កំណើន​អ្នក​ចិញ្ចឹមសត្វ ជំរុញ​ឲ្យ​លោក សុ​ផូ​រ កាប់​ដើម​ក្រូចពោធិ៍សាត់​ចោល​យក​ដី​ដាំ​ស្មៅ​ផ្អែម​

17/09/2020 3:00 pm បាត់ដំបង

លោក សា​វើ​យ សុ​ផូ​រ កំពុង​ជោគជ័យ​លើ​ការដាំដុះ​ស្មៅ​ផ្អែម ដែល​គេ​ច្នៃ​ជា​ចំណី​សត្វ​។ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង លោក សុ​ផូ​រ ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា​មុន​ជោគជ័យ​នឹង​ដំណាំ​នេះ លោក សុ​ផូ​រ ធ្លាប់ជា​អ្នក​ដាំ​ក្រូចពោធិ៍សាត់ ប៉ុន្តែ​ផល​ក្រូច​មិនល្អ និង​មានតម្លៃ​ទាប ខ្លួន​ក៏​សម្រេច​កាប់​ក្រូច​ចោល យក​ដី​ដាំ​ស្មៅ​ផ្អែម​នេះ​។ តាម​លោក សុ​ផូ​រ ស្មៅ​ផ្អែម​ងាយស្រួល​ដាំ និង​សម្បូរ​ទីផ្សារ ជា​ក្រូចពោធិ៍សាត់ ស្របពេល​ដែលមាន​អ្នក​ចិញ្ចឹម​កាន់តែច្រើន​។​



​កាលពី​៥​ឆ្នាំមុន លោក សា​វើ​យ សុ​ផូ​រ បានសម្រេច​ចិត្ត​កាប់​ដើម​ក្រូចពោធិ៍សាត់​ប្រមាណ​១០០​ដើម ដែល​ដាំ​ដុះ​លើដី​ចម្កា​របស់ខ្លួន​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ដើម្បី​យក​ដី​ដាំ​ស្មៅ​ផ្អែម ដែល​នាំចូល​ពី​ប្រទេស​ថៃ​។ លោក សា​វើ​យ សុ​ផូ​រ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា លោក​សម្រេចចិត្ត​ធ្វើ​ដូច្នេះ​ព្រោះតែ​កាលណោះ​ក្រូចពោធិ៍សាត់​របស់ខ្លួន​ប្រមូល​ផល​បាន​តិច ហើយ​តម្លៃ​ក៏​ទាប​។ នៅពេលនោះ ស្មៅ​ផ្អែម​ដែល​គេ​ច្នៃ​ជា​ចំណី​សត្វ​នេះ​ចាប់ផ្តើម​សម្បូរ​ទីផ្សារ ខណៈ​មាន​អ្នក​ចិញ្ចឹមសត្វ​កាន់តែច្រើន​។  
 
​កសិករ​រូបនេះ​ពន្យល់​បន្ថែម​៖«​មុនដំបូង​គ្រាន់​ជាការ​សាកល្បង​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ទទួលបាន​លទ្ធផល​ល្អ និង​មាន​ទីផ្សារ ក៏​សម្រេចចិត្ត​កាប់​ដើម​ក្រូច មក​ដាំ​ស្មៅ​។ ស្មៅ​មាន​ទីផ្សារ​ស្រួល​លក់ ។ សព្វថ្ងៃ​ហ្នឹង យើង​ស្មៅ​ផ្អែម ៥ ប្រភេទ​»​។ 

​បច្ចុប្បន្ន កសិករ​រូបនេះ មាន​ផ្ទៃដី​ដាំ​ស្មៅ​ផ្អែម ពីរ​-​បី​កន្លែង​ផ្សេងៗ​គ្នា សរុប​ប្រហែល​១​ហិកតា ស្ថិតនៅ​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ នៅ​ទីនោះ ក៏មាន​អ្នក​ដាំ​ស្មៅ​ផ្អែម​ច្នៃ​ជា​ចំណី​សត្វ​នេះ​តិចតួច​នៅឡើយ​។ យុវជន​រូបនេះ​អះអាង​ទៀតថា ស្មៅ​ផ្អែម ដែល​ដាំ​ដុះ​នៅក្នុង​ចម្ការ​របស់ខ្លួន មិន​ខ្វះ​ទីផ្សារ​នោះឡើយ ពោលគឺ​កំពុង​ទទួលបាន​ការគាំទ្រ ពី​ប្រជាកសិករ​ចិញ្ចឹមសត្វ​ទូទាំងប្រទេស​។ ដ្បិត​មិន​បញ្ជាក់​តួលេខ​ច្បាស់លាស់ តែ​លោក សុ​ផូ​រ ចម្ការ​ស្មៅ​ផ្អែម​របស់លោក ផ្តល់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ដល់​ខ្លួន​។ 

​តាម​លោក សា​វើ​យ សុ​ផូ​រ ស្មៅ​ផ្អែម​ស្រស់ អាច​យក​ធ្វើជា​ចំណី​សត្វ​ច្រើន​ប្រភេទ​ដូចជា សត្វ​គោ ក្របី សេះ ពពែ​។ ដំណាំ​នេះ​សម្បូរ​ប្រូ​តេ​អ៊ីន ដែល​ជួយ​បំប៉ន​សត្វ ឲ្យ​ឆាប់​ធំធាត់ លូតលាស់​បានល្អ​។ គេ​ក៏​អាច​យក​ស្មៅ​ផ្អែម ទៅ​ទៅ​កិន​លាយ​ជាមួយ​អាហារ សម្រាប់​សត្វ ជ្រូក មាន់ ទា ផងដែរ​។ ជា​ដំណាំ មិន​រើស​ដី ចំណាយ​ដាំ​ដុះ​តិច​គឺ​ពី ៤០-៥០​ថ្ងៃ​ប៉ុណ្ណោះ និង​ងាយស្រួល​ថែទាំ​។ នេះ​បើតាម​កសិករ សា​វើ​យ សុផូរ​៕

ព័ត៌មានទាក់ទង