ស្រុក​បន្ទាយស្រី ពង្រឹង​ក​សិ​-​ទេសចរណ៍ ដើម្បី​បង្កើន​ប្រាក់ចំណូល​កសិករ​

15/09/2020 9:00 am សៀមរាប

​ក្រៅតែពី​សក្ដានុពល​ទេសចរណ៍​សម្បូរបែប​ដែលមាន​ស្រាប់ រដ្ឋបាល​ស្រុក​បន្ទាយស្រី កំពុង​រៀបចំ​ឱ្យមាន ក​សិ​-​ទេសចរណ៍ ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ឱ្យបាន​កាន់តែច្រើន​។ លើសពីនេះ តាមរយៈ​ក​សិ​-​ទេសចរណ៍​នេះ នឹង​ជួយ​បង្កើន​ចំណូល​បន្ថែម​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ក្រៅតែពី​ប្រាក់ចំណូល​បានមកពី​ទិន្នផល​កសិកម្ម​តែមួយ​មុខ​។





លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖ «​ដោយ​មើលឃើញ​ពី​ភាព​អំណោយផល​លើ​ផ្នែក​កសិកម្ម​នៅតាម​បណ្ដា​ឃុំ​នីមួយៗ ជាពិសេស​ឃុំ​ត្បែង ដែលមាន​ការដាំដុះ​ដំណាំ​ហូប​ផ្លែ​ច្រើន​មុខ​ក្រៅតែពី​ស្រូវ​។ រដ្ឋបាល​ស្រុក​បាន​តម្រង់ទិស និង​ណែនាំ​ឱ្យ​ពលរដ្ឋ កែប្រែ​ពី​ការដាំដុះ​ដំណាំ​ហូប​ផ្លែ សម្រាប់តែ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ មក​ជ្រើសរើស​ពូជ ឬ​ប្រភេទ​ដំណាំ​ទាំងឡាយណា ដែល​អាច​រៀបចំ កែច្នៃ​ទៅជា​គោលដៅ​កម្សាន្ត​បែ​បក​សិ​-​ទេសចរណ៍​បាន​»​។



អភិបាលស្រុក​បន្ទាយស្រី បន្តថា បន្ថែម​ពីលើ​ការដាំដុះ​ដំណាំ ការចិញ្ចឹម​សត្វ​ក៏​ជា​ផ្នែក​មួយ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ការងារ​នេះ​ឱ្យ​វិ​វត្ត​ទៅមុខ​។  ការធ្វើ​បែបនេះ នឹង​អាច​ផ្ដល់​ជម្រើស​ច្រើន​សម្រាប់​ភ្ញៀវទេសចរ អំឡុងពេល​ធ្វើដំណើរ​ម​កលង​ស្រុក​បន្ទាយស្រី​។

​លោក ឃឹម ហ្វី​ណង់ អះអាងថា​៖ «​ពលរដ្ឋ​៧០​ភាគរយ នៅក្នុង​ស្រុក​បន្ទាយស្រី សុទ្ធសឹងតែ​ជា​អ្នក​ប្រកប​របរ​កសិកម្ម ដូច្នេះ​ប្រសិនបើ​គម្រោង​នេះ ទទួលបាន​ជោគជ័យ នោះ​នឹង​អាចជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​បាន​មួយកម្រិត ពិសេស​ក្នុងអំឡុងពេល​កូ​វីដ​-១៩​នេះ​»​។​



​គួរ​បញ្ជាក់ថា ស្រុក​បន្ទាយស្រី ជា​គោលដៅ​ទេសចរណ៍​សំខាន់បំផុត​មួយ​នៅ​ខេត្តសៀមរាប​។ ស្រុក​នេះ​មាន​ភាពល្បីល្បាញ ដោយសារតែ​លក្ខណៈពិសេស​ផ្ទាល់ខ្លួន រួមមាន អត្តសញ្ញាណ​នៃ​មុខម្ហូប​ប្រចាំ​ស្រុក​, ការរៀបចំ​ឱ្យមាន​ភូមិ​គម្រូ​, សណ្ដាប់ធ្នាប់​របៀបរៀបរយ​, គោលដៅ​កម្សាន្ត​លេចធ្លោ​ជាច្រើន​កន្លែង និង​ជាពិសេស​ស្រុក​បន្ទាយស្រី គឺជា​ស្រុក​ដំបូង​គេ​ដែល​បាន​លុបបំបាត់​ការបរិភោគ និង​ជួញដូរ​សាច់​ឆ្កែ​បាន​ទាំងស្រុង​៕

ព័ត៌មានទាក់ទង