របរត្បាញកន្ទេលស្លឹកទ្រាំងរបស់ពលរដ្ឋស្រុកឆែប សល់ចំនួនតិចតួចប៉ុណ្ណោះ

25/08/2020 8:59 am ព្រះវិហារ

របរត្បាញកន្ទេលស្លឹកទ្រាំង ជារបរប្រពៃណីមួយ បន្ទាប់ពីការងារកសិកម្មរបស់ពលរដ្ឋនៅស្រុកឆែប ខេត្តព្រះវិហារ។ ប៉ុន្តែបច្ចុប្បន្ន អ្នកប្រកបរបរនេះ នៅមានសល់តិចតួចប៉ុណ្ណោះ ហើយភាគច្រើនជាពលរដ្ឋវ័យចំណាស់ផងដែរ។ នេះបើតាមលោក សេង សុធា អ្នកសម្របសម្រួលសហគមន៍ធ្វើសម្ភារពីទ្រាំងប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ។

លោក ប្រាប់ថា ដោយចង់រក្សារបរប្រពៃណី និងជួយបង្កើនចំណូលដល់ពលរដ្ឋប្រកបនេះ លោកបានបង្កើតសហគមន៍មួយ ដើម្បីប្រមូលទិញសម្ភារធ្វើពីទ្រាំង ដូចជាកន្ទេល ចង្កឹះ វែកបាយ វែកឆា ចង្អេរ។ ក្រៅពីអាចធ្វើជាសម្ភារប្រើប្រាស់ គេក៏អាចយកស្លឹកទ្រាំងចាស់ ធ្វើជាសាត្រាស្លឹករឹតផងដែរ។

ដោយក្នុងសហគមន៍សម្បូរដើមទ្រាំង ទើបពលរដ្ឋនៅតំបន់នោះ មិនបោះបង់ការត្បាញកន្ទេលពីស្លឹកទ្រាំង។ តែយ៉ាងណា ចំនួនអ្នកប្រកបរបរនេះនៅតិចតួចប៉ុណ្ណោះ ហើយភាគច្រើនជាស្ត្រីវ័យចំណាស់។ នេះបើតាមលោក សេង សុធា ដែលបន្តថា នៅស្រុកឆែប ទំនងនៅសល់តែជាង ១០គ្រួសារប៉ុណ្ណោះ។ កង្វះទីផ្សារ បានធ្វើឲ្យរបរប្រពៃណីមួយនេះ កាន់តែត្រូវគេបោះបង់ចោល។លោក សេង សុធា បានប្រាប់ថា៖«ទីផ្សារកន្ទេល និងផលិតផលផ្សេងៗ មិនសូវមានទីផ្សារ ដូចចង្កឹះនោះទេ។ សម្រាប់ចង្កឹះបាននាំចេញទៅកាន់តាមខេត្តជាច្រើនដូចជា សៀមរាប កំពង់ចាម ព្រះវិហារ និងមានការបញ្ជាទិញពីភោជនីយដ្ឋានក្នុងតំបន់»។

កន្ទេលទ្រាំងមួយ អាចលក់បានតម្លៃ ២ ម៉ឺនរៀល ទៅ ៣ ម៉ឺនរៀល ប៉ុន្តែត្រូវចំណាយពេលត្បាញយូរថ្ងៃ។ លោក សេង សុធា សំណូមពរឲ្យពលរដ្ឋខ្មែរគាំទ្រនូវផលិតផលតម្បាញប្រពៃណីមួយនេះ ក៏ដូចជាផលិតផលពីទ្រាំងដទៃទៀត ដើម្បីឲ្យពលរដ្ឋប្រកបរបរនេះ មានលទ្ធភាពផលិតបន្តទៀត និងក៏រួមចំណែក ដើម្បីរក្សាមុខរបរប្រពៃណី ដែលដូនតាខ្មែរបានបន្សល់ទុកផងដែរ៕



ពលរដ្ឋដែលប្រកបរបរត្បាញកន្ទេលទ្រាំង


កន្ត្រកធ្វើពីដើមទ្រាំង


កន្ទេលស្លឹកទ្រាំង (រូបភាពពីលោក សេង សុធា)
 

ព័ត៌មានទាក់ទង