៨​ខែ​កន្លងមក កម្ពុជា​នាំចេញ​អង្ករ​ជាង​៤៥​ម៉ឺន​តោន ហើយ​បាន​ចំណូល​ជិត​៣០០​លាន​ដុល្លារ​

10/09/2020 2:14 pm ភ្នំពេញ

ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០ ការនាំចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន​៤៤៨,២០៣​តោន ដោយ​ទទួល​ចំណូល​បាន​ជិត​៣០០​លាន​ដុល្លារ​។  នេះ​បើ​យោងតាម​របាយការណ៍​ស​ង្ខេ​ប​នៃ​ការនាំចេញ​អង្ករ​កម្ពុជា របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែកញ្ញា​។



សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់ថា ការសម្រេចបាន​នៃ​ការនាំចេញ​អង្ករ​គ្រប់​ប្រភេទ​ជិត​៤៥​ម៉ឺន​តោន​នេះ  គឺ​បាន​កើន​ជាង​៣០​ភាគរយ បើ​ប្រៀបធៀប​ទៅ​រយៈពេល​៨​ខែ​ដូចគ្នា កាល​ឆ្នាំ​២០១៩​។​ក្នុងចំណោម​អង្ករ​សរុប​ខាងលើនេះ កម្ពុជា​បាន​នាំ​ចេញទៅ​គោលដៅ​ទីផ្សារ​ប្រទេស និង​តំបន់​ធំៗ​ចំនួន​៤​។  បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា  ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​នាំ​អង្ករ​ចូល​ទីផ្សារ​ប្រទេស​ចិន​បាន​ជិត​១៦​ម៉ឺន​តោន , សហភាព​អឺរ៉ុប បាន​ជិត​១៥​ម៉ឺន​តោន​, ប្រទេស​សមាជិក​អាស៊ាន បាន​ជិត​៦,១​ម៉ឺន​តោន  និង​បណ្តា​ប្រទេស​គោលដៅ​ផ្សេងៗ​ចំនួន​២៦(​ហ្កា​បុ​ង អូស្ត្រាលី​) បាន​ជាង ៧,៨​ម៉ឺន​តោន​។​
 
​បរិមាណ​នាំចេញ​ប្រភេទ​អង្ករ​គ្រាប់​វែង​(Indica rice) នេះ​បានធ្វើអោយ​កម្ពុជា​កាន់កា​ប់​ចំណែក​ទីផ្សារ ២៤,៤​ភាគរយ​នៅក្នុង​ទីផ្សារ​សហគមន៍​អ៊ឺរ៉ុប និង​ជិត​១១​ភាគរយ នៅក្នុង​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើតាម​របាយការណ៍​ដដែល​របស់​សហព័ន្ធ​ស្រូវ​-​អង្ករ​។​
 
​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្លាប់​អះអាង​ប្រាក់​សារព័ត៌មាន​ថ្មីៗ​ថា  កម្ពុជា​អាច​នាំចេញ​អង្ករ​បាន​យ៉ាងតិច​៨០​ម៉ឺន​តោន​នៅ​បំណាច់​ឆ្នាំ​២០២០ ហើយ​ឈាន​សម្រេច​គោលដៅ​ក្នុង​ការនាំ​អង្ករ​ឱ្យបាន​១​លាន​តោន នៅ​ឆ្នាំ​២០២១​។ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា ការសម្រេចបាន​នូវ​ការនាំចេញ​អង្ករ​១​លាន​តោន​នេះ គឺ​អាស្រ័យ​លើ​ការបញ្ជាទិញ​ពី​ប្រទេស​ចិន ខណៈ​បច្ចុប្បន្ន ប្រទេស​មហាអំណាច​មួយ​នេះ ជាទី​ផ្សារ​អង្ករ​ធំ​លំដាប់​ទី​១​របស់​កម្ពុជា​។ 

កាល​ឆ្នាំ​២០១៩ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ បាន​ជាង​៦២​ម៉ឺន​តោន​។ ក្នុងនោះ​នាំទៅ​ចិន បាន​២៤៨,១០៥​តោន​។ សហភាព​អឺរ៉ុប​បាន ២០២,៩៩០​តោន​, ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​៨៣,១៦៤​តោន និង ប្រទេស​ផ្សេងៗ​ទៀត​បាន ៨៥,៨៤៧​តោន​តោន​។ បច្ចុប្បន្ននេះ ចិន​បាន​ដំឡើង​កូតា​៤០​ម៉ឺន​តោន ក្នុងការ​នាំចូល​អង្ករ​ពី​កម្ពុជា​៕ 

ព័ត៌មានទាក់ទង