ការ​បង្កបង្កើនផល​ស្រូវវស្សា​ក្នុង​ខេត្តសៀមរាប សម្រេចបាន​ជាង​១៦​ម៉ឺន​ហិកតា​

27/08/2020 8:00 am សៀមរាប

​ការងារ​បង្កបង្កើនផល​ស្រូវវស្សា ក្នុង​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០២០ សម្រេចបាន​១០០​ភាគរយ ផែនការ​សរុប​លើ​ផ្ទៃដី​ជាង ១៦​ម៉ឺន​ហិកតា ។ នេះ​បើតាម​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ដែល​បន្តទៀតថា ក្នុងចំណោម​នោះ ក្រុង​សៀមរាប និង​ស្រុក​ពួក ប្រមូល​ផល​ស្រូវវស្សា​បាន ៣៧០​ហិកតា​។​



​បើតាម​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប នៅក្នុង​ស្រុក​ពួក​ក្នុង​រដូវវស្សា​ឆ្នាំ​២០២០​នេះ ការងារ​បង្កបង្កើនផល​ស្រូវវស្សា អនុវត្តបាន​សរុប ២.៥ ម៉ឺន​ហិកតា ស្មើនឹង​១០០ ភាគរយ​។ ក្នុងនោះ​ស្រូវស្រាល​ចំនួន ៩.៥​ពាន់​ហិកតា ស្រូវកណ្តាល​ចំនួន ១ ម៉ឺន​ហិកតា ស្រូវធ្ងន់​ចំនួន ៣ ពាន់​ហិកតា និង​ស្រូវ​ឡើង​ទឹក​ចំនួន​ជាង ១ ពាន់​ហិកតា​។ ក្នុងនោះ​ស្រុក​ពួក​ប្រមូល​ផល​ស្រូវវស្សា​បាន ២០​ហិកតា ក្នុង​បរិមាណ​ផល ២.៥​តោន​ក្នុង​មួយ​ហិកតា​។ 

​ដោយឡែក​ក្រុង​សៀមរាប​បាន​ប្រមូល​ផល​ស្រូវវស្សា​បាន ៣៥០​ហិកតា ក្នុង​បរិមាណ​ទិន្នផល ៣.៥​តោន​ក្នុង​មួយ​ហិកតា​។ ក្រៅពី​ស្រុក​ចំនួន​ពីរ​ខាងលើ ខេត្តសៀមរាប​កំពុង​ប្រមូល​ផល​ជា​បណ្ដើរៗ ហើយ​។ បើតាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ប្រាប់​ThmeyThmey25 តាម​ទូរ​សព្ទ​ថា​៖«​ទោះបី​កន្លងមក ខេត្ត​មាន​បញ្ហា​ជួប​ការលំបាក​តិចតួច នូវ​គ្រោះរាំងស្ងួត​ក៏ពិតមែន ប៉ុន្តែ​មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ ចំពោះ​ផល​ស្រូវ​នោះទេ​។ ដោយសារ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​បាន​ច្រើន​កន្លែង​ធ្វើអោយ​ដំណាំ​ស្រូវ​មានការ​ដុះ​លូតលាស់​ល្អ ទាំង​ដំណាំ​សាកវប្បកម្ម និង​ឧស្សាហកម្ម​រយះពេល​ខ្លី​»​។​

​ក្រៅពី​ស្រូវវស្សា ការប្រមូល​ដំណាំ​សាកវប្បកម្ម ដែលមាន​ដូចជា​ឪឡឹក​, ដំឡូងជ្វា និង​ពោត​ជាដើម សរុប ៣ ពាន់​ហិកតា និង​ដំណាំ​ឧស្សាហកម្ម​រយៈពេល​ខ្លី​ចំនួន ៣ ពាន់​ហិកតា​៕
 

ព័ត៌មានទាក់ទង