ពី​អ្នក​ដាំ​ស្វាយចន្ទី​ធម្មតា អ្នកស្រី ​អ៊ិន ឡៃ​ហួត ក្លាយជា​ម្ចាស់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​លំដាប់​អន្តរជាតិ​

01/09/2020 12:00 pm កំពង់ធំ

រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​តម្លៃ​២០​ម៉ឺន​ដុល្លារ របស់​អ្នកស្រី អ៊ិន ឡៃ​ហួត កំពុង​សាងសង់ឡើង​នៅក្នុង​ខេត្តកំពង់ធំ​។ រោងចក្រ​មួយ​នេះ​បង្កើតឡើង​ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ  Top Planning Japan Co., Ltd  ក្នុង​គោលបំណង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឱ្យមាន​គុណភាព និង​ស្តង់ដារ សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ពិសេស​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​។



តាមរយៈ​បទពិសោធន៍​៨​ឆ្នាំ​នៃ​ការដាំដុះ កែច្នៃ ទីផ្សារ និង​កិច្ចការ​មួយចំនួន​លើ​ផលិតផល​គ្រាប់ស្វាយចន្ទី អ្នកស្រី អ៊ិន ឡៃ​ហួត បាន​បង្កើត​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាតតូច​មួយ​ដែល​បាន​ដំណើរការ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ នៅ​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ សព្វថ្ងៃនេះ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាតតូច​មួយ​នេះ កំពុង​វិវត្តន៍​ខ្លួន​ទៅជា​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្តង់ដារ​អន្តរជាតិ ដែល​នឹង​ចេញ​ជា​រូបរាង​នៅក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០២០​។​

​បើតាម​ស្រី្ត​មាន​សម្បុរ​ស្រអែម​ស្រស់ និង​ភាព​រួសរាយ​រាក់ទាក់​រូបនេះ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី គឺ​បាន​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៩​មក ដោយមាន​បុគ្គលិក​១៥​នាក់ ហើយ​កើន​ដល់​៣២​នាក់ ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ​ដែល​កំពុង​បម្រើការ​សព្វថ្ងៃ​។ អ្នកស្រី ឡៃ​ហួត បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅពេលដែល​សិប្ប​កម្មនេះ​បានក្លាយ​ទៅជា​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ហើយ​នោះ នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​បាន​រហូតដល់​ជិត​១០០​នាក់ ព្រមទាំង​បង្កើន​នូវ​ជំនាញ​ការងារ​តាម​ផ្នែក​នីមួយៗ​ផងដែរ​។ 



«​រោងចក្រ​នេះ​មាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​ពី ២-៣​តោន និង​មានលទ្ធភាព​បក​គ្រាប់ស្វាយចន្ទី​ស្រស់​១០ តោន​ក្នុង​មួយថ្ងៃ​។ តាម​ការគ្រោងទុក​នៅ​ដើមឆ្នាំ​២០២១ រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​យើង​នឹង​ដំណើរការ ហើយ​យើង​សង្ឃឹមថា​ឆ្នាំ​ទីមួយ​នៃ​ដំណើរការ​រោងចក្រ​នេះ នឹងមាន​បុគ្គលិក​យ៉ាងតិច​៨០​នាក់​ធ្វើ​ការងារ​ជាមួយ​យើង​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ឡៃ​ហួត ដោយ​បន្តថា​៖«​ក្រោយពេល​ដំណើរការ​រោងចក្រ​នេះ ជា​ជំហាន​ដំបូង​យើង​នឹង​នាំ​ផលិតផល​យើង​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ចំនួន​៩០​តោន​ក្នុង​មួយឆ្នាំ តាមរយៈ​ក្រុមហ៊ុន Top Planning »​។ 

​ស្ត្រី​ជា​សហគ្រិន​ក្នុង​វិស័យ​កសិកម្ម​រូបនេះ​បាន​បញ្ជាក់ថា  បន្ទាប់ពី​មាន​វត្ត​មាននៃ​រោងចក្រ​គ្រាប់ស្វាយចន្ទី​នេះ  ក្រុមហ៊ុន Top planning នឹង​ជំរុញ​ឱ្យ​សម្រេចការ​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​ស្រស់​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​ពី​៤០០ ទៅ​១០០០​តោន ក្នុង​មួយឆ្នាំ​។ 

ក្រុមហ៊ុន Top planning បាន​ចុះ​អនុសារណៈ​នៃ​ការយោគយល់​គ្នា​(MOU)​ជាមួយ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​អ្នកស្រី អ៊ិន ឡៃ​ហួត កាលពី​ថ្ងៃទី​២២​កុម្ភៈ ឆ្នាំ​២០២០​។ អនុសារណៈ​នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាតតូច ទៅជា​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាតតូច ដោយ​ធានាបាន​នូវ​អនាម័យ គុណភាព សុវត្ថិភាព និង​បច្ចេកទេស​កែច្នៃ ស្របតាម​ស្តង់ដារ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ឯកសារ​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្តីពី​ការទិញ​-​លក់ រវាង សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​អ្នកស្រី អ៊ិន ឡៃ​ហួត និង​ក្រុមហ៊ុន​ជប៉ុន Top planning​។ 

សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​អ្នកស្រី អ៊ិន ឡៃ​ហួត បាន​សហការ​ពី​ក្រុមហ៊ុន​Top planning​នេះ គឺមាន​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គាំទ្រ ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​។ ការគាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងពីរ​នេះ  ក្នុង​គោលបំណង​កសាង​ផែនការ​អភិវឌ្ឍ និង​លើកកម្ពស់​ផលិតផល​ស្វាយចន្ទី​កម្ពុជា ដែល​អាចឈាន​ការ​ដល់បង្កើត​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​គ្រាប់ស្វាយចន្ទី ក្នុង​ខេត្តកំពង់ធំ ព្រះវិហារ កំពង់ធំ និង​ខេត្តកំពង់ចាម ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ 

លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​លើកឡើងថា ក្រោយ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​អ្នកស្រី​អ៊ិន ឡៃ​ហួត បាន​ដំណើរការ​ហើយ​នោះ តម្រូវការ​គ្រាប់ស្វាយ​ពី​សំណាក់​ទីផ្សារ​បរទេស​នឹង​កើនឡើង ហើយ​ថែមទាំង​អាច​ស​ពង្រីក​ទីផ្សារ​បាន​ទៀតផង​។ បើតាម លោក វណ្ណ​រិ​ទ្ធ កន្លងមក​មាន​ក្រុមហ៊ុន​ប្រទេស​អាមេរិក កូរ៉េ ចិន បាន​ចុះ​សិក្សា និង​វាយតម្លៃ​ចង្វាក់​ផលិតកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ខេត្ត​កំពង់​ជា​ហូរហែរ ប៉ុន្តែ​មិន​ទទួលបាន​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ប្រទេស​ទាំងនោះ​ណាមួយ​ឡើយ ដោយសារ​កម្រិត​កែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុង​សហគមន៍ នៅមាន​ការអនុវត្ត​ជា​លក្ខណៈ​សិប្បកម្ម​តូចៗ​និង​ជា​លក្ខណៈ​គ្រួសារ​នៅឡើយ​។  ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​រូបនេះ​បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​នៅពេល​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ដែលមាន​កម្រិតស្តង់ដារ​អន្តរជាតិ ពិសេស​ស្តង់ដារ​ជប៉ុន របស់​អ្នកស្រី អ៊ិន ឡៃ​ហួត​នោះ បង្កើតឡើង​យើង​សង្ឃឹមថា ក្រុមហ៊ុន​ប្រទេស​ទាំងនោះ នឹង​មក​សហការ​ជាមួយ​យើង​ក្នុងការ​នាំចេញ​គ្រាប់ស្វាយចន្ទី នាពេល​ឆាប់ៗ​ខាងមុខនេះ​»​។ 

​រយៈពេល​៧ ខែ​ឆ្នាំ ២០២០ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ជាង​២,៦៨​លាន​តោន​។  ក្នុងនោះ​គ្រាប់ស្វាយចន្ទី​មាន​១៩៤,៥២៥​តោន ទៅកាន់​ទីផ្សារ វៀតណាម ថៃ កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី ចិន ហុងកុង និង​បារាំង​៕ 

ព័ត៌មានទាក់ទង