Thmey Thmey 25
រង្វង់មូលខេត្តកំពង់ឆ្នាំងថ្មី នឹងក្លាយជានិមិត្តរូបកសិផល និងមច្ឆជាតិរបស់ខេត្ត
24/08/2020 10:59 am កំពង់ឆ្នាំង រង្វង់មូលខេត្តកំពង់ឆ្នាំងថ្មី ដែលត្រូវបានដាក់ឈ្មោះថា «អនុស្សាវរីយ៍បុណ្យទន្លេលើកទី៥» នឹងក្លាយជានិមិត្តរូបនៃភោគផលកសិកម្ម និងមច្ឆជាតិរបស់ខេត្តជាប់បឹងទន្លេសាបមួយនេះ។ លោក ម៉ុន វុត្ថា ប្រធាននាយកទីចាត់ការហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទ។ 

តាម លោក ម៉ុន វុត្ថា រង្វង់មូលថ្មីនេះ មានរូបសំណាក ទូកង ត្រី ភោគផលកសិកម្ម និងឆ្នាំង ហើយការសាងសង់រង្វង់មូលដែលទើបសម្រេចបានប្រមាណ៨០ភាគរយនេះ គឺរំលឹកពីសកម្មភាពបុណ្យទន្លេលើកទី៥ កាលពីឆ្នាំ២០១៩ ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាបង្ហាញសកម្មភាពដឹកជញ្ជូនកសិផលកសិកម្មពីដែនទឹក មកកាន់ដីគោក។

ដ្បិតមិនទាន់អាចបញ្ជាក់ពេលវេលាបញ្ចប់ការសាងសង់ លោក ម៉ុន វុត្ថា បានដាក់ក្តីសង្ឃឹមថា រង្វង់មូលថ្មីនេះ នឹងជួយកែប្រែសម្រស់ខេត្តកំពង់ឆ្នាំ ក៏ដូចជាអាចទាក់ទាញអ្នកទេសចរទៀតផង។

សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានភាពល្បីល្បាញខាងផលិតក្អម ឆ្នាំង ដែលធ្វើពីដីមានគុណភាពល្អ និងជាខេត្តពឹងផ្អែកទាំងស្រុងទៅលើការនេសាទ ការបង្កបង្កើនផលស្រូវ និងការដាំដុះបន្លែផ្លែឈើ។ ក្នុងនោះប្រជាជន ៨៥ភាគរយ ជាកសិករ, ៧ភាគរយ ជាពាណិជ្ជករ, ៦ភាគរយ ជាអ្នកនេសាទ, និង ១ភាគរយ ជាមន្ត្រីរាជការ៕ 
 
ដោយ៖ ខន ណារី © រក្សាសិទ្ធិដោយ thmeythmey25.com