ផូស៊ីលខ្យង ដែលមានអាយុរាប់លានឆ្នាំ ត្រូវបានរកឃើញនៅបាត់ដំបង
ផូស៊ីលខ្យង ដែលមានអាយុរាប់ពាន់ឆ្នាំ ត្រូវបានអ្នកជំនាញ រកឃើញនៅចំណុចចំណុចល្អាងភ្នំប្រាំពីរ និងចំណុចរណ្ដៅចិនកាយដី ស្ថិតក្នុងភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អ្នកជំនាញសន្ឋិដ្ឋានថា ផូស៊ីលនេះ ស្ថិតក្នុងសម័យកាល Permian នៃស័កទី១។

អ្នកជំនាញនៃក្រសួងបរិស្ថានបានរកឃើញផូស៊ីលខ្យង ដែលមានអាយុកាលរាប់ពាន់ឆ្នាំ នៅចំណុចល្អាងភ្នំប្រាំពីរ និងចំណុចរណ្ដៅចិនកាយដី ស្ថិតក្នុងភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ផូស៊ីលខ្យង ដ៏ចំណាស់នេះ ត្រូវបានរកឃើញកាលពីអំឡុងចុងសប្តាហ៍មុន ក្រោយពេលដែលមន្ត្រីជំនាញស្រាវជ្រាវយ៉ាងល្អិនល្អន់ មុននឹងធ្វើកំណាយនៅតំបន់នេះ។
លោក លឹម វណ្ណច័ន្ទ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានថ្មីៗ ២៥ តាមទូរស័ព្ទថាផ្អែកទៅលើភាគសំណាកនៃកំណាយ មន្ត្រីជំនាញសន្និដ្ឋានបានថា ផូស៊ីលនេះ ស្ថិតក្នុងសម័យកាល Permian នៃស័កទី១។

លោក វណ្ណច័ន្ទ បន្ថែមថា៖«ក្រុមការងារបានសម្រេចចុះមកធ្វើកំណាយនៅតំបន់ភ្នំបាណន់ ភ្នំសំពៅ និងភ្នំព្រឹក ព្រោះទីតាំងទាំងអស់សម្បូរទៅដោយថ្មកំបោរ ដែលអាចបន្សល់ទុកនូវផូស៊ីលសត្វផ្សេងៗជាច្រើន។ មកដល់ថ្ងៃទី៥ ខែកញ្ញា មន្ត្រីជំនាញ បានរកឃើញផូស៊ីលខ្យង នៅចំណុចល្អាងប្រាំពីរ និងសន្និដ្ឋានថា វាអាចមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដោយប្រៀបធៀបទៅនឹងអាយុនៃសំណាកដែលបានកាយនោះ»។
មន្ត្រីជំនាញរូបនេះបន្តថា ក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ ចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួន រយៈពេល២ឆ្នាំមកហើយ។ កាលពីឆ្នាំ២០១៩កន្លងទៅ ក្រុមការងារនេះបានចុះទៅពិនិត្យ និងសិក្សាអំពីផូស៊ីល នៅទីតាំងចំនួន១១ តាមបណ្ដាខេត្តនានាដូចជា ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង រតនគិរី និងមណ្ឌលគិរី។

គួររំឭកថា កន្លងមក លោក លឹម វណ្ណច័ន្ទ ធ្លាប់បានរកឃើញផូស៊ីលត្រីម្ដងរួចមកហើយ នៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៩។ សំណាកត្រី ដែលរកឃើញនោះ នៅសល់តែផ្នែកក្បាលដែលមានភ្នែកនិងព្រុយ និងផ្នែកកណ្ដាលនៃដងខ្លួន ដែលអាចមើលឃើញពណ៌ក្រហម ហើយវាមានទំហំ៣សង់ទីម៉ែត្រ និងបណ្ដោយ៨សង់ទីម៉ែត្រ។ ក្រៅតែពីផូស៊ីលត្រីនេះ សំណាកនេះ ក៏នៅមានផូស៊ីលសត្វផ្សេងៗទៀត៕

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

