«​កោះ​សំពោច ឬ កោះ​រាជបុត្រ​» ជា​កោះ​តូច តែមាន​សម្រស់​ស្រស់ស្អាត​ខ្លាំង​

25/09/2020 3:00 pm ព្រះសីហនុ

​កោះ​សំពោច ឬ កោះ​រាជបុត្រ ជា​កូន​កោះ​តូច​មួយ​នៃ​ឧទ្យាន​ជាតិ​ព្រះសីហនុ​«​រាម​» មាន​ទីតាំងនៅ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​២៧​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ​។ កោះ​នេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឯន​ជន ដោយ​រៀបចំ​ទៅជា​តំបន់​ទេសចរណ៍ ដែល​អាចឱ្យ​ភ្ញៀវ​ចូល​មកលេង​កម្សាន្ត​បាន​។ ដោយឡែក អំឡុង​ថ្ងៃ​ឈប់សម្រាក​កន្លងទៅ មាន​ភ្ញៀវទេសចរ​ច្រើន​គួរសម បាន​មកលេង​នៅទីនេះ​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។



​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្ត កោះ​នេះ មាន​ទេសភាព​ស្រស់ស្អាត ព្រោះ​វា​មាន​ទំហំ​តូច​ច្រឡឹង បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​កោះ​ផ្សេងទៀត​នៃ​ឧទ្យាន​ជាតិ​រាម​។ លើសពីនេះ លើ​កោះ​សម្បូរ​ទៅដោយ​ព្រៃឈើ និង​មាន​ទឹកសមុទ្រ​ខៀវស្រងាត់​នៅ​ព័ទ្ធជុំវិញ ដែល​ធ្វើឱ្យ​កោះ​នេះ​កាន់​តែមាន​ភាពលេច​ធ្លោ ហើយ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​បាន​ច្រើន មិន​ចាញ់​បណ្ដា​គោលដៅ​ទេសចរណ៍​ដទៃទៀត​ឡើយ​។ 

​ដោយឡែក អំឡុង​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​រយៈពេល​៥​ថ្ងៃ​កន្លងមក ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ​មកលេង​សរុប​១១​ម៉ឺន​៦​ពាន់​៣៤៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​១១​ម៉ឺន​១​ពាន់​៤៦៨​នាក់ ចំណែកឯ​ភ្ញៀវ​អន្តរជាតិ​វិញ​មាន​៤,៨៧៨​នាក់​។​


រូបថតពីMarody Noun.

​សូមបញ្ជាក់​ផងដែរ​ថា ឧទ្យាន​ជាតិ​ព្រះសីហនុ «​រាម​» ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែល​គ្របដណ្តប់​លើ​ដែន​ដីគោក និង​ដី​កោះ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រាម​, ឃុំ​អូរ​ឧកញ៉ា​ហេង​, ឃុំ​បឹង​តា​ព្រហ្ម​, និង​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕

រូបថតពីMarody Noun.

ព័ត៌មានទាក់ទង