ត៌មានទាក់ទង