លោក លី ប៉េង​ហេង​៖ សារមន្ទីរ​វិមាន​សុខា​នៅ​សៀមរាប រួមចំណែក​ពន្យារពេល​ស្នាក់នៅ​របស់​ទេសចរ​

29/08/2020 1:00 pm ភ្នំពេញ

​សៀមរាប​៖ សារមន្ទីរ​វិមាន​សុខា ដែលមាន​តាំង​បង្ហាញ​នូវ​វត្ថុ​ប្រើប្រាស់​ចាស់ៗ​ជាច្រើន​ប្រភេទ កំពុង​ទាក់ទាញ​អារម្មណ៍​ទេសចរ ដែល​ចង់​ស្គាល់ និង​ចង់ឃើញ​នូវ​សម្ភារ​ទាំងនោះ ដែល​របស់​ខ្លះ​ជា​របស់​កម្រ ហើយ​អ្នកខ្លះ​មិន​ធ្លាប់​បានឃើញ​កន្លងមក​។ ម្ចាស់​សារមន្ទីរ​បាន​ចំណាយពេល​ជាង​២០​ឆ្នាំ ក្នុង​ការប្រមូលទិញ និង​ថែរក្សា​សម្ភារ​ទាំងនោះ​ឡើង ហើយ​ថ្មីៗ​នេះ​បានរៀបចំ​ជា​សារមន្ទីរ​ឯកជន​មួយ​ទុក​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​។ លោក លី ប៉េង​ហេង ជា​ម្ចាស់​សារមន្ទីរ​ជឿថា សារមន្ទីរ​នេះ​ជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្តសៀមរាប ហើយ​វា​នឹង​រួមចំណែក​ដើម្បី​ពន្យារពេល​ការ​ស្នាក់នៅ​របស់​ទេសច​រ ក៏ដូចជា​ផ្នែក​មួយ​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ងើបឡើង​វិញ​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ​១៩​នេះ​។​


 
​កើតចេញពី​ការស្រឡាញ់ និង​ចូលចិត្ត​លេង​សម្ភារ​ចាស់ៗ លោក លី ប៉េង​ហេង ដែល​គេ​ធ្លាប់​ស្គាល់​តាមរយៈ​ការផលិត​ម៉ូតូ​៧​មករា និង​សម្ភារ​កែច្នៃ​ផ្សេងៗ​ទៀត ពេលនេះ​លោក​បាន​បើក​សារមន្ទីរ​ផ្ទាល់ខ្លួន​មួយ​ក្នុង​ខេត្តសៀមរាប​។ សារមន្ទីរ​វិមាន​សុខា ជា​គោលដៅ​ទេសចរណ៍​ថ្មី​ក្នុង​ខេត្តសៀមរាប ដែល​បាន​ទាញ​ចំណាប់អារម្មណ៍​ទេសចរ​ជាច្រើន ពិសេស​ក្រុមយុវជន​ឱ្យ​រំជើបរំជួល ស្រឡាញ់​សម្ភារ​ទាំងនោះ​។ សារមន្ទីរ​វិមាន​សុខា គឺជា​ឈ្មោះ​កូនប្រុស​ច្បង (​វិមាន​) និង​ឈ្មោះ​ឧ​ត្ត​ម​ភរិយា​លោក ប៉េង​ហុង គឺ​ឈ្មោះ​សុខា​។​



ពេល​ឈាន​ជើង​ចូល​ខ្លោងទ្វារ​នៃ​សារមន្ទីរ ភ្ញៀវទេសចរ​នឹងមាន​អារម្មណ៍​ហាក់​បាន​វិលត្រឡប់​ទៅ​អតីតកាល​។ សំណង់​អាគារ​បែប​បារាំង ហើយ​ខាងក្នុង​តុបតែង​ដោយ​គ្រឿង​សម្ភារ​ចាស់ៗ​ច្រើនសន្ធឹក​។ សម្ភារ​ដែល​តាំង​ក្នុង​សារមន្ទីរ​នេះ សុទ្ធសឹង​ជា​សម្ភារ​ដែល​ប្រើ​ក្នុងអំឡុង​ទសវត្ស​ចាប់ពី​ឆ្នាំ​៤០ រហូតដល់​ឆ្នាំ​៦០ និង​មួយចំនួនទៀត​ផលិត​តាំងពី​ឆ្នាំ ១៧៥៧ មក​។ វត្ថុ​ប្រើប្រាស់​ដែល​គេ​អាច​មើលឃើញ​ច្រើនជាងគេ ដូចជា​ម៉ូតូ កង់ នាឡិកា​ភ្ជួរ​ជញ្ជាំង ម៉ាស៊ីន​ថត ។​ល​។

​ម្ចាស់​សារមន្ទីរ​លោក លី ប៉េង​ហេង បានបង្ហាញ​អារម្មណ៍​រីករាយ​នៅពេលដែល​សារមន្ទីរ​របស់ខ្លួន​ជា​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។ ម្ចាស់​សារមន្ទីរ​វិមាន​សុខា​រូបនេះ មិនអាច​រៀបរាប់​ប្រភេទ​សម្ភារ​ដែល​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​នៅឡើយ ដោយ​បច្ចុប្បន្ន​លោក​កំពុង​រៀបចំ​ឱ្យមាន​ការសរសេរ​នូវ​ប្រវត្តិ​ខ្លីៗ​ពី​សម្ភារ​ទាំងនោះ ដើម្បីឱ្យ​ទេសចរ​ងាយស្រួល​ដឹង​ពី​ប្រវត្តិ​នូវ​សម្ភារ​នីមួយៗ​ដែល​លោក​បាន​ប្រមូល​ទិញ​នា​រយៈពេល​២២​ឆ្នាំ​មកនេះ​។​



តាម​ការពន្យល់​របស់​ម្ចាស់​សារមន្ទីរ មូលហេតុ​ដែល​លោក​ជ្រើសរើស​ខេត្តសៀមរាប​សម្រាប់​បង្កើត​សារមន្ទីរ​នេះ​ឡើង​ដោយសារ ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​ធំជាងគេ​នៅ​កម្ពុជា ជា​តំបន់​ប្រវត្តិសាស្ដ្រ និង​មាន​ភាពល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ​។ លើសពីនេះ ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប លោក លី ប៉េង​ហេង ចង់​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក៏ដូចជា​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ឱ្យ​កាន់​តែមាន​ភាព​សុសសាយ​លើ​ឆាក​អន្ដរជាតិ និង​ចង់​ពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​កាន់តែច្រើន​។​

​រម្លឹក​ដោយ​សំឡេង​មួយៗ លោក លី ប៉េង​ហេង ប្រាប់ថា លោក​មានចិត្ត​ស្រឡាញ់​និង​ប្រមូល​សម្ភារ​ចាស់ៗ​ទាំង​នោះមក​រក្សាទុក ចាប់ពី​អំឡុង​ឆ្នាំ​១៩៩៨​មក​។ ដើមឡើយ បុរស​វ័យ​៥០​ប្លាយ​រូបនេះ ប្រមូល​ទិញ​ឡាន​តែប៉ុណ្ណោះ តែ​ក្រោយមក​លោក​ងាក​មក​ទិញ​សម្ភារ​តូចៗ​វិញ ព្រោះ​ងាយស្រួល​រក្សាទុក ដូចជា​ម៉ូតូ នាឡិកា ម៉ាស៊ីនថតរូប​។​ល​។ លោក​បន្ថែម​៖« ការស្រឡាញ់​នេះ​តាំងពី​កំណើត​មក បើ​គ្មាន​និ​ស្ស​ពី​កំណើត​មក អត់​បេះដូង អត់​អាច​សន្សំ​របស់​នេះ​បានទេ​»​។​



​ការ​ងប់ងុល​ចំណាយ​ពេលវេលា និង​ថវិកា​ជាច្រើន​ដើម្បី​ប្រមូល​ទិញ​សម្ភារ​ទាំង​នោះមក​រក្សាទុក លោក លី ប៉េង​ហេង ត្រូវបាន​គេ​ឱ្យ​រហ័ស​នាម​ថា តា​ឆ្កួត ហើយ​ឈ្មោះ​នេះ​ត្រូវបាន​គេ​ហៅ​ជាប់​រហូតមក​។ តា​ឆ្កួត គេ​ស្គាល់​ជាង​ឈ្មោះ លី ប៉េង​ហេង​។ យ៉ាងណា លោក​ប្រាប់ថា ពេញចិត្ត​នឹង​ឱ្យគេ​ហៅ​ដូច្នេះ ព្រោះថា​លោក​ពិតជា​ឆ្កួត និង​ឈ្លក់​វង្វេង​ខ្លាំង​ជាមួយ​សម្ភារ​ទាំងនោះ​ពិតមែន​។ បុរស​ស្រឡាញ់​សម្ភារ​ចាស់ៗ​រូបនេះ ក៏​កោតសរសើរ​នូវ​ទឹកចិត្ត​ភរិយា​របស់លោក ដែល​តែងតែ​គាំទ្រ​នូវ​ទស្សនៈ​ខ្លួន ដែល​ធ្វើឱ្យ​ក្ដី​ប្រាថ្នា​បើក​សារមន្ទីរ​បាន​ជោគជ័យ​រហូតដល់​សព្វ​ថ្ងៃនេះ​។ «​ការទិញ​របស់​ចាស់ៗ​នេះ បើ​មិនមាន​ការគាំទ្រ​ពី​ភរិយា​ខ្ញុំ គឺ​មិន​ជោគជ័យ​ទេ ដូច​ពាក្យចាស់​ថា បើ​ចង់​ជោគជ័យ​មុខរបរ​អ្វីមួយ ទាល់តែ​ភរិយា​គាំទ្រ ជួយឧបត្ថម្ភ​សព្វបែបយ៉ាង​ទើប​ជោគជ័យ បើ​យើង​ធ្វើ​ទាំង​ក្ដី​ឈ្លោះ​គ្នា តើ​មាន​ក្ដី​សុខ​ទេ​»​។​



ភ្ញៀវទេសចរ​ដែល​បាន​ចូល​ទស្សនា​ក្នុង​សារមន្ទីរ​វិមាន​សុខា បានបង្ហាញ​អារម្មណ៍​ប្លែក​ជាមួយនឹង​ទស្សនីយភាព​ដែល​តាំង​បង្ហាញ​ចាប់ពី​ផ្ទៃ​ខាងក្រោម ដល់​ជញ្ជាំង​អាគារ ដែលមាន​ដាក់​ចង​ភ្ជួរ​នូវ​សម្ភារ​ចាស់ៗ​ជាច្រើន​។ លោក វុ​ធ មក​ទស្សនា​សារមន្ទីរ​ជាមួយ​គ្រួសារ ក៏​ចាប់អារម្មណ៍​ទៅនឹង​ការរៀបចំ​ក្នុង​សារមន្ទីរ​នេះដែរ​។ បុរស​វ័យ​ខ្ទង់​៥០​ប្លាយ​រូបនេះ ចាប់អារម្មណ៍​នឹង​គ្រឿង​ម៉ាស៊ីន​ថត ដោយសារ​លោក​មាន​ចំណង់​ចំណូល​លើ​ឧបករណ៍​មួយ​នេះ ហើយ​មាន​សម្ភារ​ខ្លះ​ក៏​លោក​ធ្លាប់បាន​ប្រើ​ផងដែរ​។

​លោក​បន្ថែមថា​៖« ល្អ​តើ គាត់​យកមក​តាំង​ចឹ​ង ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់ ពេល​ចូលមក​ចឹ​ង​ឃើញ​របស់​ដែល​យើង​ធ្លាប់ប្រើ​ប្រាប់​កូនចៅ ប្រើ​បែបនេះ​ប្រែ​បែប​នោះ ចេះតែ​ប្រាប់​គាត់ ក្មេងៗ​គួរតែ​ស្គាល់ គួរ​មក​មើល​របស់​ពី​ដើម​»​។​

​ចំណែក​លោក ហុក មកពី​រាជធានី​ភ្នំពេញ​ដែរ ចាប់អារម្មណ៍​លើ​ម៉ូតូ​ប្រភេទ Mobylatte ដែល​ផលិត​រវាង​ឆ្នាំ​១៩៥៩​។ បុរស​វ័យ​៥៥​ឆ្នាំ​រូបនេះ ស្គាល់​ម៉ូតូ​នេះ​តាមរយៈ​ការ​ដំណាល​របស់​ឪពុក ដែល​ធ្លាប់​ជិះ និង​មាន​ភាពល្បីល្បាញ​វា​ជាខ្លាំង​ក្នុងអំឡុង​ឆ្នាំ ១៩៦០​ជាង​។ លោក​បន្ត​៖« ខ្ញុំ​ធ្លាប់តែ​ឮ​ឪពុក​ខ្ញុំ​គាត់​និយាយថា សម័យ​គាត់​បាន​ម៉ូប៊ីឡែត​មួយ​ជិះ ស្រីៗ​ពេញ​ភូមិ​ទៅណា​ក៏​គេ​ទទួល​...​ដឹងថា​វា​ធ្លាក់​ផង ចាក់​សាំង​ផង ឥឡូវ​មក​ឃើញ​ផ្ទាល់​...»​។​



រីឯ​យុវជន វិ​ពុទ្ធ ដែល​មក​ទស្សនា​សារមន្ទី​រ​ជាមួយ​ក្រុមគ្រួសារ​នាឱកាស​បុណ្យ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ​កន្លងទៅ ក៏​ចាប់អារម្មណ៍​ជាមួយ​សម្ភារ​ចាស់ៗ​ទាំង​នេះដែរ​។ យុវជន​វ័យ​២៣​ឆ្នាំ​រូបនេះ ចាប់អារម្មណ៍​មុនគេ​គឺ​ម៉ូតូ កង់ ដែលមាន​តម្រៀប​ជា​ជួរៗ រីឯ​កង់​មាន​ដាក់​ភ្ជួរ​តាម​ជញ្ជាំង គួរឱ្យ​ទាក់ទាញ​។ វិ​ពុទ្ធ ក៏​ស្រឡាញ់​កាមេរ៉ា និង​ឌី​ស​សម្រាប់​ចាក់​ចម្រៀង ដែល​យុវជន​រូបនេះ​យល់ថា​ស្អាត និង​ប្លែក​។ «​អ្វីដែល​គាត់​ធ្វើ អាច​ផ្តល់​តម្លៃសង្គម គាត់​បាន​ចែករំលែក​បទពិសោធ​សម្ភារ​មុនៗ​មាន​អ្វីខ្លះ ទុកឱ្យ​ក្មេងៗ របស់​ពីមុនៗ​ពេល​សង្គម​មិនទាន់​ទំនើប គេ​ប្រើ​របស់​ទាំងនោះ​យ៉ាងម៉េច របៀប​ណា ព្រោះ​ឥឡូវ​បច្ចេកវិទ្យា​ជឿនលឿន​របស់​ប្រើប្រាស់​ស្រួល​»​។​



​ក្រៅពី​បង្ហាញ​អារម្មណ៍​រីករាយ​ជាមួយនឹង​ការគាំទ្រ​របស់​ភ្ញៀវទេសចរ​ហើយ​នោះ លោក លី ប៉េង​ហេង មាន​សុទិដ្ឋិនិយម​ថា សារមន្ទីរ​ដែល​កើតចេញពី​ការតស៊ូ​រយៈពេល​២២​ឆ្នាំ និង​ជា​ចំណែក​នៃ​ទ្រព្យសម្បត្តិ​គ្រួសារ​លោក​នេះ នឹង​ជួយ​សង្គមជាតិ​បាន​ច្រើន តាមរយៈ​ការទទួល​ភ្ញៀវទេសចរ ហើយ​ក្លាយជា​កញ្ចប់​ទេសចរណ៍​ថ្មី​ប្លែក​ដំបូង​គេ​នៅក្នុង​ខេត្តសៀមរាប​៕









ព័ត៌មានទាក់ទង